មន្ត្រីសម្របសម្រួលវេទិកា យុវជន សាន សែល បានថ្លែងថា វេទិកានេះនឹងចាប់ផ្ដើមឲ្យយុវជនមានភាពក្លាហានក្នុងការនិយាយជាចំហពីបញ្ហាព្រៃឈើនៅកម្ពុជា។ ជាងនេះទៅទៀត ប្រធានបទកាប់ព្រៃឈើមិនមែនជារឿងដែលលម្អៀងទៅខាងគណបក្សនយោបាយណានោះទេ ប៉ុន្តែវាជាជំងឺសង្គមដែលកំពុងរាលដាលក្នុងសង្គមកម្ពុជា។ យុវជនដដែលបញ្ជាក់ថា វេទិកានេះមានគោលដៅបញ្ជ្រាបចំណេះដឹងដល់សាធារណជន ពិសេសយុវជន ឲ្យនាំគ្នាគិតគូរបង្ការវិបត្តិសង្គមមួយនេះមុនពេលក្លាយទៅជាបដិវត្តន៍ព្រៃឈើ។
យុវជន សាន សែល៖ «បើសិនជាយុវជនទាំងអស់គ្នាគាត់យល់ដឹងពីបញ្ហាព្រៃឈើហ្នឹង អាចចូលរួមជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបានមួយចំនួនខ្លះដែរ ប៉ុន្តែបើសិនជាយើងនិយាយការទប់ស្កាត់ទាំងអស់ហ្នឹង យុវជនតែឯងប្រហែលជាមិនអាចធ្វើការទាំងអស់បាន ទាល់តែធ្វើការសហការពីសហគមន៍ផ្ទាល់ ពីខាងរដ្ឋាភិបាល ពីអាជ្ញាធរ និងសង្គមស៊ីវិល ទើបយើងអាចរួមគ្នាទប់ស្កាត់ទាំងអស់បាន។ នៅពេលដែលគាត់ចូលរួមសិក្ខាសាលាស្អែកហ្នឹង គាត់នឹងយល់អំពីសារសំខាន់ព្រៃឈើ យល់អំពីព្រៃឈើកាន់តែខ្លាំង អ៊ីចឹងធ្វើឲ្យគាត់បណ្ដុះនូវទឹកចិត្តស្រឡាញ់ធម្មជាតិ ស្រឡាញ់ព្រៃឈើ អ៊ីចឹងគាត់នឹងគិតថា ព្រៃឈើជាផ្នែកមួយនៃរាងកាយរបស់គាត់ដែរ អត់មានព្រៃឈើ គឺអត់មានជីវិតគាត់ដែរ»។
វេទិកានេះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៩ ធ្នូ នៅសាលាអន្តរទ្វីបអាមេរិកាំង ខាងក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ដែលគម្រោងមានយុវជនចូលរួមប្រមាណ ២០០)នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
