សេចក្តីជូនដំណឹងចុះហត្ថលេខាដោយ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ចេញផ្សាយថ្ងៃទី៩ ខែមករា ឲ្យដឹងថា ចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ស្ថានភាពសីតុណ្ហភាពអប្បបរមានៅក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ម្តងទៀតរហូតដល់ ១២ ឬ ១៤អង្សាសេ។ លោក គានហោ បានបញ្ជាក់ក្នុងលិខិតថា តាមការព្យាករពីអាកាសធាតុនេះ គឺសីតុណ្ហភាពអប្បបរមានៅតាមរាជធានី-ខេត្តមួយចំនួនមានអាកាសធាតុខុសៗគ្នា រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តមណ្ឌលគិរី មានសីតុណ្ហភាពអប្បបរមាអាចធ្លាក់ដល់ ១២-១៤អង្សាសេ។ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ក្រចេះ និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអាចនឹងចុះដល់ ១៦-១៨អង្សាសេ។
រាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្ដាល សីតុណ្ហភាពអាចចុះដល់ ១៨-២០អង្សាសេ។ ចំណែកខេត្តជាប់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប វិញ សីតុណ្ហភាពអប្បបរមាអាចស្ថិតក្នុងចន្លោះពី ២២ ទៅ ២៥អង្សាសេ។
តាមស្ថានភាពអាកាសធាតុចុះត្រជាក់នេះ លោក លឹម គានហោ បានអំពាវនាវក្នុងលិខិតដល់អាជ្ញាធរមូលដ្ឋាន ឬមន្ត្រីតាមក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋនានា និងប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈទប់ទល់នឹងអាកាសធាតុចុះត្រជាក់ជាថ្មីពេលនេះ ជាពិសេសកងទ័ពដែលកំពុងប្រចាំការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
