អ្នកនិពន្ធសៀវភៅវ័យក្មេងជាសិស្សានុសិស្សនៃសាលាឡាយហ្គ័រ (Liger) ធ្វើយុទ្ធនាការមួយឈ្មោះ ក្រោដហ្វាន់ឌីង (Crowdfunding) ដើម្បីរៃអង្គាសថវិកាយកទៅបោះពុម្ពសៀវភៅទាក់ទងនឹងសត្វព្រៃនៅកម្ពុជា។ អ្នកនិពន្ធវ័យក្មេងអះអាងថា សៀវភៅនេះនឹងត្រូវយកទៅចែកជូនគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ ក្រោយពេលប្រមូលថវិកាគ្រប់គ្រាន់សម្រាប់ការបោះពុម្ព។
សៀវភៅដែលមានចំណងជើងថា "សត្វព្រៃនៃប្រទេសកម្ពុជា" ត្រូវបានក្រុមសិស្សានុសិស្សនៃសាលាអន្តរជាតិមួយឈ្មោះ សាលាឡាយហ្គ័រ (Liger) និពន្ធចប់សព្វគ្រប់ហើយ ព្រមទាំងមានគម្រោងបោះពុម្ពផ្សាយជាសាធារណៈ និងចែកជូនដោយឥតគិតថ្លៃទៅដល់សាលារដ្ឋនានា។
តំណាងក្រុមសិស្សានុសិស្សជាអ្នកនិពន្ធសៀវភៅ "សត្វព្រៃនៃប្រទេសកម្ពុជា" កុមារា ឡុង ម៉េងថុង អាយុ ១៤ឆ្នាំ បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៨ ខែមីនា ថា គោលបំណងនៃការតាក់តែងសៀវភៅនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋខ្មែរ និងសិស្សានុសិស្សផ្សេងទៀតអំពីសារសំខាន់នៃសត្វព្រៃ និងអំពីប្រភេទសត្វព្រៃកម្រ និងជិតផុតពូជនៅកម្ពុជា។
កុមារា ឡុង ម៉េងថុង បន្តថា ដោយសារតែសៀវភៅនេះនឹងត្រូវយកទៅចែកជូនសាលារដ្ឋដោយឥតគិតថ្លៃ វានឹងចំណាយអស់ទឹកប្រាក់ប្រហែល ១ម៉ឺនដុល្លារអាមេរិក ដើម្បីបោះពុម្ព។ មកទល់នឹងពេលនេះ ក្រុមសិស្សានុសិស្សនៃសាលាឡាយហ្គ័រ (Liger) រៃអង្គាសបានថវិកាជិត ៧ពាន់ដុល្លារហើយ ដោយនៅខ្វះជាង ៣ពាន់ដុល្លារទៀត៖ « ថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ គឺជាថ្ងៃចុងក្រោយនៃការរៃអង្គាស។ អ៊ីចឹង គឺពួកយើងចង់បានធ្វើម៉េចគ្រប់ ១ម៉ឺនដុល្លារ។ បើពូមីង ឬក៏បងប្អូនណាចង់រៃអង្គាស អាចធ្វើបានតាមគេហទំព័រ https://startsomegood.com/cambodianwildlifebook ឬក៏តាមអ៊ីមែល t.ou@ligerlearning.org»។
កុមារា ឡុង ម៉េងថុង សង្ឃឹមថា សៀវភៅរបស់ក្រុមសិស្សានុសិស្សនេះ នឹងក្លាយជាទុនមួយដ៏សំខាន់ក្នុងការអប់រំមនុស្ស ឲ្យកែប្រែឥរិយាបថពីការបំផ្លិចបំផ្លាញព្រៃឈើ និងសត្វព្រៃ មកជាស្រឡាញ់ និងការពារសម្បត្តិធម្មជាតិទាំងអស់នេះវិញ៖ « ទេសចរអាចមកមើលបាន ហើយអាចឲ្យអ្នកជំនាន់ក្រោយគាត់អាចដឹងបាន។ ដូច្នេះ យើងមិនគួរកាប់ព្រៃឈើ ឬសម្លាប់សត្វព្រៃនោះទេ »។
ទាក់ទងនឹងរឿងនេះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា ក្រសួងមិនមានថវិកាគ្រប់គ្រាន់ដើម្បីជួយឧបត្ថម្ភដល់ដំណើរការបោះពុម្ពផ្សាយសៀវភៅរបស់សិស្សានុសិស្សវ័យក្មេង នៃសាលាឡាយហ្គ័រ ទេ ពីព្រោះក្រសួងត្រូវផ្ដោតអាទិភាពទៅលើការបោះពុម្ពសៀវភៅគោលសិក្សារបស់រដ្ឋ។ ទោះបីជាបែបនេះក្តី លោក ហង់ ជួនណារ៉ុន សម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមសិស្សានុសិស្សទាំងអស់ ដែលខំប្រឹងតាក់តែងសៀវភៅនេះឡើង ដើម្បីជាប្រយោជន៍រួមរបស់សង្គម៖ « ធម្មតាមិនអាចចេះតែយកលុយទៅចាយ មិនគិតបាននោះទេ។ ដើម្បីអាចចំណាយថវិកាបាន លុះត្រាតែសុំគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ម្យ៉ាងត្រូវបោះពុម្ពសៀវភៅណាដែលសម្រាប់សិក្សា ដូចជាសៀវភៅគោលសិក្សា។ ខ្ញុំខ្លួនឯង បោះពុម្ពសៀវភៅក៏មិនអាចយកលុយក្រសួងបានដែរ »។
"សត្វព្រៃនៃប្រទេសកម្ពុជា" ជាសៀវភៅបែបរូបភាពគំនូរ និងអត្ថបទ ដែលកត់ត្រាពីជីវិតសត្វព្រៃនៅកម្ពុជា ចំនួន ៨៧ប្រភេទ និងជម្រកសត្វព្រៃ ៧កន្លែង។ សៀវភៅនេះ គឺជាលទ្ធផលនៃដំណើររុករកដ៏ធំ ដែលចំណាយពេលជាង ២ឆ្នាំ។ សៀវភៅនេះ និពន្ធឡើងដោយសិស្ស ១៣នាក់ និងជួយបំពេញបន្ថែមដោយសិស្ស ៥០នាក់ផ្សេងទៀតនៃសាលាឡាយហ្គ័រ (Liger) ដែលមានអាយុចាប់ពី ១០ឆ្នាំទៅ ១៣ឆ្នាំ។ អ្នកនិពន្ធវ័យក្មេងទាំងអស់នេះ បានធ្វើដំណើរទៅកាន់ដែនជម្រកសត្វព្រៃ និងសួនសត្វជាច្រើនកន្លែងនៅកម្ពុជា ដែលមានដូចជា តំបន់ព្រៃអភិរក្សសីមាខេត្តមណ្ឌលគិរី តំបន់វាលរាបភាគខាងជើងខេត្តព្រះវិហារ និងតំបន់ព្រៃស្រោងខេត្តកោះកុង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
