អភិបាល​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២

0:00 / 0:00

ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​ក្តៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ខិលខូច ឬ​ជន​អនាធិបតេយ្យ​ដែល​ឃុបឃិត​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បម្រុង​ទុក​ជា​គម្រប​ព្រៃ​ឈើ​បៃតង មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយ​ម៉ាចូវ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​អះអាង​ថា សព្វថ្ងៃ​នេះ​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ត្រូវ​ជន​ខិលខូច​កាប់​រាន​ធ្វើ​កម្មសិទ្ធិ​ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ ដោយ​គ្មាន​អាជ្ញាធរ​ចុះ​បង្ក្រាប ឬ​ហាមឃាត់​ទេ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ផ្តល់​សម្ភាស​ផ្ទាល់​ឲ្យ​អាស៊ីសេរី ដឹង​ពី​វិធានការ​ក្តៅ​តាម​ផ្លូវ​ច្បាប់​របស់​រដ្ឋបាល​ខេត្ត​នេះ ទៅ​លើ​ជន​អនាធិបតេយ្យ​ដែល​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ នៅ​តំបន់​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយ​ម៉ាចូវ មាន​ទីតាំង​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ឲ្យ​ស្រប​តាម​សេចក្តី​សម្រេច​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​ប្រមុខ​ដឹកនាំ​ដាក់​ឲ្យ​អនុវត្ត។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​រិះរក​វិធី​ដោះស្រាយ​វិវាទ​ដីធ្លី កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​រិះរក​វិធី​ដោះស្រាយ​វិវាទ​ដីធ្លី កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Den Ayuthyea (RFA/Den Ayuthyea)

លោក យន្ត មីន អះអាង​ថា រាល់​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​ពង្រាយ​កម្លាំង​កងទ័ព​រាប់​សិប​នាក់ ឲ្យ​ទៅ​ប្រចាំ​ការ​ទាំង​យប់​ថ្ងៃ​នៅ​តំបន់​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយ​ម៉ាចូវ ហើយ​បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត ឲ្យ​ចុះ​ស្រង់​ស្ថិតិ​ចំនួន​ពលរដ្ឋ ឬ​អ្នក​មាន​ឈ្មោះ​ចូល​ទៅ​សង់​ផ្ទះ ឬ​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​ក្នុង​បរិវេណ​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២។ ជំហាន​បន្ទាប់ គឺ​ស្នើសុំ​គោលការណ៍​អនុវត្ត​ច្បាប់៖ « តំបន់​ពយ​ម៉ាចូវ​នេះ គឺ​យើង​បាន​ដាក់​ពង្រាយ​កម្លាំង​ទាហាន និង​កម្លាំង​ចម្រុះ​ជិត ៤០​នាក់ ដើម្បី​រង់ចាំ​ការពារ​ជន​អនាធិបតេយ្យ​កុំ​ឲ្យ​ចូល​មក​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ នៅ​តំបន់​នេះ​រួច​ហើយ។ ចំពោះ​មុខ យើង​កំពុង​ប្រឈម​នឹង​បញ្ហា​ដោះស្រាយ​នៅ​តំបន់​នេះ។ ពេល​នេះ រដ្ឋបាល​ខេត្ត​កំពុង​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវ​ច្បាប់ ដើម្បី​រក​ដំណោះស្រាយ​នៅ​តំបន់​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ »

ទោះ​បី​ជា​បែប​នេះ​ក្តី អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ ពោល​ចំអក​ថា រដ្ឋបាល​ខេត្ត​នេះ​មិន​មាន​លទ្ធភាព ឬ​សមត្ថភាព​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​កាប់​រាន​ដី​ព្រៃ​ក្នុង​បរិវេណ​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ នៅ​តំបន់​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយ​ម៉ាចូវ​នោះ​ទេ ព្រោះ​ពួក​គេ​យល់​ថា អ្នក​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​នេះ មាន​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​ខ្លះ​មាន​តួនាទី​បុណ្យ​ស័ក្តិ ឬ​ឋានៈ​ធំ​ជាង​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ទៅ​ទៀត។

