ព្រះសង្ឃជិត ៣០អង្គ និងក្រុមយុវជនជាង ២៥០នាក់ កាលពីព្រឹកថ្ងៃទី២៩ ឧសភា បានចូលរួមសិក្ខាសាលាមួយរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ដើម្បីស្វែងយល់អំពីការគ្រប់គ្រងសម្បត្តិធនធានរ៉ែ ប្រេងកាត និងឧស្ម័ននៅកម្ពុជា ក្រោមប្រធានបទ «ពរជ័យកំណត់ធនធាន» នៅសាលប្រជុំសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង។ សិក្ខាសាលានេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសារសំខាន់នៃប្រាក់ចំណូលពីធនធានរ៉ែក្រោមដី ដល់ក្រុមយុវជន ប្រជាពលរដ្ឋ និងព្រះសង្ឃបានយល់ដឹងទូលំទូលាយ។
អ្នកចូលរួមក្នុងសិក្ខាសាលានេះ ភាគច្រើនខ្វល់ខ្វាយខ្លាចរដ្ឋាភិបាលអនុញ្ញាតច្បាប់ធ្វើអាជីវកម្ម និងការគ្រប់គ្រងធនធានរ៉ែ ប្រេងកាត និងឧស្ម័ននៅកម្ពុជា ធូររលុង និងគ្មានតម្លាភាព។ សិក្ខាសាលានេះមានបញ្ចាំងវីដេអូឃ្លឹបខ្លីៗពីការរុករករ៉ែប្រេងកាត និងការធ្វើអាជីវកម្មរ៉ែក្រោមដី ជាដើម ដើម្បីឲ្យអ្នកចូលរួមបានទស្សនា និងលើកជាសំណួរដាក់ឲ្យវាគ្មិនបកស្រាយ។
យុវជនម្នាក់មកពីវិទ្យាល័យឯកជនបូរា ក្រុងបាត់ដំបង គឺលោក សែម ជីហុង ប្រាប់វិទ្យុអាស៊ីសេរី នៅមុខសាលប្រជុំសាកលវិទ្យាល័យបាត់ដំបង ថា លោកព្រួយបារម្ភខ្លាចរដ្ឋាភិបាលអនុញ្ញាតច្បាប់ឲ្យក្រុមធ្វើអាជីវកម្មរ៉ែ ប្រេងកាត និងឧស្ម័ន ដោយខ្វះការសិក្សាឲ្យបានស៊ីជម្រៅ ហើយធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិរបស់ជាតិ ធ្លាក់ទៅជាប្រយោជន៍បុគ្គលតែមួយក្រុមតូច។ ចំណែកប្រជាពលរដ្ឋមួយចំនួនធំ មិនបានទទួលផលលាភពីការអភិវឌ្ឍលើប្រាក់ចំណូលផ្នែកនេះ៖ « ខ្ញុំសូមឲ្យសមត្ថកិច្ចពង្រឹងអនុវត្តច្បាប់នៃការធ្វើអាជីវកម្មរ៉ែក្រោមដីឲ្យមានប្រសិទ្ធភាព ដើម្បីជំរុញឲ្យប្រទេសរីកចម្រើនទៅមុខ »។
ស្រដៀងគ្នានេះដែរ យុវជនម្នាក់ទៀត គឺកញ្ញា ឆឺត សុមនា ថ្លែងថា សិក្ខាសាលានេះមានសារសំខាន់ជាខ្លាំងដល់ក្រុមយុវជន ជាពិសេសគឺកញ្ញាតែម្ដង បានយល់ដឹងអំពីការគ្រប់គ្រងធនធានរ៉ែក្រោមដីរបស់កម្ពុជា ឲ្យមានប្រសិទ្ធភាព។ កញ្ញាបន្ថែមថា ការគ្រប់គ្រងសម្បត្តិធនធានធម្មជាតិផ្នែកនេះ អាជ្ញាធរពាក់ព័ន្ធមុននឹងអនុញ្ញាតឲ្យទៅក្រុមហ៊ុនណាមួយធ្វើអាជីវកម្ម ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដូចជាផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះជាដើម។ ម្យ៉ាងទៀត កញ្ញាបញ្ជាក់ថា រដ្ឋាភិបាលធ្វើយ៉ាងណាទាញយកផលប្រយោជន៍ប្រាក់ចំណូលផ្នែកនេះ ចូលជាថវិការដ្ឋឲ្យបានច្រើន ដើម្បីយកទៅអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនឆាប់រហ័ស៖ « ខ្ញុំចង់ឲ្យមានការស្រាវជ្រាវរុករករ៉ែក្រោមដី ក៏ប៉ុន្តែត្រូវធ្វើឡើងដោយតម្លាភាព និងគ្មានការប្រព្រឹត្តអំពើពុករលួយ »។
ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា មានប្រសាសន៍ថា ចំណុចទាំងអស់នេះ ថ្វីបើក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ និងឧស្ម័ននៅកម្ពុជា មានច្បាប់អនុញ្ញាតហើយក៏ដោយ ប្រសិនបើធ្វើខុសច្បាប់ ហើយសមត្ថកិច្ចណែនាំចំនួនបីលើកនៅតែមិនស្ដាប់ គឺខាងក្រសួងនឹងដកអាជ្ញាប័ណ្ណឲ្យបញ្ឈប់សកម្មភាពតែម្ដង៖ « ទិសដៅសំខាន់ៗក្នុងវិស័យរ៉ែ ប្រេង និងឧស្ម័ននេះ យើងមានទិសដៅសំខាន់បីធំៗ រួមមាន ទិសដៅសារពើពន្ធ ទិសដៅសេដ្ឋកិច្ច និងទិសដៅសង្គម។ ទិសដៅសារពើពន្ធ គឺត្រូវខិតខំរិះរកធនធានរ៉ែ រហូតដំណាក់កាលធ្វើអាជីវកម្ម ដោយមានការគ្រប់គ្រងច្បាស់ ដើម្បីប្រមូលថវិកាឲ្យបានច្បាស់លាស់យកមកអភិវឌ្ឍប្រទេសជាតិ »។
ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាតនៃអគ្គនាយកដ្ឋានប្រេងកាតក្រសួងរ៉ែ និងថាមពល លោកបណ្ឌិត នាង ស៊ីវុត្ថា មានប្រសាសន៍ថា មុននឹងអនុញ្ញាតឲ្យក្រុមហ៊ុនរុករករ៉ែប្រេងកាត គឺខាងក្រសួងបានសិក្សាពីផលប៉ះពាល់បរិស្ថានយ៉ាងល្អិតល្អន់ ហើយធានាថាទទួលបានផលប្រយោជន៍ច្រើនជាងផលប៉ះពាល់។ លោកអះអាងថា ផលលាភដែលរដ្ឋាភិបាលទទួលបានពីការធ្វើអាជីវកម្មបូមប្រេងកាតនៅកម្ពុជា នៅពេលដំណើរការប្រមាណពី ៦៨% ទៅ ៧០% នៃប្រាក់ចំណូលសរុប៖ « អ៊ីចឹងបានជាអ្នកជំនាញមួយចំនួនគាត់លើកឡើងថា ប្រទេសខ្មែរយើងយកពន្ធលើវិស័យនេះច្រើនជាងប្រទេសនានាក្នុងសកលលោកទៅទៀត »។
ទោះបីជាយ៉ាងនេះក្ដី នាយិកាអង្គការសម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន អ្នកស្រី គឹម ណាតាសា ដែលបានចូលរួមជាវាគ្មិន មានប្រសាសន៍ថា កម្ពុជា ខ្វះខាតធនធានមនុស្ស និងពុំមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងធនធានរ៉ែ ប្រេងកាត និងឧស្ម័នឲ្យបានល្អនៅឡើយ។ អ្នកស្រីសម្ដែងការព្រួយបារម្ភក្រែងរដ្ឋាភិបាល មិនអាចគ្រប់គ្រងប្រាក់ចំណូលផ្នែកនេះយកទៅអភិវឌ្ឍឲ្យមានតម្លាភាព នៅពេលកម្ពុជា បូមប្រេងនៅថ្ងៃអនាគត៖ « យើងសំណូមពរឲ្យរដ្ឋាភិបាល បើកចំហក្នុងការទទួលយកមតិយោបល់ពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ។ បញ្ហាទាំងនេះ ដោយសារយើងបារម្ភខ្លាចវិស័យនេះបរាជ័យ មិនបាន ដើម្បីយកថវិកាមកជួយអភិវឌ្ឍប្រទេស »។
សិក្ខាសាលានេះ ក្រុមយុវជននឹងបានទទួលព័ត៌មានពីមន្ត្រីជំនាញពាក់ព័ន្ធ អំពីការគ្រប់គ្រងធនធានរ៉ែ ប្រេងកាត និងឧស្ម័ននៅកម្ពុជា។ ម្យ៉ាងទៀត ពួកគេមានឱកាសបានលើកជាសំណួរដាក់ឲ្យមន្ត្រីទាំងនោះបកស្រាយភ្លាមៗតែម្ដង។
របាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត នៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បង្ហាញថា កម្ពុជា មានដែនប្រេងកាតចំនួន ៣តំបន់ គឺដែនគោកមានចំនួន ១៩ប្លុក ដែនសមុទ្រមានចំនួន ៦ប្លុក និងតំបន់ត្រួតគ្នារវាងកម្ពុជា និងថៃ ចំនួន ៤តំបន់ ក្នុងចំណោមនោះ នៅតំបន់ដែនសមុទ្រកំពុងរុករក។ ទោះបីជាយ៉ាងណា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត បញ្ជាក់ថា កម្ពុជា មិនអាចទទួលប្រាក់ចំណូលពីវិស័យប្រេងកាតនៅមុនឆ្នាំ២០១៨ ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
