ប្រជាពលរដ្ឋ និងអ្នកទេសចរមួយចំនួន រអ៊ូរទាំថា ក្លិនទឹកស្អុយដែលបង្ហូរចេញពីប្រព័ន្ធលូក្នុងក្រុងកំពត ចូលទៅក្នុងព្រែកហូរកាត់ខេត្តនេះ បានជះក្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរ និងកុមារ រួមទាំងអ្នកដើរកម្សាន្តនៅមាត់ព្រែកនេះយ៉ាងខ្លាំង។
ពួកគាត់បានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើយ៉ាងណា បំបាត់ក្លិនស្អុយនេះឲ្យបាន ដើម្បីរក្សាសោភណភាពទីក្រុងទេសចរណ៍នៃខេត្តជាប់សមុទ្រមួយនេះ។
ឆ្នេរព្រែកកំពត ជាឆ្នេរព្រែកធម្មជាតិមួយដែលមានទឹកសាបអូរធ្លាក់ពីជ្រោះភ្នំកំចាយ លាយឡំទឹកប្រៃជោរមកពីសមុទ្រ លំអទៅដោយទេសភាពជួរភ្នំខៀវស្រងាត់ និងខ្យល់បរិសុទ្ធ។
រាល់ពេលល្ងាច អ្នកទេសចរជាតិ និងអន្តរជាតិ នាំគ្នាមកលំហែកាយស្រូបយកខ្យល់បរិសុទ្ធនៅទីនេះ។ ចំណែកឪពុកម្ដាយខ្លះ តែងនាំកូនមកលេងសួនកុមារនៅមាត់ព្រែកនេះរាល់ពេលល្ងាច ក្រោយពីសម្រាកការងារនៅពេលថ្ងៃ។
«សំឡេងក្មេងលេងអឺងកងនៅសួនកុមារ»
កុមារាកុមារីនាំគ្នាជិះទោងលេង ខ្លះប្រលែងគ្នាក្រោមពន្លឺភ្លើងយ៉ាងសប្បាយ។ ក៏ប៉ុន្តែ ទីតាំងសួនកុមារនេះ សង់ឡើងក្បែរមាត់លូទឹកស្អុយតែម្ដង ធ្វើឲ្យជះក្លិនស្អុយមកលើសួន។
ឪពុកម្ដាយកុមារាកុមារីដែលកំពុងអង្គុយចាំកូនលេងនៅសួនកុមារ រអ៊ូថា ពួកគាត់ពិបាកទ្រាំនឹងក្លិនស្អុយណាស់នៅពេលនាំកូនមកលេងសួនកុមារម្ដងៗ៖ «ខ្ញុំអត់ចង់មកដែរ តែកូនចង់ពេក ព្រោះអីមកអ៊ីចឹងអង្គុយហិតតែក្លិនស្អុយ»។
ចំណែកយុវជនដែលជាសិស្សសាលាពេទ្យមួយក្រុម កំពុងអង្គុយលេងហ្វេសប៊ុក (Facebook) ជុំគ្នានៅមាត់ច្រាំងព្រែក ក៏អះអាងប្រហាក់ប្រហែលគ្នាដែរ៖ «ស្អុយដោយពេល ពេលខ្លះអត់ស្អុយ។ ពេលថ្ងៃអត់សូវស្អុយ ពេលយប់ត្រជាក់ៗបានស្អុយ។ តែតាមខ្ញុំគិតទៅ ប្រហែលជាទឹកប្រៃហូរចូល និយាយរួមធុំហ្នឹងធុំទឹកប្រៃផងទេ ចំហាយក្ដីអីហ្នឹង»។
បច្ចុប្បន្នគេសង្កេតឃើញមានហាងជាច្រើន ទាំងហាងបរទេស និងហាងខ្មែរ សង់តាមសងខាងមាត់ព្រែក។ ហាងនីមួយៗសង់បង្គន់បង្ហូរកាកសំណល់ចូលមាត់ព្រែកទាំងអស់។
ប្រជាពលរដ្ឋ និងមន្ត្រីខ្លះ ឲ្យដឹងថា ប្រព័ន្ធបង្ហូរលូទឹកស្អុយចូលមាត់ព្រែកនេះមានតាំងពីជំនាន់អាណានិគមនិយមបារាំង មក តែកាលនោះមិនមានក្លិនស្អុយដូចសព្វថ្ងៃទេ ដោយសារចំនួនមនុស្សរស់នៅក្នុងក្រុងតិចជាងសព្វថ្ងៃ និងទឹកជ្រោះហូរធ្លាក់ពីភ្នំលើកំចាយ អាចហូរនាំកាកសំណល់ក្នុងព្រែកចាក់ទៅសមុទ្រ។
