ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​និង​សាលា​រៀន​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​អស់​ជិត​៦០​ខ្នង

ដោយ ម៉ែន សុធីរ
2016.06.19
ខ្យល់​ព្យុះ ស្រុក​ពួក ៨៥៥ ២០១៦ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​ត្រូវ​ខ្យល់​ព្យុះ​បក់​បំផ្លាញ ឋិត​នៅ​ភូមិ​គំរូ ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ពលរដ្ឋ​រស់នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ពួក​គេ បន្ទាប់​ពី​ខ្យល់​កន្ទ្រាក់​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជិត ៦០​ខ្នង។ ពួក​គេ​អះអាង​ថា គ្រោះ​មហន្តរាយ​ខ្យល់​កន្ទ្រាក់ និង​ផ្គរ​រន្ទះ​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ពិសេស​បំផ្លាញ​ទីលំនៅ​របស់​ពួក​គាត់។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ស្រង់​ស្ថិតិ​ផល​ប៉ះពាល់​រួច​ហើយ និង​ត្រៀម​ផ្ដល់​ជំនួយ​មនុស្សធម៌​មួយ​ចំនួន​ជូន​គ្រួសារ​រងគ្រោះ។

ពលរដ្ឋ​ចំនួន​ពីរ​ឃុំ គឺ​ឃុំ​ឃ្សឹម និង​ឃុំ​២ធ្នូ ស្រុក​ស្នួល ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ក្រចេះ ជាង ៨០​គីឡូម៉ែត្រ ត្រូវ​ខ្យល់​កន្ទ្រាក់​បំផ្លាញ​ផ្ទះ ៥៧​ខ្នង ក្នុង​នោះ ១២​ខ្នង​ត្រូវ​ដួល​រលំ​ទាំង​ស្រុង។

បន្ទាប់​ពី​ជួប​គ្រោះ​មហន្តរាយ​នោះ ពលរដ្ឋ​មួយ​ចំនួន​បាន​សង់​ខ្ទម​ស្នាក់នៅ​បណ្ដោះអាសន្ន ហើយ​ពលរដ្ឋ​ខ្លះ​ពុំ​មាន​ប្រាក់​សម្រាប់​សង់​ផ្ទះ​ឡើង​វិញ​ឡើយ។

អធិការ​ស្រុក​ស្នួល លោក ចាន់ សុខគីង អះអាង​ថា កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៨ មិថុនា មាន​ខ្យល់​កន្ទ្រាក់​លាយឡំ​ភ្លៀង និង​ព្រិល​ផង បាន​បោក​បក់​ខ្លាំង​លើ​ឃុំ​ទាំង​ពីរ​នេះ។ ខ្យល់​នេះ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ ៥៧​ខ្នង និង ១២​ខ្នង​ដួល​រលំ​ដល់​ដី។ ក្រៅ​ពី​នេះ បំផ្លាញ​សាលា​រៀន​មួយ​ខ្នង កុដិ​មួយ​ខ្នង និង​ជន្លង់​ម្រេច​ជិត ២​ពាន់​ជន្លង់ (.៩៥០​ជន្លង់)«៥៧​ខ្នង ប៉ះពាល់​ទាំង​ស្រុង ១២​ខ្នង ក្រៅ​ពី​នោះ​របើក​ដំបូល​ជញ្ជាំង​ផ្សេងៗ​ហ្នឹង។ កាកបាទ​ក្រហម​តែង​តែ​ចុះ​ឧបត្ថម្ភ​អំណោយ​ផ្សេងៗ»

