សៀមរាប​ជាប់​លេខ​១​នៅ​អាស៊ី​និង​លេខ​២​នៅ​លើ​ពិភពលោក​នៃ​គោលដៅ​ទេសចរណ៍

0:00 / 0:00

ប្រភព​ពី​មន្ត្រី​ក្រសួង​ទេសចរណ៍ ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១១​ថ្ងៃ​ត្រង់​ថ្ងៃ​អង្គារ ទី​២៤ ខែ​មីនា ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ឈ្មោះ ធ្រីប អែដវ៉ាយស្ហឺ (Trip Advisor) បាន​ប្រកាស​លទ្ធផល​ដែល​បាន​ពី​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ (Online) ថា ទីក្រុង​សៀមរាប​អង្គរ​របស់​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នៅ​ក្នុង​តំបន់​អាស៊ី និង​លេខ​២ នៅ​ក្នុង​ពិភពលោក។ ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ​នេះ ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា លោក ថោង ខុន បាន​ថ្លែង​ថា មន្ត្រី​នៃ​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ឈ្មោះ ធ្រីប អែដវ៉ាយស្ហឺ នឹង​មក​កាន់​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ​ក្នុង​គោល​បំណង​ប្រកាស​ពាន​រង្វាន់ និង​ជូន​ជ័យលាភី​ដល់​ទីក្រុង​សៀមរាប ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នៃ​គោលដៅ​ទេសចរណ៍​នៅ​ក្នុង​តំបន់​អាស៊ី និង​ចំណាត់​ថ្នាក់​លេខ​២ នៅ​ទូទាំង​ពិភពលោក។

លោក ថោង ខុន បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​ទេសចរណ៍​ជាមួយ​ផ្នែក​ឯកជន​នៅ​ក្នុង​សាលា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​មីនា ថា ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​គោលដៅ​ទេសចរណ៍ ធ្រីប អែដវ៉ាយស្ហឺ បាន​ជ្រើសរើស​ទីក្រុង​ទេសចរណ៍​ល្បីៗ​ចំនួន​២៥ នៅ​លើ​ពិភពលោក ដាក់​ឲ្យ​អ្នក​ទេសចរ​រាប់​រយ​លាន​នាក់​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ដាក់​ចំណាត់​ថ្នាក់​សម្រាប់​ឆ្នាំ​២០១៥។ លទ្ធផល​ដែល​បាន​ពី​ការ​បោះ​ឆ្នោត គឺ​ទីក្រុង​សៀមរាប​អង្គរ បាន​ជាប់​លេខ​១ នៅ​ក្នុង​តំបន់​អាស៊ី និង​លេខ​២ នៅ​ទូទាំង​ពិភពលោក៖ «យើង​បាន​ទទួល​ដំណឹង​ល្អ​ពិសេស​បំផុត​១ ហើយ​អាទិត្យ​ក្រោយ​នេះ ធ្រីប អែដវ៉ាយស្ហឺ នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា មក​សៀមរាប​អង្គរ ដើម្បី​រៀបចំ​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​ជ័យលាភី​ឲ្យ​សៀមរាប​អង្គរ»

លោក ថោង ខុន បញ្ជាក់​ថា នៅ​ពេល​ដែល​ទីក្រុង​សៀមរាប​អង្គរ បាន​ជាប់​លេខ​១ នៃ​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​នេះ គឺ​ទីក្រុង​អ៊ីស្តាន់ប៊ុល (Istanbul) នៃ​ប្រទេស​ទួរគី (Turkey) ជាប់​លេខ​២ និង​ទីក្រុង​ហាណូយ (Hanoi) របស់​វៀតណាម (Vietnam) ជាប់​លេខ​៣។ ចំណែក​ចំណាត់​ថ្នាក់​នៅ​ក្នុង​ពិភពលោក គឺ​ទីក្រុង​ម៉ារ៉ាកេច (Marrakech) នៃ​ប្រទេស​​ម៉ារ៉ុក (Morocco) ជាប់​លេខ​១ និង​ទីក្រុង​សៀមរាប​អង្គរ​របស់​ខ្មែរ​ជាប់​លេខ​២ ហើយ​ទីក្រុង​អ៊ីស្តាន់ប៊ុល ជាប់​លេខ​៣។

ទោះ​យ៉ាង​ណា អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង នៅ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​មោទនភាព​នេះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់​ប្រជុំ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា កន្លង​ទៅ រដ្ឋាភិបាល​បាន​ឲ្យ​ទីក្រុង​សៀមរាប ជាប់​ជា​ទីក្រុង​ស្អាត​ក្នុង​ចំណោម​ទីក្រុង​បួន​ទៀត​ដែល​មាន​រហស្សនាម​ថា រំដួល​បី​ទង ម្ដង​រួច​មក​ហើយ។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើរ​កម្សាន្ត​នា​បរិវេណ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៤។
ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើរ​កម្សាន្ត​នា​បរិវេណ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៤។ (RFA/Hang Savyouth)

ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ទីក្រុង​សៀមរាប វិញ យល់​ឃើញ​ថា ថ្វី​ត្បិត​តែ​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​គោលដៅ​ទេសចរណ៍ ធ្រីប អែដវ៉ាយសឺ បាន​ប្រកាស​ចំណាត់​ថ្នាក់​ឲ្យ​ទីក្រុង​សៀមរាប ជាប់​លេខ​១ ក៏ដោយ ក៏​ទីក្រុង​នេះ​នៅ​មិន​ទាន់​ស្អាត​ពេញលេញ​គ្រប់​លក្ខណៈ​នៅ​ឡើយ​ទេ។

អ្នក​ភូមិ​តាភុល ក្រុង​សៀមរាប លោក ឃិន វ៉ាន់ឌី មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ទីក្រុង​សៀមរាប បាន​ជាប់​ជា​ទីក្រុង​ស្អាត និង​ជាប់​លេខ​១ ផ្នែក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​ពេល​នេះ​ក៏ដោយ ក៏​ទីក្រុង​នេះ​នៅ​មាន​ចំណុច​មិន​ល្អ​នៅ​ឡើយ ដូចជា​ផ្លូវ​ថ្នល់​មាន​ដី​ហុយ​កណ្ដាល​ទីក្រុង លូ​បង្ហូរ​ទឹក​ចេញ​ពី​ក្រុង​កកស្ទះ សំរាម​នៅ​ចោល​ពាស​វាល​ពាល​កាល ព្រម​ទាំង​ពុំ​ទាន់​មាន​ទឹក​ស្អាត​គ្រប់គ្រាន់​ចែក​ចាយ​ក្នុង​ទីក្រុង ជាដើម៖ «ទន្ទឹម​នឹង​គេ​ដាក់​ពិន្ទុ​ឲ្យ​ហ្នឹង អាជ្ញាធរ​ក្រុង​ត្រូវ​ខំ​ប្រឹង​ធ្វើ​ផ្លូវ​ឲ្យ​ស្អាត ប្រមូល​សំរាម​ឲ្យ​ទាន់​ពេលវេលា​នៅ​ផ្សារ​សាមគ្គី នៅ​ផ្សារលើ គឺ​សំរាម​ស្អុយ​គគ្រុក​ពេញ​តែ​ក្រុង​ហ្នឹង​ឯង»

អាជ្ញាធរ​អប្សរា បាន​ប្រកាស​ថា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ គេ​បាន​ទទួល​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​ចំនួន​ជាង ២៣​ម៉ឺន​នាក់ ដោយ​មាន​ទទួល​ចំណូល​ជាង ៦៩​សែន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។