បទល្មើសព្រៃឈើ និងនេសាទនៅប្រទេសកម្ពុជា ត្រូវបានអ្នកឃ្លាំមើលប្រដូចទៅនឹងជំងឺមហារីក ដែលព្យាបាលមិនជា។ សកម្មភាពកាប់បំផ្លាញព្រៃឈើទាំងតូចទាំងធំ តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការច្បាមយកដីព្រៃរបស់អ្នកមានលុយ ឬមានអំណាច គួបផ្សំនឹងការកាប់បំផ្លាញរបស់ពលរដ្ឋផង បានធ្វើឲ្យព្រៃឈើវិនាសស្ទើរគ្មានសល់។
ចំណែកនៅឯខេត្តពោធិ៍សាត់ សកម្មភាពកាប់ឧសស្ទែរ ឬឧសគូប និងប្រភេទឈើប្រណីតនៅតាមជួរភ្នំក្រវាញ នៅតែបន្តកើតមាន ដោយក្នុងមួយថ្ងៃៗដឹករាប់រយគោយន្ត។
ការធ្វើដំណើរតាមផ្លូវក្រាលក្រួសក្រហមចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីរួមស្រុកក្រគរ ឆ្ពោះទៅកាន់ឃុំមួយចំនួននៃស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលពលរដ្ឋអះអាងថា មានបទល្មើសព្រៃឈើស្ទើរគ្រប់ប្រភេទនៅតាមជួរភ្នំក្រវាញ នោះ គេឃើញមានគោយន្ត និងឡានច្នៃជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ បើកបរដឹកឈើបន្តកន្ទុយគ្នាឡើងរដឹក។ ចំណែកនៅអមសងខាងផ្លូវ សម្បូរទៅដោយគំនរឧសស្ទែរ ឬអុសគូប និងនៅផ្ទះមួយចំនួនទៀត គឺជាកន្លែងស្ដុកប្រភេទឈើសិប្បកម្ម ដើម្បីកែច្នៃជាគ្រឿងសង្ហារិមផ្សេងៗ។
បច្ចុប្បន្ន មានពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងមកពីស្រុកមួយចំនួនក្នុងខេត្តពោធិ៍សាត់ ផ្ទាល់ នាំគ្នាសម្រុកទៅកាប់ឈើស្ទើរគ្រប់ប្រភេទនៅចំណុចរាំងខ្វាវ ដំណាក់ត្រប់ និងដំណាក់មន្ត្រី ស្ថិតនៅក្នុងទឹកដីឃុំសន្ទ្រែ និងឃុំព្រងិល ស្រុកភ្នំក្រវាញ។ ពួកគេបានប្រើរទេះគោក្របី និងគោយន្ត សម្រាប់ដឹកជញ្ជូនដោយចំហចំពោះឧសស្ទែរ ឬអុសគូប ប៉ុន្តែសម្រាប់ឈើប្រណីត គឺដឹកជញ្ជូនរបៀបលាក់លៀមតែនៅពេលទៀបភ្លឺ ឬពេលល្ងាច។
ពលរដ្ឋរស់នៅឃុំឈើតុំ និងជាអ្នកឡើងទៅកាប់ឈើជាប្រចាំនៅលើជួរភ្នំក្រវាញ ម្នាក់ បានថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា សព្វថ្ងៃលោកប្រើរទេះក្របី ដើម្បីដឹកប្រភេទឈើប្រណីត និងឈើសិប្បកម្ម ដែលក្នុងមួយជើងលោកត្រូវចំណាយពេលពី ២០ថ្ងៃ ទៅមួយខែ។ ចំពោះប្រភេទឈើសិប្បកម្មដូចជាផ្ចឹក ឬឈើទាល លោកអាចលក់បានប្រហែល ៤០ម៉ឺនរៀលក្នុង១ជើង។ ចំណែកប្រភេទឈើប្រណីតដូចជាធ្នង់ ឬនាងនួន លោកអាចលក់បានចន្លោះពី ៨០ម៉ឺនរៀល ទៅជាង ១លានរៀលក្នុង១ជើង៖ «គ្រាន់បានអំបិលប្រហុកប៊ីចេង មិនមែនជា (អាជីវកម្មអីនោះទេ) ហើយចុះមួយជើងបើសិប្បកម្មបាន ៣០ ទៅ ៤០ម៉ឺន ហើយទៅ ២០ថ្ងៃ ទៅ ១ខែឯណោះហ្នឹង ហើយយកមកលក់បានថោកអាសិប្បកម្មហ្នឹងនោះ។ អាជើងមុនខ្ញុំទៅសិប្បកម្មអារផ្ចឹក ឈើក្រមអ៊ីចឹងណា ហើយអាវគ្គក្រោយនេះខ្ញុំទៅរកធ្នង់ កូនធ្នង់អ៊ីចឹងណា។ ហើយឃើញរទេះទៅច្រើនទេ? ទៅច្រើនគ្រាន់តែមួយក្រុមខ្ញុំអ៊ីចឹងមានបីរទេះ មួយក្រុមទៀតបីបួនរទេះអ៊ីចឹងទៅណា កាប់នៅខាងត្បូងរាំងខ្វាវ»។
