ក្រុម​យុវជន​យល់​ថា​រដ្ឋាភិបាល​ផ្ដល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ពុំ​មាន​ភាព​ស្មោះ​ត្រង់

0:00 / 0:00

មន្ត្រី​ទទួល​បន្ទុក​គម្រោង​សម្បទាន​ប្រេង​កាត និង​រ៉ែ អះអាង​ថា កម្ពុជា ពុំ​ដែល​បាន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​រ៉ែ និង​លោហៈ​ផ្សេងៗ​ទៀត ក្រៅ​ពី​ខ្សាច់​នោះ​ទេ។ ក៏ប៉ុន្តែ ក្រុម​យុវជន​បង្ហាញ​ជំនឿ​ថា ជំហរ​របស់​រដ្ឋាភិបាល​នេះ គឺ​វា​ផ្ទុយ​ពី​អ្វី​ដែល​កម្ពុជា កំពុង​ប្រឈម​ទៅ​វិញ។

ក្រុម​យុវជន​ចាត់​ទុក​ថា ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​អាជីវកម្ម​លើ​គម្រោង​វិនិយោគ​រ៉ែ និង​ប្រេង​កាត ដែល​រដ្ឋាភិបាល​តែង​អនុវត្ត​ក្នុង​ពេល​កន្លង​ទៅ​រក​ឃើញ​ថា នៅ​តែ​មាន​ភាព​លាក់លៀម និង​មិន​ស្មោះ​ត្រង់​ដូច​ការ​អះអាង​នោះ​ឡើយ។

ការ​ថ្លែង​ដូច​នេះ​របស់​ក្រុម​យុវជន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​យុវជន​ក្រោម​ប្រធានបទ "ធនធាន​យើង អនាគត​យើង" កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា នា​វិទ្យាស្ថាន​ជាតិ​អប់រំ ក្រុម​យុវជន​ចាត់​ទុក​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ និង​ប្រេង​កាត​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្ពស់​នៅ​ឡើយ មិន​ដូច​ការ​បកស្រាយ​របស់​មន្ត្រី​ជំនាញ​រដ្ឋាភិបាល ដែល​អះអាង​ថា កម្ពុជា មិន​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ភាព​មិន​ស្មោះ​ត្រង់​កើត​ឡើង ក្នុង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ និង​លោហៈ​ផ្សេង​ទៀត​នោះ។

និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ច័ន្ទ វិបុល ឲ្យ​ដឹង​ក្រោយ​បញ្ចប់​វេទិកា​ថា ការ​បកស្រាយ​ពី​ជំហរ​របស់​មន្ត្រី​រដ្ឋាភិបាល ក្នុង​ការ​គិតគូរ​ពី​តម្លាភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ និង​ប្រេង​កាត​ដោយ​ស្មោះ​ត្រង់​នោះ មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។ លោក​បន្ត​ថា មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រុក​រក​រ៉ែ និង​លោហៈ​ផ្សេងៗ បាន​បង្ក​ភាព​ស្មុគស្មាញ ធ្វើ​ឲ្យ​សហគមន៍​នៅ​មូលដ្ឋាន​ត្រូវ​ប្រឈម ជាពិសេស​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សង្គម។ លោក​បន្ត​ថា «វា​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ទិដ្ឋភាព​ជាទូទៅ​ដែល​វា​មាន​ផល​ប៉ះពាល់​ខ្លាំង ទៅ​លើ​វិស័យ​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

ឆ្លើយ​តប​រឿង​នេះ រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ទទួល​បន្ទុក​គម្រោង​សម្បទាន​ប្រេង​កាត និង​រ៉ែ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ក្រុមហ៊ុន​ខ្លះ​អនុវត្ត​លើស​ពី​កិច្ចសន្យា ដែល​មាន​កំណត់​នៅ​ក្នុង​គោលការណ៍​មែន។ បើ​ទោះ​ជា​បែប​ណា ក្រសួង​សាមី​របស់​រដ្ឋ កំពុង​ពង្រឹង និង​រឹត​បន្តឹង​ជា​បណ្ដើរៗ​ហើយ​អំពី​ការ​បង្ក​ភាព​ស្មុគស្មាញ​នៅ​មូលដ្ឋាន។ មួយ​វិញ​ទៀត រដ្ឋាភិបាល​ព្យាយាម​បំផុស​ចំណេះ​ដឹង​យ៉ាង​ទូលំទូលាយ​ដល់​សាធារណជន អំពី​គម្រោង​វិនិយោគ​នានា​លើ​ការ​រុក​រក និង​ធ្វើ​អាជីវកម្ម​រ៉ែ​នេះ​ដែរ ហើយ​ក៏​ជំរុញ​ឲ្យ​ពលរដ្ឋ​ចេះ​ហ៊ាន​ប្រើប្រាស់​សិទ្ធិ​ប្ដឹង បើ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ បុគ្គលិក​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ កញ្ញា ទិច ច័ន្ទអមរា ថ្លែង​ថា គេ​ពុំ​ដែល​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ទាល់​តែ​សោះ បូក​រួម​ទាំង​ការ​ដេញ​ថ្លៃ និង​គម្រោង​នៃ​ការ​រុក​រក​រ៉ែ​ផង។ កញ្ញា ទិច ច័ន្ទអមរា បន្ត​ថា «តាម​ពិត​ទៅ​និយាយ​ដោយ​ស្មោះ​ត្រង់ គឺ​ខ្ញុំ​ពិត​ជា​ឥត​ដឹង​សូម្បី​តែ​ម៉ា​តិច។ ខ្ញុំ​និយាយ​ការ​ពិត ខ្ញុំ​ពិត​ជា​មិន​ដែល​ដឹង​មែន ព្រោះ​អី​ដោយសារ​តែ​ខ្ញុំ​ដឹង​តែ​រៀន​នៅ​សាលា ហើយ​នៅ​ពេល​ដែល​ចេញ​មក​ខ្ញុំ​ដឹង​តែ​វិស័យ​ដែល​ខ្ញុំ​ធ្វើ»

