អាកាសធាតុប្រែប្រួល បានធ្វើឲ្យកសិករមានដីស្រែតូច និងដើមទុនតិច បោះបង់ការធ្វើស្រែ ទៅស្វែងរកការងារធ្វើនៅតំបន់ផ្សេង ឬឆ្លងដែនទៅបរទេស។ បញ្ហានេះ បានធ្វើឲ្យអង្គការសេដាក (CEDAC) បង្កើតប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូច ដើម្បីគាំទ្រឲ្យកសិករបញ្ឈប់ធ្វើចំណាកស្រុក ហើយងាកមកធ្វើស្រែដាំស្រូវដើម្បីជំរុញផលិតភាពនាំអង្ករចេញ។ កសិករតិចតួច ទើបបានចូលរួមក្នុងការបង្កើតប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចលើដំណាំស្រូវ ខណៈមិនទាន់មានការផ្សព្វផ្សាយឲ្យទូលាយពីផលប្រយោជន៍ នៃការចូលរួមជាសមាជិកប្រព័ន្ធធានារ៉ាប់រងនេះសម្រាប់កសិករនៅឡើយ។
អង្គការសេដាក បានផ្ដួចផ្ដើមបង្កើតប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចនៅកម្ពុជា ដើម្បីផ្តល់សេវាកម្មធានារ៉ាប់រងផលិតកម្មកសិកម្ម ជួយគាំពារលើការខូចខាតស្រូវដែលកើតឡើងដោយចៃដន្យ ដោយសារគ្រោះធម្មជាតិ ឬហានិភ័យផ្សេងៗ។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ ឲ្យដឹងថា ការបង្កើតប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចនេះ ដើម្បីជួយលើកកម្ពស់ជីវភាព និងវិធីសាស្ត្រក្នុងការត្រៀមបង្ការ និងគ្រប់គ្រងហានិភ័យដល់កសិករដែលមានដើមទុនតិច ទំហំដីកសិកម្មតូច ឲ្យមានលំនឹងក្នុងការប្រកបរបរកសិកម្ម៖ «»។
លោក យ៉ង សាំងកុមារ បន្តថា កសិករ ២០០នាក់ដំបូងនៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលអង្គការសេដាក បណ្តុះបណ្តាលជំនាញកសិកម្មតាមបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្មស្រូវ តាមគោលការណ៍ធម្មជាតិ ត្រូវបានអនុញ្ញាតឲ្យចូលរួមជាសមាជិកប្រព័ន្ធធានារ៉ាប់រងមុនគេ ដើម្បីឲ្យពួកគាត់ក្លាយទៅជាគ្រូបង្គោល ក្នុងការផ្សព្វផ្សាយបន្តឲ្យកសិករយល់ពីអ្វីទៅធានារ៉ាប់រងលើវិស័យកសិកម្ម និងការប្រតិបត្តិប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចលើដំណាំស្រូវយ៉ាងដូចម្តេច៖ «»។
ប្រធានគម្រោងប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចលើដំណាំស្រូវ លោក ហ៊ឹម នឿន ឲ្យដឹងថា សហគមន៍ធានារ៉ាប់រងកសិកម្មខ្នាតតូចនៅកម្ពុជា គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីចំនួន៩ នៃផែនការយុទ្ធសាស្ត្ររបស់អង្គការសេដាក ដើម្បីគាំទ្រកសិករឲ្យក្លាយជាអ្នកមានជីវភាពធូរធារ ឬហៅថាសេដ្ឋីស្រុកស្រែ។ សហគមន៍ធានារ៉ាប់រងកសិកម្មខ្នាតតូចនៅកម្ពុជា