តំណាងរាស្ត្រមណ្ឌលសៀមរាបបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានស្នើប្រមុខរដ្ឋាភិបាល ឲ្យចុះពិនិត្យស្ថានភាពមិនប្រក្រតី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទ្រី ភាព អូរយ៉ាដាវ របស់ឧកញ៉ា ទ្រី ភាព។
លោក អ៊ុំ សំអាន ឲ្យដឹងនៅថ្ងៃទី២២ កក្កដាថា មុននឹងដាក់លិខិតនេះ លោកបានសង្កេតឃើញភាពមិនប្រក្រតីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ ដោយចៃដន្យពេលលោកចុះបំពេញបេសកកម្មកន្លងទៅ។ លោកអះអាងថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ គ្មានបណ្ដុំរោងចក្រ ឬឧបករណ៍សម្ភារៈផ្សេងៗសម្រាប់នាំចេញទេ ឃើញមានតែកុងទឺន័រជាច្រើន ផ្ទុកឈើហ៊ុបសម្រាប់នាំចេញទៅប្រទេសវៀតណាមប៉ុណ្ណោះ៖ «អ៊ីចឹងបានឲ្យសម្ដេច ហ៊ុន សែន ពិនិត្យមើលភាពមិនប្រក្រតីហ្នឹង ហើយបើពិនិត្យឃើញភាពមិនប្រក្រតី ឬខុសនឹងច្បាប់អញ្ចឹងមែន គួរបិទតំបន់សេដ្ឋកិច្ចនោះ ដោយដកអាជ្ញាប័ណ្ណ (License) ផ្សេងៗដែលពាក់ព័ន្ធនឹងក្រុមហ៊ុន » ។
លោកបន្តថា ឈើហ៊ុបដែលផ្ទុកក្នុងតំបន់សេដ្ឋកិច្ចរបស់ឧកញ៉ា ទ្រី ភាព ក្នុងស្រុកអូរយ៉ាដាវ ត្រូវបានគេប្រមូលទិញពីស្រុកមួយចំនួនក្នុងខេត្តរតនគិរី។
មន្ត្រីនៃតំបន់សេដ្ឋកិច្ចពិសេស ទ្រី ភាព អូរយ៉ាដាវ មិនហ៊ានឆ្លើយតបនឹងការចោទប្រកាន់នោះទេ ខណៈដែលលោក ទ្រី ភាព កំពុងនៅក្រៅប្រទេស។
យ៉ាងណាក៏ដោយឧកញ៉ាដ៏មានទ្រព្យសម្បត្តិស្ដុកស្ដម្ភរូបនេះ ត្រូវបានមជ្ឈដ្ឋានជាតិអន្តរជាតិមួយចំនួន បានចោទប្រកាន់ថា លោកជាឧក្រិដ្ឋជនព្រៃឈើដ៏ធំក្នុងប្រទេសកម្ពុជា។
កាលពីដើមឆ្នាំ២០១៤ អង្គការឃ្លាំមើលពិភពលោក (Global Witness) បានបង្ហាញរបាយការណ៍របស់ខ្លួនថា លោក ទ្រី ភាព បានចំណេញពីការលក់ឈើទៅប្រទេសចិន ក្នុង១ខែជិត ៦លានដុល្លារ។ របាយការណ៍នេះដដែលបង្ហាញថា លោក ទ្រី ភាព គឺជាអ្នកដឹកនាំនៃបណ្ដាញកាប់ព្រៃឈើខុសច្បាប់ ដែលកាងដោយក្រុមមន្ត្រីយោធា ប៉ូលិស និងមន្ត្រីគយក្នុងការបោសសំអាត ឈើក្រញូងរបស់ខ្មែរ ពីតាមខេត្តនានាហើយដឹកជញ្ជូនតាមកប៉ាល់ ទៅកាន់កំពង់ផែទីក្រុងហុងកុង ប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