លោកបញ្ជាក់ថា សកម្មភាពកាប់ឈើនៅតំបន់មួយចំនួនលើជួរភ្នំក្រវាញ គឺមានសភាពអ៊ូអរដូចនៅទីប្រជុំជនដែរ ដោយក្នុងនោះមានទាំងមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ទៅតាមយកលុយពីពលរដ្ឋដែលដឹកឈើ និងពេលខ្លះ មានការឃាត់រទេះដកហូតឈើ និងតម្រូវឲ្យម្ចាស់រទេះបង់ប្រាក់ទៀតផង។ ប៉ុន្តែសម្រាប់លោក មិនដែលគេចាប់ឡើយ ដោយសារលោកបរគេច។
បើទោះបីជាព្រៃឈើ ត្រូវបានគេចាត់ចូលក្នុងជំពូកធនធានធម្មជាតិដែលកកើតឡើងវិញ ប៉ុន្តែមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងពលរដ្ឋភាគច្រើន បារម្ភពីការបាត់បង់ព្រៃឈើនៅកម្ពុជា ប្រសិនបើសកម្មភាពកាប់បំផ្លាញឈើទាំងតូចទាំងធំ នៅតែបន្តកើតមានច្រើន ហើយអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់ពុំមានប្រសិទ្ធភាពនោះ។ ប្រជាពលរដ្ឋ ក៏ដឹងដែរថា ព្រៃឈើមានសារសំខាន់សម្រាប់មនុស្ស និងសត្វទូទៅ ប៉ុន្តែពួកគេបានចូលរួមកាប់បំផ្លាញដែរ បន្ទាប់ពីឃើញសកម្មភាពបំផ្លាញព្រៃឈើតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឬការច្បាមយកដីព្រៃពីសំណាក់អ្នកមានលុយ ឬមានអំណាចមួយចំនួន។

ស្ត្រីមេម៉ាយ និងជាអ្នកឃ្វាលក្របីឲ្យអ្នករកស៊ីកាប់ឈើនៅតំបន់ជួរភ្នំក្រវាញ អ្នកស្រី ម៉េង ឡុំ មានប្រសាសន៍ថា ជារៀងរាល់ជើង គាត់ឃ្វាលក្របីឲ្យគេចំនួន ៤នឹម ហើយក្នុង១នឹមគេឲ្យប្រាក់គាត់ចំនួនដប់ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្ន អ្នកដឹកឈើភាគច្រើន បានងាកមកប្រើគោយន្តជំនួសគោក្របីវិញ ហើយសកម្មភាពកាប់បំផ្លាញព្រៃឈើ កាន់តែខ្លាំងឡើងនៅតំបន់ទាំងនោះ។ អ្នកស្រីបន្តថា បន្ទាប់ពីព្រៃឈើនៅក្នុងស្រុកភូមិរបស់អ្នកស្រី ត្រូវបានគេកាប់ស្ទើរគ្មានសល់ មានអ្នកស្រុករបស់គាត់ជាច្រើន ក៏នាំគ្នាងាកទៅកាប់នៅតំបន់ជួរភ្នំក្រវាញ ដែរ៖ «ប្រជាពលរដ្ឋព្រួយបារម្ភដូចគ្នា ព្រួយបារម្ភខ្លាចអស់ព្រៃឈើ ហើយកន្លែងមើលក្របីក៏ព្រួយបារម្ភ កន្លែងកាប់ឧស សព្វកន្លែងរកត្រពាំងរកផ្សិតហ្នឹងហើយ។ ប្រជាពលរដ្ឋនៅនេះប្រកបមុខរបរអី? ប្រកបមុខរបរធ្វើស្រែ និងកាប់ឈើបន្តិចបន្តួចយកមកចិញ្ចឹមឆ្នាំង លក់ទិញអំបិលប្រហុកហ្នឹងណា។ កាប់ខ្លាំងហ្នឹងហើយកាប់ទាំងគេទាំងខ្ញុំ។ ម៉េចបានកាប់ខ្លួនឯង ក្រែងស្ដាយព្រៃឈើ? អ្ហឺ! បើអត់រកអ៊ីចឹងៗ វាអត់បានទិញអំបិលប្រហុក»។