ប្រកាន់គោលការណ៍ជួយគ្នាទៅវិញទៅមកក្នុងចំណោមសមាជិកសហគមន៍។ សហគមន៍ធានារ៉ាប់រងកសិកម្មខ្នាតតូចនៅកម្ពុជា នេះ កសាង និងរក្សាទំនាក់ទំនងល្អជាមួយសមាជិក និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួន។ សហគមន៍នេះប្រើប្រាស់ ៨០% នៃតម្លៃបុព្វលាភ (លាភដំបូង) ដែលប្រមូលបានសម្រាប់ទូទាត់សំណង។
លោកបន្តថា អ្នកដែលអាចទិញធានារ៉ាប់រងស្រូវបាននៅដំណាក់កាលសាកល្បងដំបូងនេះ សហគមន៍ធានារ៉ាប់រងកសិកម្មខ្នាតតូចនៅកម្ពុជា នឹងផ្តល់អាទិភាពដល់សមាជិកកម្មវិធីការអភិវឌ្ឍខ្លួនឯង (ស២២) របស់អង្គការសេដាក។ លោកថា លុះត្រាតែការសាកល្បងទទួលបានជោគជ័យ ទើបសហគមន៍បើកចំហឲ្យគ្រប់កសិករទូទាំងប្រទេស អាចចូលរួមជាសមាជិកបាន។ ប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចនៅកម្ពុជា មានការបញ្ចុះតម្លៃសេវាធានារ៉ាប់រងដល់សមាជិកសហគមន៍ ដើម្បីលើកទឹកចិត្តកសិករដែលអនុវត្តបច្ចេកទេសកសិកម្មបានល្អ ក្នុងការកាត់បន្ថយហានិភ័យ។ បញ្ចុះតម្លៃ ១០% សម្រាប់ការអនុវត្ត បវស បានល្អ ឬហៅថាស្រែខ្លឹម និងបញ្ចុះ ៥% សម្រាប់គ្រួសារមានស្រះទឹក និងប្រព័ន្ធស្រោចស្រពជាលក្ខណៈគ្រួសារ។ បញ្ចុះតម្លៃ ១០% សម្រាប់ការអនុវត្តបច្ចេកទេសកសិកម្មធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ លើកសិដ្ឋានពហុប្រយោជន៍។ លោកថា ធ្វើបែបនេះដើម្បីជួយគ្នាទៅវិញទៅមកក្នុងចំណោមកសិករ ដើម្បីទប់ទល់នឹងហានិភ័យផ្សេងៗ។ លោក ហ៊ឹម នឿន ពន្យល់បន្ថែមថា កសិករដែលបានចូលរួមជាសមាជិកធានារ៉ាប់រងកសិកម្មនេះ នឹងចំណេញ បើសិនជាមិនមានការខូចខាតច្រើនលើដំណាំស្រូវ។ លោកបន្ថែមថា សំណងការខូចខាតទិន្នផលចាប់ពី ០% ទៅ ២០% ការសងធានារ៉ាប់រងមិនមានទេ ប៉ុន្តែចាប់ពី ២១% ទៅ ២៥% សំណងមាន ៥%។ ចាប់ពីស្រូវខូចខាតលើស ៥០% សំណងមាន ៣៥%៖ «ការចូលរួមចំណែករបស់កសិករ»។

ផលប្រយោជន៍នៃការចូលជាសមាជិកប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចនៅកម្ពុជា លោក អ៊ួន សុផល នៅភូមិខ្ជាយខាងលិច ឃុំដំណាក់សុក្រំ ស្រុងដងទង់ ខេត្តកំពត អះអាងថា ការធ្វើស្រែបច្ចុប្បន្នរំពឹងលើទឹកភ្លៀងទាំងស្រុង។ ទន្ទឹមនោះ អាកាសធាតុប្រែប្រួលតំបន់ភាគនិរតី មានទឹកភ្លៀងធ្លាក់នៅក្នុងខែមេសា និងឧសភា។ ប៉ុន្តែនៅពេលកសិករចាប់ផ្តើមសាបព្រោះ ទឹកភ្លៀងមិនធ្លាក់ ឯកម្ដៅព្រះអាទិត្យក្តៅខ្លាំង ធ្វើឲ្យទឹកក្នុងស្រែស្ងួត នាំឲ្យសំណាបក្រៀមងាប់ ខាតគ្រាប់ពូជត្រៀមបម្រុង។ ម្យ៉ាងទៀត