អនុប្រធាន​ទី​១​រដ្ឋសភា​ទន្ទឹង​រង់ចាំ​ព្រះរាជ​អន្តរាគមន៍​ឲ្យ​លោក អាឡិក បន្ត​ស្នាក់នៅ​កម្ពុជា

ដោយ វណ្ណ វិចារ
2015.02.20
អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ៦២០ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Mom Sophon

ព្រះមហាក្សត្រ នៅ​មិន​ទាន់​ឆ្លើយ​ថា​យ៉ាង​ណា​ចំពោះ​សំណើ​របស់​អនុប្រធាន​ទី​១​រដ្ឋសភា ដែល​សុំ​ព្រះរាជទាន​បន្ត​ទិដ្ឋាការ​ឲ្យ​អ្នក​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ឡើយ គិត​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​សុពលភាព​ទិដ្ឋាការ​របស់​សកម្មជន​រូប​នេះ។

ស្រប​គ្នា​នេះ ក្រុម​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ឲ្យ​ជួយ​អន្តរាគមន៍​ការពារ​សកម្មជន​រូប​នោះ ហើយ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជិត ១០០​ស្ថាប័ន ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ដោយ​ចេញ​សេចក្តី​ថ្លែងការណ៍​ឈឺ​ឆ្អាល​រឿង​នេះ​ដែរ។

អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា កំពុង​ទន្ទឹង​រង់ចាំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ត្រួសត្រាយ​ផ្លូវ​បង្គាប់​រដ្ឋាភិបាល​បន្ត​ទិដ្ឋាការ​ថ្មី​ឲ្យ​ស្ថាបនិក​បណ្ដាញ​ចលនា​មាតា​ធម្មជាតិ។ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​សុពលភាព​ទិដ្ឋាការ​របស់ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បាន​ន័យ​ថា ចាប់​ពី​ម៉ោង ១២​កណ្ដាល​អាធ្រាត្រ​ត​ទៅ ជន​អន្តោប្រវេសន៍​រូប​នេះ​នឹង​ក្លាយ​ជា​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

លោក កឹម សុខា មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា​ព្រះមហាក្សត្រ​ព្រះអង្គ​នឹង​ធ្វើ​ការ​ប្រោស​ព្រះរាជទាន​បន្ត​ទិដ្ឋាការ​ឲ្យ លោក អាឡិក ដើម្បី​កិច្ច​ការពារ​បរិស្ថាន និង​ព្រៃ​ឈើ​នៅ​កម្ពុជា ប៉ុន្តែ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ លោក​មិន​ទាន់​បាន​ទទួល​ព្រះរាជសារ​តប​ពី​ព្រះមហាក្សត្រ​នៅ​ឡើយ​ទេ៖ «យើង​កំពុង​ទន្ទឹង​ចាំ​ព្រះរាជសារ​ពី​ព្រះមហាក្សត្រ»

លោក កឹម សុខា បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ស្នើសុំ​ឲ្យ​ព្រះរាជទាន​អន្តរាគមន៍ បន្ត​ទិដ្ឋាការ​ឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ដោយ​ថ្វាយ​ហេតុផល​ថា ជនជាតិ​អេស្ប៉ាញ រូប​នេះ​ជា​សកម្មជន​ការពារ​បរិស្ថាន​យ៉ាង​សកម្ម និង​មិន​មែន​ជា​ឧក្រិដ្ឋជន។

ទន្ទឹម​នឹង​នេះ ក្រុម​យុវជន​មួយ​ចំនួន នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ក៏​បាន​ដាក់​ញត្តិ​ជូន​រដ្ឋសភា ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ចំពោះ​រឿង​នេះ​ដែរ។ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) វិញ ប្រជាពលរដ្ឋ ជាពិសេស​យុវជន បាន​នាំ​គ្នា​សរសេរ​ថា និយាយ​ពី​ធនធាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង និង​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល​បន្ត​ទិដ្ឋាការ​ឲ្យ អាឡិក។

យុវជន​ម្នាក់​ជា​បុគ្គលិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​យក​រូបភាព​កន្លែង​កម្សាន្ត​មួយ​នៅ​តំបន់​អារ៉ែង ដោយ​ភ្ជាប់​សារ​សរសេរ​ថា «ថត​ពី​លើ​ភ្នំ​ម្រេចកង្កែប ក្នុង​តំបន់​អារ៉ែង ដែល​ខ្ញុំ​ទៅ​កាល​ពី​លើក​មុន​លំបាក​ណាស់ ទម្រាំ​បាន​រូប​មួយ​សន្លឹកៗ ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​សព្វ​គ្រប់​បែប​យ៉ាង តែ​ពួក​ឈ្លើង​សង្គម​មិន​ខ្វល់ ចង់​បាន​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន»

លើស​ពី​នេះ​ទៅ​ទៀត អង្គការ​សង្គម​ស៊ីវិល​ជិត ១០០​អង្គការ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដោយ​សំណូមពរ​ទទូច​ឲ្យ​រាជ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ មេត្តា​ផ្តល់​ទិដ្ឋាការ​ដល់​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង នេះ​ដែរ។ សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន ពិសេស​អ្នក​នៅ​តំបន់​អារ៉ែង សុទ្ធតែ​គាំទ្រ​នូវ​សកម្មភាព​របស់ លោក  អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន។

ទោះ​ជា​បែប​ណា​ក្តី ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រមូល​ស្នាម​មេដៃ​បុគ្គលិក​ជាច្រើន​នាក់ ដោយ​គាំទ្រ​ចំណាត់​ការ​រាជ​រដ្ឋាភិបាល​ឲ្យ​បណ្ដេញ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ចេញ​ពី​ប្រទេស​កម្ពុជា។ បុគ្គលិក​ក្រសួង​រ៉ែ និង​ថាមពល​មួយ​ចំនួន ជា​អ្នក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​សាវ៉ាក់ (SAVAC) ដែល​ទទួល​បន្ទុក​ម៉ៅការ​សិក្សា​ផល​ប៉ះពាល់​ពី​គម្រោង​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង របស់​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ (Sino Hydro)។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ថា សមត្ថកិច្ច​មិន​មែន​ទៅ​សំពះ​អង្វរ​ឲ្យ លោក អាឡិក ចាក​ចេញ​ពី​កម្ពុជា នោះ​ឡើយ។ ជន​ណា​ក៏ដោយ​ឲ្យ​តែ​ធ្វើ​ខុស​ច្បាប់ គឺ​មាន​វិធានការ​ហើយ។ ច្បាប់​មាន​ចរិត​បង្ខំ ច្បាប់​មិន​ថ្វាយ​បង្គំ​សុំ​ឲ្យ អាឡិក ចេញ​នោះ​ទេ។

ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិក បាន​ចូល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៦ ដោយ​លោក​កាន់​ទិដ្ឋាការ​ការងារ​ដែល​មាន​សុពលភាព​រយៈពេល ១​ឆ្នាំ។ អ្នក​ជំនាញ​ផ្នែក​នយោបាយ​មួយ​ចំនួន​ផ្តល់​យោបល់​ថា ការ​បណ្ដេញ លោក អាឡិក ចេញ​ពី​ស្រុក​ខ្មែរ នឹង​កាន់​តែ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ខាត​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។