អភិបាល​ខេត្ត​ព្រះសីហនុ៖ ការ​បូម​ខ្សាច់​អភិវឌ្ឍន៍​កំពង់ផែ​មិន​ប៉ះពាល់​របរ​ចិញ្ចឹម​ត្រី​និង​នេសាទ

0:00 / 0:00

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ការ​បូម​ខ្សាច់​សមុទ្រ​របស់​ក្រុមហ៊ុន អ៊ឹម.អេស.ខេ.អាយ (MSKl) ដើម្បី​យក​ខ្សាច់​មក​អភិវឌ្ឍ​ពង្រីក​កំពង់ផែ​ស្វយ័ត​ខេត្ត​នេះ មិន​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ត្រី និង​ជីវចម្រុះ​នៅ​ក្នុង​បាតសមុទ្រ​ដូច​ពលរដ្ឋ​ព្រួយបារម្ភ​នោះ​ទេ។ ប៉ុន្តែ​ប្រជា​នេសាទ​ស្រុក​ស្ទឹងហាវ បាន​ឲ្យ​ដឹង​ថា សកម្មភាព​បូម​ខ្សាច់​អភិវឌ្ឍ​កំពង់ផែ ខេត្ត​ព្រះសីហនុ បាន​បំផ្លាញ​ព្រៃ​កោងកាង ដុះ​តាម​ព្រែក និង​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ត្រី​សមុទ្រ និង​ការ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគេ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ថា ផែនការ​អភិវឌ្ឍន៍​ពង្រីក​កំពង់ផែ​ស្វយ័ត​ខេត្ត​នេះ នឹង​មិន​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជា​នេសាទ ឬ​ប្រជាពលរដ្ឋ​ដែល​មាន​របរ​ចិញ្ចឹម​ត្រី​សមុទ្រ​នោះ​ទេ។

លោក យន្ត មីន សង្កត់​ធ្ងន់​ថា ការងារ​បូម​ខ្សាច់​នេះ មុន​នឹង​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​អនុញ្ញាត​ច្បាប់​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ចំណុច​ព្រែក៣ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ដើម្បី​យក​មក​អភិវឌ្ឍ​ពង្រីក​កំពង់ផែ​ខេត្ត​ព្រះសីហនុ ឲ្យ​ធំ​ទូលាយ គឺ​មាន​ការ​សិក្សា​ត្រឹមត្រូវ​ជាមុន៖ «គួរ​តែ​សាមគ្គី​គ្នា​ដើម្បី​អភិវឌ្ឍ​ខេត្ត​របស់​យើង​ទៅ។ បើ​ងាប់​ត្រី​ងាប់​អី​អា​ហ្នឹង​យើង​ធានា​សង​តើ! ប៉ុន្តែ​បង​ប្អូន​យើង​មិន​ដឹង​មាន​នរណា​ចេះ​តែ​ចាក់​រុក ឬ​ឆ្កឹះឆ្កៀល។ ខ្ញុំ​ក៏​មិន​ជំទាស់​អី​ដែរ យើង​ឲ្យ​មន្ត្រី​យើង​ទៅ ហើយ​រាយការណ៍​មក​វិញ។ ខ្ញុំ​គាំទ្រ ប្រសិន​បើ​ប៉ះពាល់​ធ្ងន់ធ្ងរ ក្រសួង​រ៉ែ និង​ថាមពល គេ​មិន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ទេ»

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន សន្យា​ថា បើ​ការ​បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣ ស្រុក​ស្ទឹងហាវ សម្រាប់​អភិវឌ្ឍ​ពង្រីក​កំពង់ផែ​ខេត្ត​ឲ្យ​បាន​ទូលំទូលាយ ពិត​ជា​រក​ឃើញ​ថា បាន​នាំ​ឲ្យ​ងាប់​ត្រី​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នេះ ដូច​ការ​ព្រួយ​បារម្ភ​មែន​នោះ សូម​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ចំនួន​ត្រី​ដែល​ងាប់​នោះ​ផ្ដល់​ព័ត៌មាន ឬ​រាយការណ៍​មក​កាន់​ស្ថាប័ន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ដល់​ចេញ​ថ្លៃ​ខូចខាត​តាម​តម្លៃ​ទីផ្សារ​លក់​ត្រី​ជាក់ស្ដែង។

ការ​ចេញ​មុខ​ធានា​អះអាង​របស់​អភិបាល​ខេត្ត​ព្រះសីហនុ ពេល​នេះ កើត​ឡើង​ក្រោយ​ពេល​ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​ចិញ្ចឹម​ត្រី​សមុទ្រ​ចំនួន ៣២​គ្រួសារ រស់​នៅ​ក្នុង​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ បាន​លើក​គ្នា​តវ៉ា​ដល់​ទីតាំង​មាន​សាឡង់​បូម​ខ្សាច់ នៅ​ចំណុច​ព្រែក​៣ កាល​ពី​សប្ដាហ៍​មុន និង​ត្រៀម​ប្រមូល​ផ្ដុំ​គ្នា​ដាក់​ញត្តិ​តវ៉ា​ដល់​មុខ​សាលាខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ខាង​មុខ។

