អាជ្ញាធរខេត្តស្ទឹងត្រែង បានរៀបចំបង្កើតគណៈកម្មការដោះស្រាយផលប៉ះពាល់ស្តីពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរថ្មីមួយ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវទាក់ទិនអតីតមន្ត្រីគណៈកម្មការនេះ កាត់យកប្រាក់ពីប្រជាពលរដ្ឋ ១២គ្រួសារ ដែលជាអ្នកទទួលបានសំណងពីក្រុមហ៊ុនចិនលើកដំបូង។
ប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ផ្សេងទៀត អំពាវនាវឲ្យគណៈកម្មការថ្មីនេះរៀបចំវេទិកាសាធារណៈមួយផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបង្ហាញពីកង្វល់ទាក់ទិនសំណងផលប៉ះពាល់នេះ។
ប្រជាពលរដ្ឋជិត ៥០០គ្រួសារ រស់នៅភូមិចំនួនពីរក្នុងឃុំស្រែគរ ស្រុកសេសាន គ្រោងជួបប្រជុំគ្នាជាថ្មី ដើម្បីតវ៉ាពីតម្លៃសំណងផលប៉ះពាល់ប្រជាពលរដ្ឋ។ ការជួបប្រជុំគ្នានេះ គ្រោងធ្វើឡើងនៅថ្ងៃទី៨ ខែមេសា នៅភូមិស្រែគរ១ និងនៅថ្ងៃទី៩ ខែមេសា នៅភូមិស្រែគរ២។
តំណាងសហគមន៍ឃុំស្រែគរ លោក ចាន់ ធន នៅថ្ងៃអាទិត្យ ទី៦ ខែមេសា ឲ្យដឹងថា យន្តការផ្តល់សំណងដែលក្រុមហ៊ុននិងគណៈកម្មការដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្តបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកាលពីដើមឆ្នាំ២០១៤ នៅមានចំណុចខ្លះប្រជាពលរដ្ឋមិនឯកភាព និងនៅខ្វះចំណុចប៉ះពាល់មួយចំនួនទៀតមិនមានចែងក្នុងការផ្ដល់សំណងរបស់ក្រុមហ៊ុន។
លោកបន្តថា ប្រជាពលរដ្ឋចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមការងារទាក់ទិនសំណងផលប៉ះពាល់នេះ៖ «ប្រជាពលរដ្ឋកន្លងមកគេមិនបានទទួលព័ត៌មានអ្វីពីគម្រោងហ្នឹង។ តម្លៃសំណងទាំងអស់សុទ្ធសឹងតែក្រុមហ៊ុនជាមួយមូលដ្ឋានពាក់ព័ន្ធគេកំណត់ដោយខ្លួនឯង ប្រជាពលរដ្ឋអត់ដឹង មិនបានចូលរួមពិគ្រោះយោបល់ទាំងអស់»។
កាលពីដើមខែកុម្ភៈ ប្រជាពលរដ្ឋទាំងពីរភូមិបានជួបប្រជុំគ្នាប្រមូលស្នាមមេដៃទាមទារសំណងដែលអ្នកភូមិតវ៉ា។ ការទាមទារនោះ រួមមាន ការឲ្យតម្លៃថោកចំពោះដើមឈើហូបផ្លែដែលត្រូវប៉ះពាល់ ទំហំដីសង់លំនៅឋានតូច តំបន់តាំងទីលំនៅថ្មីជាប្រភេទតំបន់ដីថ្ម តម្លៃដឹកជញ្ជូនសម្ភារៈប្ដូរទីតាំងមានចំនួនតិច គ្មានសំណងជង្រុកស្រូវ គ្មានសំណងសម្រាប់តំបន់គោរពបូជា មានផ្នូរកប់សពដូនតា និងសំណងសែនព្រេនប្រពៃណីពេលប្ដូរភូមិ និងសែនព្រេនចូលភូមិថ្មីជាដើម។
