អង្គការធម្មទានសង្គម នឹងប្រារព្ធកម្មវិធីយុទ្ធនាការដាំកូនឈើចំនួន ៥០០ដើម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នៅទីតាំងវិទ្យាល័យ ហ៊ុន សែន ឈើទាល សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ព្រះតេជព្រះគុណ ងីម សៅរ៍សំខាន់ ប្រធានអង្គការធម្មទានសង្គម មានព្រះថេរដីកាថា យុទ្ធនាការនេះ ត្រូវបានធ្វើឡើងដើម្បីបណ្ដុះទឹកចិត្តប្រជាពលរដ្ឋឲ្យស្រឡាញ់ដើមឈើ និងចូលរួមការពារបរិស្ថាន៖ «សំខាន់ គឺយើងចង់ពន្យល់ប្អូនៗកុមារាកុមារី និងយុវជន ឲ្យចេះស្រឡាញ់ធម្មជាតិ ឲ្យចេះដឹងពីអត្ថប្រយោជន៍នៃដើមឈើ។ ប្រជាជនយើងមាន ១៥លាននាក់ ដូច្នេះបើសិនជាយើងអាចធ្វើបានក្នុងម្នាក់ដាំតែ ១ដើម មានន័យថា ១ឆ្នាំយើងបាន ១៥លានដើម។ ចង់ឲ្យគាត់យកគំនិតនេះទៅចែករំលែកតៗគ្នា និងអាចរីកសុះសាយនៅទូទាំងប្រទេស»។
ព្រះតេជព្រះគុណមានថេរដីកាបន្តថា កូនឈើដែលត្រូវដាំភាគច្រើនជាប្រភេទរុក្ខជាតិកម្រ ដូចជា បេង ឈើទាល និងប្រភេទរុក្ខជាតិតំណាងឲ្យជាតិ ដូចជា ផ្ការំដួល និងដើមរាំងភ្នំ ជាដើម។
អ្នកចូលរួមទាំងអស់ត្រូវបង់វិភាគទានចំនួន ១០ដុល្លារ ដែលថវិកាទាំងនេះនឹងយកទៅប្រើប្រាស់ក្នុងការធ្វើដំណើរ និងអាហារ។ ការចុះឈ្មោះ អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០១០ ៤៤១ ១២០ ឬ ០៩៣ ៧៩៨ ៨៩៥។ យុទ្ធនាការនេះ រំពឹងថានឹងមានអ្នកចូលរួមប្រហែល ១០០នាក់ ហើយក្រៅពីការដាំកូនឈើ ក៏នឹងមានបទបង្ហាញ និងការចែករំលែកបទពិសោធន៍ស្តីអំពីកិច្ចការពារបរិស្ថានពីសំណាក់វាគ្មិនមួយចំនួនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