ពលរដ្ឋ​ជួប​គ្រោះ​មហន្តរាយ​ខ្យល់​កន្ទ្រាក់​រស់នៅ​ឃុំ​ឃ្សឹម គឺ​លោក ម៉ម សារ៉ាត់ ឲ្យ​ដឹង​ថា ខ្យល់​កន្ទ្រាក់​បណ្ដាល​ឲ្យ​ផ្ទះ​របស់​លោក​បាន​ដួល​រលំ​ទាំង​ស្រុង។ លោក​ថា គ្រួសារ​លោក​បាន​សង់​ខ្ទម​ស្នាក់នៅ​បណ្ដោះអាសន្ន ទម្រាំ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​សង់​ផ្ទះ​ឡើង​វិញ។ លោក​ថា គ្រោះ​ធម្មជាតិ​នេះ​បាន​រុញ​ច្រាន​ឲ្យ​ជីវភាព​ពួក​គេ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង៖ «ខ្យល់​កន្ទ្រាក់​នេះ បើ​និយាយ​ទៅ​មិន​ដឹង​ថា​ខ្យល់​នេះ មិន​ដឹង​ថា​ដាក់​ឈ្មោះ​ថា​ម៉េច វា​ចំឡែក! ខ្ញុំ​មិន​ដែល​ឃើញ​ទេ អាយុ​ខ្ញុំ ៥០ ដល់ ៦០ ហើយ។ ខ្យល់​ខ្លាំង​មែន​ទែន ធ្លាក់​ព្រិល​ភ្លៀង​ផ្គរ​ហ្នឹង។ ផ្ទះ​កូន​ខ្ញុំ​របើក​អស់​អា​លីង ៥០​ភាគរយ​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរុង ដើម្បី​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ មិថុនា។

មេ​ឃុំ​២ធ្នូ ស្រុក​ស្នួល លោក ពឹង ពិន បញ្ជាក់​ថា លោក​បាន​រាយការណ៍​ករណី​នេះ​ទៅ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ស្រុក និង​ខេត្ត​រួច​ហើយ។ លោក​រំពឹង​ថា បន្ទាប់​ពី​អាជ្ញាធរ​ស្រុក និង​ខេត្ត​ទទួល​ព័ត៌មាន​នេះ អាជ្ញាធរ​នឹង​ត្រៀម​ចែក​អំណោយ​របស់​កាកបាទ​ក្រហម បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្រង់​ស្ថិតិ​ផល​ប៉ះពាល់​រួច​រាល់៖ «អ្នក​ដែល​របើក​បួន ទៅ ១០​សន្លឹក យើង​ជួយ​ផ្សេង ដួល​រាប​ដល់​ដី​យើង​ជួយ​ផ្សេង»

កាល​ពី​ចុង​ខែ​មេសា នៅ​ខេត្ត​ក្រចេះ ពលរដ្ឋ​រស់នៅ​ស្រុក​ស្នួល និង​ស្រុក​សំបូរ ពីរ​នាក់ បាន​ស្លាប់​ដោយ​រន្ទះ​បាញ់។ រីឯ​ពលរដ្ឋ ៥​នាក់​ផ្សេង​ទៀត​នៅ​ស្រុក​ស្នួល បាន​សន្លប់​ដោយសារ​រន្ទះ​បាញ់​ដែរ។

អ្នក​ជំនាញ​ផ្នែក​អាកាសធាតុ​ពន្យល់​ថា ការ​ប្រែប្រួល​អាកាសធាតុ​អាច​បណ្ដាល​មក​ពី​ដំណើរ​ផ្ទៃ​ក្នុង​របស់​ធម្មជាតិ ឬ​កម្លាំង​ជំរុញ​ពី​ខាង​ក្រៅ ឬ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​រយៈពេល​វែង​នៃ​សមាសភាព​បរិយាកាស ឬ​ការ​ប្រើប្រាស់​ដី​ដោយសារ​តែ​សកម្មភាព​មនុស្ស។ កត្តា​ធម្មជាតិ ដូចជា​ការ​ប្រែប្រួល​ថាមពល​ព្រះអាទិត្យ ការ​ប្រែប្រួល​យឺតៗ​នៃ​គន្លង​ផែនដី​ជុំវិញ​ព្រះអាទិត្យ ការ​ប្រែប្រួល​ចរន្ត​ទឹក​សមុទ្រ និង​ការ​ប្រែប្រួល​ចរន្ត​ខ្យល់ ជាដើម។ បន្ថែម​ពី​លើ​នេះ សកម្មភាព​មនុស្ស​ជា​ឧបសគ្គ​ចម្បង​ធ្វើ​ឲ្យ​ប្រែប្រួល​ស្រទាប់​បរិយាកាស ដូចជា​ការ​ដុត​ឥន្ធនៈ ផូស៊ីល ការ​កាប់​ព្រៃ​ឈើ ការ​ដុត​ព្រៃ​រាន​ដី​ធ្វើ​កសិកម្ម និង​ការ​សាងសង់​ពង្រីក​ក្រុង​ជា​ទីលាន​ចាក់​សំរាម ឬ​កាក​សំណល់ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។