ដូចគ្នានេះដែរ មេឃុំស្រែគរ លោក សៀក មេគង្គ គាំទ្រសំណើរបស់ពលរដ្ឋ។ លោកបញ្ជាក់ថា នឹងចូលរួមប្រជុំជាមួយពលរដ្ឋ ដើម្បីស្តាប់ពីកង្វល់របស់ពលរដ្ឋ និងធ្វើរបាយការណ៍ជូនគណៈកម្មការដោះស្រាយផលប៉ះពាល់តាមសំណូមពរពលរដ្ឋ៖ «ដូចតែគ្នាហ្នឹង ពីព្រោះបញ្ហាប្រឈមមិនមែនប្រឈមតែប្រជាពលរដ្ឋឯណា អាជ្ញាធរខ្ញុំក៏ប្រឈមដូចតែគ្នា។ លំបាករបស់ប្រជាពលរដ្ឋក៏ដូចជាលំបាករបស់ខ្ញុំដដែល អ៊ីចឹងខ្ញុំគាំទ្រទាំងស្រុង»។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់ពលរដ្ឋសមាជិកគណៈកម្មការដោះស្រាយផលប៉ះពាល់នៃអាជ្ញាធរខេត្ត និងជានាយខុទ្ទកាល័យសាលាខេត្តស្ទឹងត្រែង លោក ដួង ពៅ ថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋមានសិទ្ធិនឹងធ្វើការតវ៉ាទៅនឹងអ្វីដែលពួកគាត់យល់ថា មានផលប៉ះពាល់ បើទោះបីគោលការណ៍ស្ដីពីសំណងបានកំណត់រួចហើយក្តី។
លោកបន្តថា ក្រុមការងារគណៈកម្មការដោះស្រាយផលប៉ះពាល់នៅរង់ចាំចុះដោះស្រាយបញ្ហាជាក់ស្តែងជាមួយពលរដ្ឋនៅពេលគណៈកម្មការថ្នាក់ជាតិ និងក្រុមហ៊ុនផ្ដល់ថវិកាសម្រាប់ដោះស្រាយផលប៉ះពាល់នេះ៖ «អាហ្នឹងសិទ្ធិរបស់គាត់ៗ ស្នើសុំហើយយើងនឹងពិចារណាទៅលើលទ្ធភាពក្នុងការដោះស្រាយ។ យើងនឹងធ្វើតាមអ្វីដែលគាត់សំណូមពរហើយ លើកលែងតែករណីសំណងខ្លះដែលមានគោលការណ៍ហើយ ដែលបានឯកភាពពីរដ្ឋាភិបាលហើយ យើងបានធ្វើការផ្សព្វផ្សាយតាំងពីឆ្នាំទៅ ប៉ុន្តែឥឡូវខ្ញុំអត់ទាន់បានធ្វើអ្វី ដោយសារយើងនៅរង់ចាំការសម្រេចរបស់ក្រសួងឧស្សាហកម្ម និងការផ្ដល់ថវិកាសម្រាប់ចុះអនុវត្តនៅតំបន់ហ្នឹង»។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង បានចាប់ផ្ដើមឈូសឆាយធ្វើផ្លូវ និងទីតាំងការដ្ឋានដើម្បីត្រៀមសាងសង់ទំនប់នៅពេលឆាប់ៗនេះហើយ ក៏ប៉ុន្តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីចុងខែមករា បានស្នើឱ្យប្រធានក្រុមហ៊ុនឆាយណា ហួណាន់ ហ្គ្រូប (China Huaneng Group) ដែលជាក្រុមហ៊ុនវិនិយោគ លើការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ កុំជម្លៀសប្រជាពលរដ្ឋចេញ មុនការផ្ដល់ដីសង់ផ្ទះ និងត្រូវដោះស្រាយគោលនយោបាយផលប៉ះពាល់ប្រជាពលរដ្ឋរួចរាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