ករណី​នេះ អ្នក​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍន៍​សង្គម​នៅ​មូលដ្ឋាន​នេះ បង្ហាញ​ការ​ព្រួយ​ចំពោះ​សកម្មភាព​របស់​ខិលខូច​ដែល​ចូល​ទៅ​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ឬ​អ្នក​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​ដែល​នៅ​ពី​ក្រោយ​បទល្មើស​នេះ ដោយ​ជន​ខិលខូច​ទាំងនោះ​ថែម​ទាំង​បាន​ដឹក​ដើម​ឈើ​ហូប​ផ្លែ​មាន​ដើម​ធំៗ​ពី​តំបន់​ផ្សេង​មក​ដាំ​នៅ​លើ​ដី ដែល​ពួក​គេ​បាន​កាប់​ទន្ទ្រាន​ដោយ​ហ៊ុមព័ទ្ធ​របង​កំណត់​ព្រំ​ដី និង​សង់​ផ្ទះ​នៅ​លើ​ដី​កាប់​រាន​នោះ​ថែម​ទៀត ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ហាមឃាត់​ទេ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ អះអាង​ថា សព្វថ្ងៃ​នេះ​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​ពី​មុន​មាន​ដុះ​ដើម​ឈើ​ធំៗ​ដូច​ម្រាម​ដៃ មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយ​ម៉ាចូវ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​ជន​អនាធិបតេយ្យ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​រាប​ដល់​ដី ឬ​ស្ទើរ​គ្មាន​សេសសល់​ដើម​ឈើ​ដុះ​នៅ​លើ​ដី​គម្រប​ព្រៃ​ឈើ​នេះ​មួយ​ដើម ឬ​មួយ​ចំអាម​ណា​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ដក​ហូត​គម្រប​ព្រៃ​ឈើ​បៃតង​ដែល​ត្រូវ​ជន​ខិលខូច​រំលោភ​កាន់​កាប់ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​ដាំ​កូន​ឈើ​ឡើង​វិញ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត៖ « យើង​សង្គម​ស៊ីវិល គឺ​យើង​គាំទ្រ​ទៅ​លើ​កិច្ច​ប្រជុំ​ឈាន​ដល់​ដាក់​វិធានការ​ការពារ​ធនធាន​ធម្មជាតិ មាន​ព្រៃ​ឈើ​ជាដើម​នៅ​ទូទាំង​ប្រទេស កុំ​ឲ្យ​រង​ការ​កាប់​បំផ្លាញ​ត​ទៅ​ទៀត។ ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ នៅ​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយ​ម៉ាចូវ​នេះ គឺ​យើង​ពិនិត្យ​ឃើញ​ថា ត្រូវ​គេ​កាប់​ដើម​ឈើ​រាន​ដី​ធ្វើ​កម្មសិទ្ធិ​អស់​យ៉ាង​អនាធិបតេយ្យ​ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ។ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ជួយ​ដក​ហូត​ដល់​ដែល​ត្រូវ​ទន្ទ្រាន​កាន់​កាប់​ខុស​ច្បាប់​នេះ យក​មក​ដាំ​កូន​ឈើ​ឡើង​វិញ ព្រោះ​សព្វថ្ងៃ​នេះ​នៅ​ខេត្ត​ព្រះសីហនុ នៅ​មាន​សេសសល់​ព្រៃ​ឈើ​តិចតួច​បំផុត »

