ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅអមសងខាងដងស្ទឹងប៉ៃលិន ខេត្តប៉ៃលិន ក្រោយពីមានភ្លៀងធំកាលពីថ្ងៃទី៣១ មីនា មក ពួកគាត់នៅមិនហ៊ានដងទឹកពីស្ទឹងនេះយកទៅប្រើប្រាស់ប្រចាំថ្ងៃនៅឡើយ។ ពលរដ្ឋអះអាងថា គិតត្រឹមថ្ងៃទី៥ មេសា ទឹកស្ទឹងប៉ៃលិនប៉ែកខាងលើ នៅតែមានលំអងដីល្អក់ពណ៌ក្រហមនៅឡើយ។ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បញ្ជាក់ថា ប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកស្ទឹងនេះបាន ពុំប៉ះពាល់ដល់សុខភាពទេ។
ប្រជាពលរដ្ឋនៅក្រុងប៉ៃលិន អះអាងថា បើទោះជាទឹកស្ទឹងប៉ៃលិន នៅកន្លែងខ្លះបានប្រែពណ៌ថ្លាបន្តិចក៏ដោយ ពួកគាត់នៅតែព្រួយបារម្ភបញ្ហាគ្មានទឹកប្រើប្រាស់ដដែល។
ពលរដ្ឋម្នាក់រស់នៅជាប់ដងស្ទឹងប៉ៃលិន នៅសង្កាត់បរយ៉ាខា លោក មុំ រ៉ី ឲ្យដឹងនៅថ្ងៃទី៥ មេសា ថា គ្រួសាររបស់លោក ព្រមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀត មិនហ៊ានដងទឹកស្ទឹងយកមកប្រើការប្រចាំថ្ងៃនៅឡើយទេ។ លោកអះអាងថា ទឹកស្ទឹងមុខផ្ទះរបស់លោក បានប្រែពណ៌ទៅជាថ្លាខ្លះៗនៅផ្ទៃទឹកប៉ែកខាងលើ ក៏ប៉ុន្តែជម្រៅផ្ទៃទឹកខាងក្រោមនៅតែល្អក់ពណ៌ក្រហមខាប់ក្រាស់ឃ្មឹក មិនអាចយកទៅប្រើប្រាស់បាននោះទេ៖ «ព្រោះវានៅតែខាប់ផ្នែកខាងក្រោម ទឹករងតែក្បាលលើទេ បើកាលណាយើងយកផ្នែកដែលថ្លាយកមកទុក អាចប្រើបាន តែប្រសិនបើថាយើងបូមទឹក បើហ៊ានតែចុះទៅក្នុងស្ទឹង ដឹងតែទឹកឡើងក្រហមខាប់តែម្ដង ព្រោះវាបាតក្រោមនៅកកទាំងអស់។ ខ្ញុំព្រួយបារម្ភខ្លាចតែភ្លៀងថែមទៀត ទឹកកាន់តែល្អក់ខ្លាំង » ។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន លោក គឹម សុខា មានប្រសាសន៍ថា បើទោះជាទឹកស្ទឹងប៉ៃលិន មិនទាន់ថ្លាទាំងស្រុងដូចដើមក៏ដោយ ប៉ុន្តែពលរដ្ឋអាចយកទឹកពីស្ទឹងនេះប្រើប្រាស់បាន ដោយពុំមានប៉ះពាល់សុខភាពនោះទេ។ លោកបន្ថែមថា ប្រសិនបើពុំមានភ្លៀងធំធ្លាក់នៅតំបន់នោះបន្តទៀត ទឹកស្ទឹងមួយនេះនឹងប្រែពណ៌ថ្លាដូចដើមវិញប្រមាណ ៣ថ្ងៃខាងមុខ៖ « យើងបានស្ទង់មើលកាលពីម្សិលមិញ ហើយព្រឹកមិញខ្ញុំក៏បានចុះទៅជាមួយអភិបាលខេត្ត និងមន្ទីរជំនាញ ឃើញថានៅចំណុចបង្គោលឡាក់៦៨ ទៅ ៦៩ ប្រវែងប្រមាណ ២គីឡូម៉ែត្រ វាមានកម្រាស់ភក់ទឹកល្អក់ប្រហែលពី ២ ទៅ ៣តឹក ហើយបើទៅដល់ប៉ែកខាងលើៗទៀត មានដល់ ៥តឹក។ តែចាប់ពីឡាក់៦៨ មកខ្សែទឹកខាងក្រោម យើងឃើញនៅស្ដើងប្រហែលជាកម្រាស់ ១តឹកអីប៉ុណ្ណោះទេ » ។
សេចក្ដីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តប៉ៃលិន នៅថ្ងៃទី៣១ ខែមីនា បានបកស្រាយថា ខណៈភ្លៀងធ្លាក់ចំតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងចន្លោះបង្គោលឡាក់៦៨ ឡាក់៦៩ និងឡាក់៧០ ក្នុងភូមិសាស្ត្រចំណុចអូរតាផៃ ធូរេនពីរដើម អូរត្រាវ អូរដូង វាលស្បូវ និងអន្លង់ខៀវ បង្កឲ្យបាក់ច្រោះដី និងទាញយកសំណឹកពីការកកាយដីផ្លូវ បានហូរចូលទៅក្នុងប្រព័ន្ធអូរ ស្ទឹង កាលពីយប់ថ្ងៃទី៣០ មីនា។ ទឹកល្អក់នេះ អាចនឹងហូរឆ្លងកាត់ស្ទឹងក្រុងប៉ៃលិន ស្រុកសាលាក្រៅ និងអាចចាក់ចូលទៅដល់ស្ទឹងក្នុងស្រុកបវេល ខេត្តបាត់ដំបង។
លោក គឹម សុខា អះអាងថា មានពលរដ្ឋមិនដល់ ៥០០គ្រួសារនៅក្នុងចំណោមចំនួន ៧ភូមិ ដែលនិយមប្រើប្រាស់ទឹកស្ទឹងប៉ៃលិន ហើយពួកគាត់អាចប្រឈមនឹងការប៉ះពាល់ខ្លះៗពីការប្រើប្រាស់ទឹកប្រចាំថ្ងៃ។ ប៉ុន្តែពលរដ្ឋអះអាងថា អ្នកដែលប្រើប្រាស់ទឹកស្ទឹងប៉ៃលិន មានរាប់ពាន់គ្រួសារ ហើយប្រសិនបើទឹកស្ទឹងមួយនេះនៅតែមិនអាចប្រើការបានបន្តទៀត ពួកគាត់ទាំងនោះត្រូវចំណាយថវិកាច្រើន ដើម្បីទិញទឹកពីគេដឹកតាមឡានយកមកប្រើប្រាស់ ដែលធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់ជីវភាពគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