ដីស្រែមួយចំនួននៅឆ្ងាយពីប្រភពទឹក ហើយកសិករមិនបានជីកស្រះសម្រាប់ស្តុកទឹកក្នុងស្រែ ក៏មិនអាចនាំឲ្យការធ្វើស្រែបានជោគជ័យដែរ។ លោកបន្តថា បញ្ហាប្រែប្រួលអាកាសធាតុនេះ បានកើតឡើងជាប់គ្នា ជំរុញឲ្យកសិករបោះបង់ការធ្វើស្រែ ហើយបន្លាស់ទីរកការងារផ្សេងធ្វើវិញ ដូចជាធ្វើកម្មករសំណង់ កម្មកររោងចក្រកាត់ដេរ ឬទៅស៊ីឈ្នួលនៅប្រទេសថៃ ជាដើម ព្រោះគ្មានរំពឹងក្រសួង ឬស្ថាប័នណាជួយ ប៉ុន្តែបើអង្គការសេដាក បង្កើតប្រព័ន្ធធានារ៉ាប់រងដែលឲ្យកសិករបង់ប្រាក់តាមទំហំដីស្រែ និងតាមបច្ចេកទេសដាំស្រូវ បវស នោះ កសិករនឹងមានទឹកចិត្តខំផលិតស្រូវបន្ថែម៖ «អ៊ីចឹងរាំងភ្លៀង»។
ដូចគ្នាដែរ លោក ដុំ ដន កសិករខេត្តកំពង់ស្ពឺ អះអាងថា ការធ្វើស្រែនៅស្រុកភ្នំស្រួច ប្រថុយប្រថាន ព្រោះទឹកភ្លៀងម្តងជន់ ម្តងខ្វះទឹក ទើបគាត់ប្រញាប់ចូលរួមក្នុងការបង្កើតប្រព័ន្ធធានារ៉ាប់រងស្រូវនេះ ដោយសង្ឃឹមថា នឹងបានទទួលសំណងខ្លះប្រសិនបើមានការបំផ្លាញដំណាំស្រូវដោយចៃដន្យ៖ «មានប្រយោជន៍ដល់ពេលដែលយើងខូចខាតវិញ»។
ចំណែក លោក នួន សុភាព កសិករស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចលើដំណាំស្រូវនេះ ជាខ្នងបង្អែករបស់កសិករដ៏សំខាន់មួយ ដែលលើកទឹកចិត្តឲ្យកសិករខិតខំផលិតស្រូវសរីរាង្គ ទោះបីស្រូវខូចក៏មានប្រាក់សងមកវិញខ្លះ មិនខាតទាំងស្រុងដូចពីមុនឡើយ។
បន្ថែមលើនោះ មន្ត្រីក្រសួងកសិកម្ម លោក ស៊ីន ថាវរៈ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ថ្លែងថា លោកគាំទ្រឲ្យមានការបង្កើតប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចនេះ ព្រោះកសិករមួយចំនួនដែលមានទុនតិច ប្រសិនបើជួបហានិភ័យ ពួកគេអាចប្រឈមខ្លាំងនឹងបញ្ហាជីវភាព។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ ឲ្យដឹងថា ប្រសិនបើការអនុវត្តសាកល្បងគម្រោងបង្កើតប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចលើដំណាំស្រូវបានជោគជ័យ គម្រោងនេះនឹងពង្រីកការធានារ៉ាប់រងលើវិស័យកសិកម្មទូទៅបន្ថែមទៀត។ លោកបន្តថា ប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចនេះ បានចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ នឹងបញ្ចប់គម្រោងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រោមជំនួយថវិកា និងបច្ចេកទេសមកពីមូលនិធិអាកមៀរ (Achmea) នៃប្រទេសហូល្លង់ដ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
