ប្រជាពលរដ្ឋនៅឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបារម្ភចំពោះតំបន់ជាជម្រកត្រីពង និងជាកន្លែងសម្រាប់លែងគោក្របីនៅរដូវប្រាំង កំពុងប្រឈមនឹងវិនាស។ ការបារម្ភនេះ បន្ទាប់ពីសកម្មភាពឈូសឆាយដីព្រៃលិចទឹកនៅក្បែរមាត់បឹងទន្លេសាប យកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់ពលរដ្ឋដែលមានប្រាក់ នៅតែបន្តកើតមាន។
ប្រជាពលរដ្ឋនៅឃុំចំណារក្រោម ស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់បទល្មើសរុករានទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ ដែលកំពុងកើតមាននៅក្នុងតំបន់ដែលពួកគាត់រស់នៅ។ ពួកគាត់ស្នើបែបនេះ ដើម្បីចង់រក្សាទុកដីព្រៃទាំងនោះ គ្រាន់ជាជម្រកត្រីពងកូននៅរដូវទឹកលិច និងជៀសវាងការមើលបំណាំគ្នាពីសំណាក់ពលរដ្ឋផ្សេងទៀត ដែលធ្វើឲ្យទំហំនៃការបំផ្លិចបំផ្លាញព្រៃលិចទឹក នៅតំបន់ដែលអាជ្ញាធរហាមឃាត់ កាន់តែមានទំហំធំធេងឡើង។
ប្រជាពលរដ្ឋនៅឃុំចំណារក្រោម លោក ហួត ចក់ មានប្រសាសន៍ថា ដីជាច្រើនហិកតារ ត្រូវបានប្រជាពលរដ្ឋមានប្រាក់នៅតំបន់ផ្សេងៗ នាំគ្នាចូលឈូសឆាយ និងភ្ជួររុករានទន្ទ្រានដីព្រៃលិចទឹកទាំងនោះ ដោយមិនមានអាជ្ញាធរទប់ស្កាត់ឡើយ។ លោកបន្តថា ពលរដ្ឋតែងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជានិច្ចចំពោះបញ្ហានេះ ប៉ុន្តែមិនឃើញមានចំណាត់ការទេ ហើយលោកថា ការបាត់បង់ព្រៃលិចទឹកនៅតំបន់នោះ នឹងធ្វើប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងធនធានមច្ឆជាតិនៅថ្ងៃមុខជាមិនខាន៖ «ប៉ះពាល់ច្រើនណាស់បង! ប៉ះពាល់ដល់ជម្រកត្រីពង ប៉ះពាល់ដល់កន្លែងឃ្វាលគោក្របីរបស់ប្រជាពលរដ្ឋ»។
ដីព្រៃលិចទឹកដែលពលរដ្ឋអះអាងថា នៅតែមានការឈូសឆាយជាបន្តបន្ទាប់ ត្រូវបានរាជរដ្ឋាភិបាលកំណត់ថា ដីតំបន់បីដែលជាតំបន់ហាមឃាត់ មិនឲ្យមានការកាប់រុករានដីព្រៃថ្មីបន្ថែមទៀតឡើយ កាលពីឆ្នាំ២០១៤ លើកលែងតែដីប្រជាពលរដ្ឋធ្លាប់អាស្រ័យពីមុនមកតែប៉ុណ្ណោះ ក៏ប៉ុន្តែបើទោះបីជាមានការបញ្ជាក់បែបនេះក្តី ក៏សកម្មភាពឈូសឆាយ ឬយកគ្រឿងចក្រទៅភ្ជួរដីព្រៃលិចទឹក គឺនៅតែកើតមានឡើង។
ទាក់ទងបញ្ហានេះ អភិបាលរងស្រុកស្ទោង ដែលទទួលបន្ទុកដីធ្លីនៅតំបន់នោះ លោក ឆូយ កុសល មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះឡើយ ក៏ប៉ុន្តែយ៉ាងណា ខាងលោកនឹងឲ្យមន្ត្រីសមត្ថកិច្ចមូលដ្ឋានចុះស្រាវជ្រាវជុំវិញបញ្ហានេះ៖ «ដល់ថ្ងៃហ្នឹងហើយនៅមានមនុស្សណាទៅដល់ហ្នឹងទៀត។ ចាំមើល ខ្ញុំឲ្យប៉ូលិសគេទៅស៊ើបមើលបង ព្រោះខ្ញុំអត់ទាន់បានព័ត៌មានហ្នឹងដែរបង»។
យ៉ាងណា ប្រភពពីពលរដ្ឋផ្សេងឲ្យដឹងថា ដីព្រៃលិចទឹកប្រមាណជា ៣០០ហិកតារ ដែលត្រូវបានគេឈូសឆាយ ហើយដីមួយចំនួនគេបង្វិលទៅលក់បន្តឲ្យប្រជាពលរដ្ឋផ្សេងទៀតក្នុងតម្លៃមួយហិកតារប្រមាណ ២លានរៀល។ លើសពីនេះ គម្រោងការឈូសឆាយដីព្រៃលិចទឹកទាំងនោះ អាចនឹងបន្តឈូសរហូតដល់មាត់បឹងទន្លេសាបទៀតផង ប្រសិនបើមិនមានការទប់ស្កាត់ទេនោះ។
ទោះជាយ៉ាងណា ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា៩៨ ចែងពីបទល្មើសថ្នាក់ទី១ គឺត្រូវដាក់ពន្ធនាគារពី ៣ឆ្នាំទៅ ៥ឆ្នាំ និងត្រូវរឹបអូសយកវត្ថុតាងទាំងអស់ដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ បទល្មើសទាំងនោះរួមមាន ការកាប់ឆ្ការ ឬឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹកទាំងនោះ សកម្មភាពបង្កឲ្យមានភ្លើងឆេះ ឬដុតព្រៃលិចទឹក និងព្រៃកោងកាង ការនេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុល ឬក៏ការនេសាទដោយបូម បាច ដែលបង្កគ្រោះមហន្តរាយដល់ធនធានជលផល ជាដើម។ ចំណែកមាត្រា១០២ វិញ គឺដាក់ទោសទណ្ឌដល់សកម្មភាពទាំងឡាយណាដែលបង្កឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល កងយោធា និងមន្ត្រីផ្សេងៗទៀត ដែលបានធ្វើអន្តរាគមន៍ដោយផ្ទាល់ ឬប្រយោល ជួយដល់អាជីវកម្មជលផល ឬរារាំងដល់មន្ត្រីជលផលក្នុងការបំពេញភារកិច្ច គឺត្រូវផ្ដន្ទាទោសពី ១ឆ្នាំទៅ ៣ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៥លានរៀលដល់ ៥០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
