ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងជាតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោកស្រី កែ សុវណ្ណរតន៍ ស្នើអភិបាលខេត្តសៀមរាប ឲ្យអន្តរាគមន៍បញ្ឈប់សកម្មភាពដឹកសំរាម របស់ក្រុមហ៊ុនហ្កាអ៊ីយ៉ា (GAEA) ដែលចាក់ចោលក្បែរភូមិអន្លង់ពីរ និងភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
ក្នុងលិខិតនោះបញ្ជាក់ថាកន្លងទៅពលរដ្ឋជាង ៤៣០គ្រួសារ រស់នៅក្បែរតំបន់ចាក់សំរាមនោះ បាននាំគ្នាផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យជួយដោះស្រាយ ក៏ប៉ុន្តែមិនទាន់មានអាជ្ញាធរណាចេញមុខដោះស្រាយបញ្ហានេះនៅឡើយ និងបានស្នើដល់តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបជួយអន្តរាគមន៍។
គំនរសំរាមដែលលាតសន្ធឹងលើផ្ទៃដីជាច្រើនរយម៉ែត្រក្រឡា កំពុងភាយក្លិនស្អុយអាក្រក់ បង្កឲ្យមានការប៉ះពាល់សុខភាព បរិស្ថាន ជីវិតសត្វ និងការបង្កបង្កើនផលរបស់ពលរដ្ឋផងដែរ។ ពលរដ្ឋបញ្ជាក់ថា ពួកគេបានរស់នៅដោយទ្រាំហិតក្លិនស្អុយគំនរសំរាមនេះ អស់រយៈពេល ៧ឆ្នាំហើយ ចាប់តាំងពីក្រុមហ៊ុនបានជ្រើសរើសយកកន្លែងចាក់សំរាមនៅជិតភូមិនោះមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