ទាក់ទងបញ្ហានេះ អភិបាលស្រុកភ្នំក្រវាញ លោក សូរ សាហុង ថ្លែងទទួលស្គាល់ថា នៅក្នុងស្រុករបស់លោក ពិតជាមានបទល្មើសខ្លះមែន ប៉ុន្តែបទល្មើសនោះបានក្លាយជាទម្លាប់របស់ពលរដ្ឋទៅហើយ ដែលនាំគ្នាចូលព្រៃកាប់ឈើដើម្បីផ្គត់ផ្គង់ជីវភាព ក្រៅពីមុខរបរធ្វើស្រែចម្ការ។ លោកថា នៅចំណុចរាំងខ្វាវ ដំណាក់ត្រប់ និងចំណុចដំណាក់មន្ត្រី ដែលពលរដ្ឋអះអាងថា មានបទល្មើសច្រើននោះ គឺលោកក្ដាប់មិនបានឡើយ ដោយតំបន់ទាំងនោះស្ថិតនៅលើភ្នំដាច់ស្រយាលពេក ប៉ុន្តែលោកបញ្ជាក់ថា សកម្មភាពកាប់ឧសស្ទែរ ឬអុសគូប ពុំមានច្រើនឡើយនៅក្នុងទឹកដីស្រុកភ្នំក្រវាញ៖ «អត់ដឹងច្បាស់ទេ ប៉ុន្តែគ្រាន់តែដឹងថា ប្រជាពលរដ្ឋតែងតែមានចេញចូលនៅតាមតំបន់អស់ហ្នឹង ដើម្បីរកស៊ីប្រកបមុខរបរប្រចាំថ្ងៃរបស់គាត់។ បើនិយាយទៅក្រវាញ និងក្រគរ វាជាប់គ្នា ស្រុកក្រគរ (ពលរដ្ឋ) តែងតែចូលមកធ្វើបទល្មើសនៅក្នុងតំបន់ជាប់ព្រំប្រទល់ហ្នឹង»។
ចំណែកប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ លោក ថៃ ចន្ថា បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយនៅថ្ងៃទី១៥ ខែកញ្ញា ដោយលោកប្រាប់ថា កំពុងប្រជុំគណៈបញ្ជាការឯកភាពខេត្ត។ ប៉ុន្តែកន្លងទៅ លោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា នៅតំបន់ទាំងបីនៃជួរភ្នំក្រវាញ ដែលពលរដ្ឋអះអាងថាមានបទល្មើសច្រើននោះ គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងខាងបរិស្ថានឡើយ។
បច្ចុប្បន្ន ឈើធ្នង់ គឺជាប្រភេទឈើប្រណីតត្រូវប៉ាន់របស់ប្រជាពលរដ្ឋឡើងលើភ្នំរកកាប់មកលក់ឲ្យឈ្មួញ បន្ទាប់ពីប្រភេទឈើគ្រញូង បេង និងនាងនួន ត្រូវបានកាប់អស់។ ក្រោយកាប់ និងដឹកជញ្ជូនចេញពីព្រៃបាន ប្រជាពលរដ្ឋនាំគ្នាយកទៅលាក់ទុកក្នុងកំប៉ូតព្រៃ ឬក្រោមផ្ទះ ទើបហៅឈ្មួញដែលធ្លាប់ទិញមកមើល និងចរចាតម្លៃទៅតាមទីផ្សារឈើក្នុងស្រុកនោះ។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា ក្រៅពីឈើប្រណីត លោកសង្កេតឃើញសកម្មភាពដឹកឧសស្ទែរ ឬឧសគូបយ៉ាងគគ្រឹកគគ្រេងនៅតាមផ្លូវលំពីស្រុកក្រគរ ទៅកាន់ស្រុកភ្នំក្រវាញ។ លោកយល់ថា ពលរដ្ឋមិនគប្បីរំដោះខ្លួនពីភាពក្រីក្រ តាមរយៈការកាប់បំផ្លាញព្រៃឈើបែបនេះឡើយ ហើយរដ្ឋាភិបាល ត្រូវតែពិនិត្យមើល និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាពលើបញ្ហាព្រៃឈើ រាប់តាំងពីក្រុមឈ្មួញដែលដើរទិញពីប្រជាពលរដ្ឋឡើងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