ត្រង់​ចំណុច​នេះ អ្នក​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍន៍​សង្គម រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​គ្មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ឲ្យ​ថែ​រក្សា​ទុក​ជា​គម្រប​ព្រៃ​ឈើ​បៃតង​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា រាល់​ថ្ងៃ​នេះ​ដី​ស្ថិត​ក្នុង​បរិវេណ​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ នៅ​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយ​ម៉ាចូវ ត្រូវ​ជន​ខិលខូច​ឃុបឃិត​ជាមួយ​មន្ត្រី​កំពុង​មាន​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ មាន​ឈ្មោះ​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ​នៅ​តំបន់​រដ្ឋ​បម្រុង​ទុក​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​បាន​ហ៊ុមព័ទ្ធ​របង និង​សង់​ផ្ទះ​នៅ​លើ​ទីតាំង​នោះ ហើយ​ក៏​មាន​មន្ត្រី​ខ្លះ​មាន​ទាំង​ប្លង់​កម្មសិទ្ធិ​ថែម​ទៀត។

ករណី​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាប់​អះអាង​ថា អ្នក​មាន​ឈ្មោះ​កាន់​កាប់​ដី​នៅ​តំបន់​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយ​ម៉ាចូវ ក៏​មាន​សាច់ញាតិ ឬ​មន្ត្រី​មាន​តួនាទី​នៅ​ថ្នាក់​ជាតិ​មួយ​ចំនួន បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ទទួល​ស្គាល់​ដោយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ មុន​ពេល​រូប​លោក​បាន​មក​ដឹកនាំ​ខេត្ត​នេះ។

បញ្ហា​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដក​ហូត​គម្រប​ព្រៃ​ឈើ​ដែល​ជន​ខិលខូច​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​មក​នេះ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​ដាំ​កូន​ឈើ​អភិរក្ស​តំបន់​នេះ​ឡើង​វិញ។

បទល្មើស​នេះ លោក ប៊ួន ណារិទ្ធិ កត់​សម្គាល់​ថា គ្មាន​សកម្មភាព​ចុះ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​កន្លង​ទៅ ហើយ​ភាព​អសកម្ម​នេះ​ទំនង​ជា​អាច​ដោយសារ​តែ​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​ជំនាញ​ខ្លះ​ទាំង​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ និង​ស្ថាប័ន​ស៊ីវិល​ខ្លះ មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ជាង​នេះ​ទៀត ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន បាន​នៅ​ឈរ​ពី​ក្រោយ​បទល្មើស​នេះ ដោយ​បាន​ជួល​ពលរដ្ឋ​ឲ្យ​ចូល​ទៅ​កាប់​រាន​ព្រៃ​ដើម្បី​លក់​ឲ្យ​ពួក​គេ​ក្នុង​តម្លៃ​ទាប ទើប​គ្មាន​ការ​បង្ក្រាប​រហូត​មក​ដល់​ពេល​នេះ។

មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ សង្កេត​ឃើញ​ថា ចំពោះ​ការ​ប្រកាស​ដាក់​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​តាម​ខេត្ត​នីមួយៗ​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​កុំ​ឲ្យ​រង​ការ​បំផ្លិចបំផ្លាញ​បន្ត​ទៀត កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​សីហា ប៉ុន្តែ​អាជ្ញាធរ ឬ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព ឬ​គ្មាន​អាជ្ញាធរ​អនុវត្ត​តាម​នោះ​ទេ។

ត្រង់​ចំណុច​នេះ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​ទទូច​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ពិនិត្យ​តាមដាន​ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​បទបញ្ជា​ការពារ​ធនធាន​ធម្មជាតិ ដែល​ប្រមុខ​ដឹកនាំ​បាន​ដាក់​ចេញ។

ទោះ​ជា​យ៉ាង​ណា ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ដែល​នៅ​ជិត និង​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ នេះ មាន​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​មាន​សកម្មភាព​ម៉ឺងម៉ាត់​ណា​មួយ​បង្ក្រាប​លុប​បំបាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ខុស​ច្បាប់​គ្មាន​ទី​បញ្ចប់​នេះ មិន​មែន​កំពុង​តែ​កើត​មាន​នៅ​តែ​ក្បែរ​ច្រមុះ​ទី​រួម​ខេត្ត​ព្រះសីហនុ នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​កំពុង​តែ​កើត​មាន​ឡើង​ពាសពេញ​ផ្ទៃ​ប្រទេស​ទាំង​មូល ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។