ប្រជា​នេសាទ​បាន​ប្រតិកម្ម​ថា សាឡង់​បូម​ខ្សាច់​ក្រុមហ៊ុន អ៊ឹម.អេស.ខេ.អាយ (MSKl) ដែល​ធ្វើ​សកម្មភាព​នៅ​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របរ​ចិញ្ចឹម​ត្រី​សមុទ្រ​របស់​ពួកគាត់ ព្រោះ​ពេល​សាឡង់​បូម​ខ្សាច់​នៅ​តាម​ព្រែក​នោះ ទឹក​សមុទ្រ​បាន​ប្រែ​ជា​ល្អក់ និង​មាន​ល្បាប់​ភក់​ផុស​ចេញ​ពី​បាតសមុទ្រ ដែល​អាច​នាំ​ឲ្យ​ត្រី​ងាប់។

ប្រជាពលរដ្ឋ​សហគមន៍​ចិញ្ចឹម​ត្រី​ឆ្ពង់ ស្រុក​ស្ទឹងហាវ បាន​អំពាវ​ដល់​ថ្នាក់ដឹកនាំ​នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ដោះស្រាយ​កង្វល់​នៃ​សកម្មភាព​បូម​ខ្សាច់​សមុទ្រ នៅ​ចំណុច​ព្រែក​៣ ឲ្យ​បាន​ឆាប់ ឬ​សុំ​ឲ្យ​ប្ដូរ​ទៅ​បូម​នៅ​ទីតាំង​ផ្សេង​ជំនួស​វិញ៖ «ខ្ញុំ​សំណូមពរ​ដល់​អាជ្ញាធរ​ជួយ​កូនចៅ​ផង កូន​ចៅ​ក្រីក្រ​ណាស់ បាន​ទៅ​ចង​ការ​ប្រាក់​គេ​ដើម្បី​យក​មក​ចិញ្ចឹម​ត្រី ប៉ុន្តែ​ឥឡូវ​ក្រុមហ៊ុន​សាឡង់​បូម​ខ្សាច់ បាន​ជីក​កាយ​ធ្វើ​ឲ្យ​ល្អក់​ទឹក​ងាប់​ត្រី។ កូនចៅ​ក្រីក្រ​ណាស់ សូម​អាជ្ញាធរ​ជួយ​ដល់​កូន​ចៅ​ផង»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឲ្យ​ដឹង​ថា សកម្មភាព​បូម​ខ្សាច់​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​មុខ​របរ​ចិញ្ចឹម​ត្រី​នោះ​ទេ ប៉ុន្តែ​ក៏​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ចិញ្ចឹម​ឆ្នាំង​ប្រចាំ​ថ្ងៃ ដោយ​ប្រើ​ឧបករណ៍​ដាក់​លប​ក្ដាម និង​ដាក់​មង​ត្រី​ជាដើម ត្រូវ​ប្រឈម​បាត់បង់​មុខ​របរ​ដែរ៖ «សូម​អាជ្ញាធរ​កុំ​ឲ្យ​ក្រុមហ៊ុន​យក​សាឡង់​បូម​ខ្សាច់​មក​ជីក​កាយ​អី​នៅ​ព្រែក៣ នេះ ព្រោះ​បាន​ប៉ះពាល់​ដល់​របរ​នេសាទ មាន​ក្ដាម ងាវ និង​ការ​ចិញ្ចឹម​ត្រី​របស់​ប្រជាពលរដ្ឋ​នេះ ងាប់​អស់​ហើយ។ សូម​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ពលរដ្ឋ​ផង ព្រោះ​ពលរដ្ឋ​នៅ​តំបន់​ព្រែក៣ គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ទេ គឺ​រស់​នៅ​ពឹង​ផ្អែក​តែ​ទៅ​លើ​របរ​ចិញ្ចឹម​ត្រី និង​ធ្វើ​នេសាទ​សមុទ្រ រក​ងាវ រក​ខ្ចង ដើម្បី​យក​មក​ដោះដូរ​ចិញ្ចឹម​ជីវិត​តែប៉ុណ្ណោះ»

អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក លូ គឹមឈុន មាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​ពង្រីក​កំពង់ផែ​ថ្មី​បន្ថែម​នេះ គឺ​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ១៦​ហិកតារ ហើយ​​ចាប់​ផ្ដើម​ស្ថាបនា​នៅ​ចុង​ឆ្នាំ​២០១៨ នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០២២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។