ពាក់ព័ន្ធ​រឿង​នេះ រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​សម្បទាន​ប្រេង​កាត និង​គម្រោង​រុក​រក​រ៉ែ លោក ម៉េង សក្តិធារ៉ា មាន​ប្រសាសន៍​ថា ដើម្បី​បញ្ចៀស​បញ្ហា ក្រសួង​បាន​ផ្អាក​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី​សម្រាប់​គម្រោង​វិនិយោគ​រ៉ែ និង​លោហៈ​ផ្សេងៗ​នៅ​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​ក៏​ពុំ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​រ៉ែ​ពី​កម្ពុជា ដែរ លើក​លែង​តែ​ខ្សាច់ និង​ការ​កែច្នៃ​ក្នុង​ស្រុក​លើស​ពី​ទំហំ​វិនិយោគ ដែល​មិន​ចំណេញ​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ចំពោះ​រ៉ែ និង​លោហៈ​ផ្សេងៗ​ទៀត គឺ​មិន​បាន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទេ តម្រូវ​ឲ្យ​មាន​ការ​កែច្នៃ​ក្នុង​ស្រុក។ ប៉ុន្តែ​កុំ​ភ្លេច​ថា មាន​លក្ខណៈ​សេដ្ឋកិច្ច​មួយ​ចំនួន​តម្រូវ​ឲ្យ​មាន​ការ​នាំ​ចេញ​ដែរ ដោយសារ​អី​កែច្នៃ​ក្នុង​វា​មិន​ចំណេញ»

លោក ជាង សុខា នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ទទួល​ស្គាល់​ថា ក្នុង​ពេល​កន្លង​ទៅ បញ្ហា​រ៉ែ​នេះ​ពិត​ជា​មាន​ភាព​ស្មុគស្មាញ​មែន ក៏ប៉ុន្តែ​លោក​អះអាង​ថា មក​ដល់​ពេល​នេះ វិស័យ​ដែល​ធ្លាប់​តែ​មាន​រង្គោះរង្គើ​នេះ ហាក់​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ខ្លះ​ហើយ។ លោក​បន្ត​ថា ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​មួយ​នេះ ហាក់​បាន​កែប្រែ​គោល​នយោបាយ​របស់​ខ្លួន រហូត​សម្រេច​លុប​ចោល​គម្រោង​វិនិយោគ​នានា​របស់​ក្រុមហ៊ុន​ខ្លះ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «នៅ​ក្នុង​អាណត្តិ​ទី​ប្រាំ​នេះ វា​ទាក់ទង​នឹង​កំណែ​ទម្រង់ ខ្ញុំ​ឃើញ​នៅ​ក្នុង​ក្រសួង​រ៉ែ និង​ថាមពល ហាក់​បី​ដូច​មាន​ការ​ខិតខំ​ប្រឹងប្រែង​ជាង​មុន បើ​ធៀប​ជាមួយ​នឹង​ដំណាក់​កាល​អាណត្តិ​ទី​៤»

របាយការណ៍​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ប្រមាណ ៩០​ក្រុមហ៊ុន ដែល​បន្ត​ទទួល​សិទ្ធិ​វិនិយោគ​លើ​វិស័យ​រ៉ែ និង​លោហៈ​នៅ​កម្ពុជា។ តួលេខ​នេះ ត្រូវ​បាន​លុប​ចោល​ពី​ជាង ២០០​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​មុន ហើយ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី​ណា​មួយ​ជុំវិញ​ការ​រុក​រក និង​ធ្វើ​អាជីវកម្ម​រ៉ែ ពុំ​មាន​ទៀត​ឡើយ។

ដោយឡែក​មន្ត្រី​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ ចំណូល​ដែល​បាន​ពី​វិស័យ​រ៉ែ និង​ប្រេង​កាត រដ្ឋ​ពុំ​ទាន់​ទទួល​បាន​ចំណូល​សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​ថវិកា​ជាតិ​នៅ​ឡើយ​ទេ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​នេះ ត្រូវ​បាន លោក វ៉ាន់ ពុទ្ធិពល មន្ត្រី​ពន្ធដារ​អះអាង​ថា ព្រោះ​តែ​វិស័យ​ប្រេង​កាត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​រុក​រក​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។