ក៏ប៉ុន្តែ សព្វថ្ងៃនេះមនុស្សរស់នៅក្នុងក្រុងកាន់តែច្រើន ចំណែកចរន្តទឹកសាបហូរពីភ្នំកំចាយ ដែលធ្លាប់មានចរន្តហូរខ្លាំង បែរជាខ្សោយ ដោយសារក្រុមហ៊ុនវារីអគ្គិសនីចិន នៅខ្សែទឹកខាងលើទប់ទឹកមិនឲ្យហូរធ្លាក់មកក្រោមដូចធម្មតា រួមផ្សំទឹកសមុទ្រជោរចូលព្រែកទៀតផង ទើបធ្វើឲ្យកាកសំណល់ដែលចេញពីលូទឹកស្អុយមិនហូរទៅណាឆ្ងាយ ដែលបណ្ដាលឲ្យមានក្លិនស្អុយខ្លាំងជាងមុន។
សំឡេងបុរសដែលនាំកូនមកលេងនៅសួនកុមារ៖ «ខ្ញុំឧស្សាហ៍នាំកូនមកលេងដែរ ក្លិនស្អុយប៉ះពាល់ដល់ក្មេងដែរ ប៉ះពាល់ដល់សុខភាព។ កាលមុនឧស្សាហ៍មកលេងដែរ ដល់ពេលទឹកឡើងក្លិនស្អុយទៅ យូរៗមកលេងម្ដង ក្លិនស្អុយយូររាប់ឆ្នាំមកហើយ គឺថាចង់ឲ្យគាត់ (រដ្ឋាភិបាល) ខ្ញុំថា ធ្វើម៉េចឲ្យឆ្នេរកំពត យើងហ្នឹងបានស្អាត ដើម្បីឲ្យទេសចរមកលេងបានច្រើន ហើយខ្ញុំនឹងនាំក្មេងៗកូនខ្ញុំក្មួយៗមកលេងហ្នឹងដែរ»។
ទាក់ទងទៅនឹងក្លិនស្អុយនៃកាកសំណល់នេះ អាជ្ញាធរខេត្តកំពត កំពុងរៀបចំចាត់វិធានការលុបបំបាត់ហើយ ដោយសង់កន្លែងចម្រោះទឹកស្អុយនៅតាមមាត់លូមួយចំនួននៅតាមមាត់ព្រែក មុននឹងបង្ហូរចូលព្រែក។
នាយកការិយាល័យរដ្ឋបាលខេត្តកំពត លោក ស៊ីម វុទ្ធា ឲ្យដឹងថា អាជ្ញាធរខេត្តនឹងសង់កន្លែងចម្រោះទឹកស្អុយបីកន្លែង ដែលគម្រោងនេះនឹងចំណាយប្រាក់ប្រហែល ៣០ម៉ឺនដុល្លារ៖ «យើងមានគម្រោងហើយ ក្នុងនោះក្រសួងបរិស្ថាន បានឲ្យមកមន្ទីរបរិស្ថានខេត្តកំពត ហ្នឹងតាមខ្ញុំដឹង ៣០ម៉ឺនដុល្លារ។ ហើយយើងបានសិក្សាហើយគម្រោងនៅកន្លែងសួនកុមារហ្នឹង ជិតភោជនដ្ឋានតាឪ និងកន្លែងសួនកុមារហ្នឹង គឺថាយើងនឹងចាប់ផ្ដើមធ្វើប្រហែល ២០១៥ ហ្នឹងហើយ គម្រោងលុយខេត្ត»។
ក្រៅពីនេះ លោកថា អាជ្ញាធរខេត្តក៏មានគម្រោងសង់ស្ថានីយចម្រោះទឹកស្អុយមួយកន្លែងទៀតដែរនៅលើផ្ទៃដីប្រហែល ៣ហិកតារ ឋិតនៅក្នុងសង្កាត់ជុំគ្រៀល ក្បែរក្រុងកំពត ដើម្បីចម្រោះសម្អាតទឹកស្អុយមុននឹងបង្ហូរទៅសមុទ្រ ក៏ប៉ុន្តែលោកថា គម្រោងថ្មីនេះមិនដឹងថានឹងអាចដំណើរការបាននៅពេលណាទេ ព្រោះអាជ្ញាធរខេត្តកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ជាមួយអង្គការចៃកា (JICA) របស់ជប៉ុន រួមទាំងក្រុមហ៊ុនចិន និងកូរ៉េ ដើម្បីសិក្សាគម្រោងមេជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
