សហគមន៍​ពីរ​នៅ​ខេត្ត​រតនគិរី​ជំទាស់​មិន​ឲ្យ​ក្រុមហ៊ុន​អូស្ត្រាលី​ស្រាវជ្រាវ​រ៉ែ​លោហៈ

0:00 / 0:00

ក្រុមហ៊ុន​រ៉ែ​លោហៈ​ប្រទេស​អូស្ត្រាលី ខកខាន​បំពេញ​ការងារ​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​ខេត្ត​រតនគិរី បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​ពីរ​ភូមិ ជំទាស់​នឹង​ការ​ស្រាវជ្រាវ​នៅ​តំបន់​អ្នក​ភូមិ​រស់នៅ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​ថា នឹង​រៀបចំ​ឲ្យ​មាន​វេទិកា​សាធារណៈ​មួយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ទំនាស់​នេះ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ នៅ​ភូមិ​ប្លង់ និង​ភូមិ​គងធំ ក្នុង​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី គ្រោង​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​លោហៈ អង្គរ ហ្គោល (Angkor Gold) ប្រទេស​អូស្ត្រាលី នៅ​ពាក់​កណ្ដាល​ខែ​មីនា ទាក់ទិន​ទៅ​នឹង​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​ដែល​អ្នក​ភូមិ​ជំទាស់។

កាល​ពី​ខែ​ធ្នូ កន្លង​ទៅ សហគមន៍​ទាំង​ពីរ​ភូមិ បាន​តវ៉ា​ទាមទារ​ឲ្យ​ក្រុម​ការងារ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន ដក​ទីតាំង​ចេញ​ពី​ភូមិ និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​តំបន់​អ្នក​ភូមិ​រស់នៅ​ទេ។ រហូត​បច្ចុប្បន្ន អ្នក​ភូមិ​នៅ​តែ​រក្សា​ជំហរ​ជំទាស់​មិន​ឲ្យ​ក្រុមហ៊ុន បើក​ការ​ស្រាវជ្រាវ​រក​ធនធាន​រ៉ែ​ក្រោម​ដី​នៅ​តំបន់​ពួក​គាត់​រស់នៅ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ថា យន្តការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ នឹង​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ទាំង​ពីរ​យល់ព្រម​ជួប​ពិភាក្សា​គ្នា​ឡើង​វិញ​ពី​បញ្ហា​នេះ។ លោក​កត់​សម្គាល់​ថា អ្នក​ភូមិ​បារម្ភ​ពី​ផល​ប៉ះពាល់​ដោយសារ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន។ ហេតុ​នេះ តំណាង​សហគមន៍​បាន​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​លោក​ជួយ​សម្រប​សម្រួល​បញ្ហា​នេះ៖ « ប្រមូល​បញ្ហា​ទាំង​ពីរ បញ្ហា​អ្នក​ភូមិ ហើយ​និង​គោល​បំណង​ក្រុមហ៊ុន។ យើង​នឹង​ជួប​ជុំ​គ្នា​ពាក់​កណ្ដាល​ខែ​មីនា »

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន អង្គរ ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​លើ​ផ្ទៃដី​ទំហំ​ជិត ២០០​គីឡូ​ម៉ែត្រ​ក្រឡា (១៨៧​គីឡូម៉ែត្រ​ការ៉េ) នៅ​តំបន់​បរខាំ ស្រុក​អណ្ដូងមាស ស្រុក​បរកែវ និង​ស្រុក​អូរយ៉ាដាវ ចាប់​ពី​ថ្ងៃ​ចេញ​អាជ្ញាប័ណ្ណ​រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ ក្នុង​នោះ​បាន​ហាម​ឃាត់​ដាច់ខាត​ការ​ស្រាវជ្រាវ​ទៅ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដែល​កំណត់​ថា​ជា​តំបន់​វប្បធម៌ ទីតាំង​ប្រវត្តិសាស្ត្រ និង​តំបន់​បេតិកភណ្ឌ​ជាតិ។ ដោយឡែក​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​ផ្ទៃដី​ជា​កម្មសិទ្ធិ​ឯកជន ក្រុមហ៊ុន​ត្រូវ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ស្ដីពី​មិន​ជ្រៀតជ្រែក និង​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ធ្វើ​ការ​ទូទាត់​សំណង​ការ​ខូចខាត​ទាំងឡាយ ដែល​បណ្ដាល​មក​ពី​សកម្មភាព​របស់​ក្រុមហ៊ុន។

ទាក់ទិន​ករណី​នេះ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​គងធំ លោក រមាម ទល់ បញ្ជាក់​ថា អ្នក​ភូមិ​បាន​ពិភាក្សា​គ្នា​រួច​ហើយ ថា​នឹង​ចូលរួម​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន និង​អង្គការ​ពាក់ព័ន្ធ ក៏ប៉ុន្តែ​ពួក​គាត់​នៅ​តែ​បារម្ភ​ខ្លាច​គម្រោង​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន បង្ក​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ៖ « ខ្លាច​ក្រុមហ៊ុន​យក​ថ្នាំ​ពុល ឬ​ជាតិ​គីមី ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ។ ដី​គេ​ចុះ​ដី​សមូហភាព​ហើយ ម៉េច​ក្រុមហ៊ុន​ចូល​មក​ទៀត »

តំណាង​ក្រុមហ៊ុន អង្គរ ហ្គោល លោក ម៉ា សំអាត ធ្លាប់​បាន​អះអាង​ច្រើន​លើក​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​អ្នក​ភូមិ ថា​ក្រុមហ៊ុន​នៅ​តែ​ប្រកាន់​យក​គោលការណ៍​ពិភាក្សា ស្វែងរក​ដំណោះស្រាយ​ឯកភាព​ជាមួយ​សហគមន៍ ទើប​ក្រុមហ៊ុន​ធ្វើ​ការ​ស្រាវជ្រាវ។ លោក​ថា ក្រុមហ៊ុន​បាន​ត្រៀម​លក្ខណៈ​ជួប​ពិភាក្សា​ជាមួយ​សហគមន៍​រួច​ហើយ។

ចំណែក​មេ​ឃុំ​ប៉ាតេ លោក រម៉ាម យូត គាំទ្រ​គម្រោង​ជួប​ពិភាក្សា​រវាង​សហគមន៍ និង​ក្រុមហ៊ុន​ឡើង​វិញ ថា​ជា​ជំហាន​ល្អ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​គ្នា។ លោក​ទទួល​ស្គាល់​ថា ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន គឺ​មាន​អាជ្ញាប័ណ្ណ និង​លក្ខខណ្ឌ​ធានា​ចំពោះ​ផល​ប៉ះពាល់​ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​កំណត់៖ « សហគមន៍​គេ​អត់​ព្រម​ធ្វើ ម៉េច​យើង​គាំទ្រ​សហគមន៍។ សហគមន៍​ឲ្យ​យើង​សួរ​ក្រុមហ៊ុន គេ​ដោះស្រាយ​យ៉ាង​ម៉េច »

ក្រុមហ៊ុន អង្គរ ហ្គោល បើក​ការ​ស្រាវជ្រាវ​ជាង ១០​ឆ្នាំ​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី រក​ឃើញ​មាន​សក្ដានុពល​រ៉ែ​មាស លាត​សន្ធឹង​រហូត​ព្រំដែន​ប្រទេស​វៀតណាម។ បច្ចុប្បន្ន សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពាក់ បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold)ប្រទេស​ឥណ្ឌា បើក​ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ។ ដោយឡែក​ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​នៅ​ពេល​ឆាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។