អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សន្យាថា នឹងបន្តតាមដានស្ថានភាពជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងសរសេររបាយការណ៍អំពីផលប៉ះពាល់នេះ។ ការសន្យានេះ ខណៈអ្នកស្រីបានជួបសំណេះសំណាលជាមួយសហគមន៍ក្បាលរមាស និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ មីនា។
សហគមន៍រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលប្ដេជ្ញាមិនព្រមចាកចេញពីភូមិកំណើត នៅឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន រាប់រយនាក់ បានលើកនូវបញ្ហាសំខាន់ៗមានជាអាទិ៍ ការរំលោភសិទ្ធិជនជាតិដើមភាគតិច ការជម្លៀសចេញពីលំនៅឋាន ការបាត់បង់ប្រពៃណីវប្បធម៌ ការបាត់បង់ធនធានធម្មជាតិ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បង្កផលប៉ះពាល់ជីវភាពពួកគាត់។
ការលើកឡើងនេះ នៅចំពោះមុខអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានជួបសហគមន៍រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅព្រឹកថ្ងៃទី២៧ មីនា។
ពលរដ្ឋរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅឃុំក្បាលរមាស ឲ្យដឹងថា វត្តមានរបស់ អ្នកស្រី រ៉ូណា ស្មីត មកជួបសហគមន៍រងផលប៉ះពាល់ ហាក់ដូចជាសញ្ញាបង្ហាញពីក្តីសង្ឃឹមថ្មីមួយ ខណៈអ្នកភូមិកំពុងខ្វល់ខ្វាយយ៉ាងខ្លាំងពីដំណើរការវិវឌ្ឍន៍នៃការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ធ្វើឲ្យភូមិពួកគាត់ក្លាយជាអាងស្តុកទឹកទំនប់វារីអគ្គិសនី។ ទន្ទឹមនឹងនេះ ពួកគាត់រំពឹងថា អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងនាំក្តីកង្វល់របស់សហគមន៍ ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយនូវការទាមទាររបស់សហគមន៍រងផលប៉ះពាល់៖ « នៅ មួយកន្លែង ដី តាំងពី ដូនតាមក ពួកខ្ញុំអត់ ព្រមទៅ ទេ។ បើងាប់ដោយសារអភិវឌ្ឍន៍ ក៏ងាប់ទៅចុះ ។ អត់ឲ្យអាត្រាក់ ឈូស ឆាយ គេឲ្យផ្លាស ់ ថ្មី ពួកខ្ញុំមិនទៅទេ។ ពួកខ្ញុំ មិនត្រូវ ការ ទំនប់។ ពេលដែល ក្រុមការងារ ក្រសួងមក មានតែ ចាប់បង្ខំ ថាត្រូវតែ ចេញ »។
អ្នកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា អ្នកស្រីនឹងប្រមូលព័ត៌មាននានាទាក់ទិនផលប៉ះពាល់ទំនប់វារីអគ្គិសនី និងជម្រើសផ្សេងៗទាក់ទិនការផ្តល់សំណងផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីធ្វើការវាយតម្លៃ និងសរសេររបាយការណ៍សរុប៖ « វាពិត ជាមាន សារប្រយោជន៍ណាស់ ក្នុងការ ទទួលបាន ព័ត៌មានបន្ថែមពីសហគមន៍ និងបទពិសោធន៍របស់ ពួកគាត់ ។ យើងនឹងជួបជាមួយនឹងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅពេលរសៀល ហើយយើងនឹងលើកឡើងបញ្ហាផ្សេងៗទាក់ទងនឹងការសាងសង់ទំនប់វារីអគ្គិសនី និងផលប៉ះពាល់ពីការសាងសង់ទំនប់ទៅលើប្រជាពលរដ្ឋទាំងជនជាតិដើមភាគតិច និងប្រជាពលរដ្ឋទូទៅ ដែល រស់នៅក្នុង តំបន់ រងផលប៉ះពាល់ »។
ទាក់ទិនបញ្ហានេះ នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង និងជាអ្នកនាំពាក្យ លោក ម៉ែន គង់ មានប្រសាសន៍ថា អាជ្ញាធរខេត្តស្វាគមន៍វត្តមានរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ហើយអាជ្ញាធរខេត្ត នឹងរង់ចាំពិភាក្សា និងលើកឡើងនូវបញ្ហានានានៅព្រឹកថ្ងៃទី២៨ មីនា ជាមួយអ្នកស្រី។
ឃុំស្រែគរ និងឃុំក្បាលរមាស ពលរដ្ឋដែលមិនព្រមទទួលយកសំណងមានចំនួនជាង ២៤០គ្រួសារក្នុងចំណោមពលរដ្ឋ ៥៧០គ្រួសារ។ ដោយឡែកនៅឃុំក្បាលរមាស មានពលរដ្ឋ ៥៣គ្រួសារក្នុងចំណោមពលរដ្ឋជាង ១៤០គ្រួសារដែលមិនយល់ព្រមចាកចេញ។ បច្ចុប្បន្ន គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ សម្រេចបានជាង ៦០ភាគរយ ហើយគ្រោងនឹងសាងសង់រួចរាល់នៅឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។