ក្រុម​យុវជន​ជួបជុំ​គ្នា​លើក​ឡើង​ពី​ក្តី​កង្វល់​ទាក់ទង​នឹង​ទន្លេ​មេគង្គ

0:00 / 0:00

ក្រុម​យុវជន​ជាង ៦០​នាក់ បាន​ជួបជុំ​គ្នា​ជិះ​ទូក​តាម​ដង​ទន្លេ​សាប និង​ទន្លេ​ចតុមុខ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។ ការ​ជួប​ជុំ​គ្នា​ជិះ​ទូក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ស្ដីពី​សកម្មភាព​យុវជន​ដើម្បី​ទន្លេ​មេគង្គ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម។

កម្មវិធី​ជួបជុំ​គ្នា​ជិះ​ទូក​របស់​យុវជន​នេះ មិន​បាន​ដំណើរការ​ទៅ​ដោយ​រលូន​ដូច​ការ​គ្រោង​ទុក​នោះ​ទេ ដ្បិត​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ហៅ​អ្នក​រៀបចំ​កម្មវិធី​ឲ្យ​ទៅ​ជួប និង​ធ្វើ​កិច្ចសន្យា​ថា​ពុំ​មាន​ចង​បដា និង​ប្រើ​ឧបករណ៍​ឧគ្ឃោសនស័ព្ទ​ដើម្បី​ឃោសនា​អ្វី​ឡើយ។

អាជ្ញាធរ​ក៏​បាន​ហាមប្រាម​មិន​ឲ្យ​ក្រុម​យុវជន​និយាយ​អ្វី​ដែល​ទាក់ទង​នឹង​រឿង​នយោបាយ ឬ​ជា​លក្ខណៈ​វាយ​ប្រហារ​រដ្ឋាភិបាល​ដែរ។

ចំណាត់ការ​បែប​នេះ​របស់​ក្រុម​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ធ្វើ​ឡើង​ដោយ​ឈរ​លើ​គោលការណ៍​ថា ក្រុម​យុវជន​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត ហើយ​អាជ្ញាធរ​បាន​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ធានា និង​រក្សា​ការពារ​ទាំងស្រុង​ចំពោះ​សុវត្ថិភាព និង​សន្តិសុខ​សណ្ដាប់ធ្នាប់​របស់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ តាំង​ពី​ពេល​ចេញ​ដំណើរ រហូត​ដល់​ត្រឡប់​មក​វិញ។ ក្រោយ​ពេល​ព្រមព្រៀង​គ្នា​ហើយ អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ចុះ​ប្រមូល និង​ដក​ហូត​ឯកសារ និង​បដា​របស់​ក្រុម​យុវជន​ដល់​លើ​ទូក ព្រម​ទាំង​ទាក់ទង​មក​អ្នក​បើក​ទូក​រហូត​អំពី​សកម្មភាព​លម្អិត​របស់​ក្រុម​យុវជន។

បើ​ទោះ​ជា​យឺតយ៉ាវ​ក្នុង​ការ​ចេញ​ដំណើរ​អស់​រយៈពេល​ជាង​មួយ​ម៉ោង ដោយសារ​ភាព​ប្រទាំង​ប្រទើស​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ក្តី ក្រុម​យុវជន​នៅ​បន្ត​សកម្មភាព​ជួបជុំ​គ្នា​នៅ​លើ​ទូក​ដូច​ធម្មតា រហូត​ដល់​ម៉ោង​ជាង ១​រសៀល​ទើប​បញ្ចប់។

អ្នក​រៀបចំ​កម្មវិធី និង​ជា​បុគ្គលិក​អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម កញ្ញា ចាប កនិដ្ឋា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ។ កញ្ញា​បញ្ជាក់​ថា សិក្ខាសាលា​នៅ​លើ​ទូក​បែប​នេះ មិន​បាន​បង្ក​ផល​ប៉ះពាល់​អ្វី​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​បង្ក​ជា​ការ​កក​ស្ទះ​ចរាចរណ៍​នោះ​ឡើយ ដែល​គួរ​តែ​អាជ្ញាធរ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ក្រុម​យុវជន។

កញ្ញា ចាប កនិដ្ឋា ថ្លែង​ថា គោល​បំណង​សំខាន់​នៃ​សិក្ខាសាលា​លើ​ទូក និង​យុទ្ធនាការ​ស្តី​អំពី​សកម្មភាព​យុវជន​ដើម្បី​ទន្លេ​មេគង្គ គឺ​ដើម្បី​ផ្លាស់ប្ដូរ​ចំណេះ​ដឹង និង​បទពិសោធន៍​ការងារ​ក្នុង​ចំណោម​យុវជន និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​ទន្លេ​មេគង្គ ព្រម​ទាំង​ផ្តល់​ឱកាស​ដល់​យុវជន ដើម្បី​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី និង​អភិបាលកិច្ច​ទឹក​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ។

កញ្ញា​បន្ត​ថា ការ​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ក្នុង​កិច្ច​ការពារ​ទន្លេ​មេគង្គ គឺ​ជា​រឿង​ចាំបាច់ ព្រោះ​យុវជន​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់ ដែល​ខ្លាំង​ពូកែ មាន​ចំណេះ​ដឹង​ច្រើន ព្រម​ទាំង​ពោរពេញ​ដោយ​ថាមពល។ ម្យ៉ាង​វិញ​ទៀត យុវជន​គឺ​ជា​អ្នក​ដែល​មាន​តួនាទី​គ្រប់គ្រង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ ដូចនេះ​វា​ចាំបាច់​ដែល​ពួក​គេ​ត្រូវ​ចូលរួម​ការពារ​ធនធាន​ទន្លេ​មេគង្គ​ឲ្យ​បាន​គង់វង្ស«ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ ដែល​យើង​លើក​ទឹក​ចិត្ត​ដល់​យុវជន​ចូលរួម​ក្នុង​កិច្ច​ការពារ ឬ​ក៏​ការងារ​សម្រេច​ចិត្ត​ផ្សេងៗ»

អ្នក​ជំនាញ និង​ជា​ទី​ប្រឹក្សា​យោបល់​ផ្នែក​បរិស្ថាន លោក ហែម ឧត្តម បញ្ជាក់​ថា ធនធាន​ក្នុង​ទន្លេ​មេគង្គ​បច្ចុប្បន្ន​នេះ កំពុង​ប្រឈម​នឹង​ហានិភ័យ​ពីរ​សំខាន់។ នោះ​គឺ​ការ​នេសាទ​ខុស​ច្បាប់ និង​គម្រោង​ទំនប់​វារីអគ្គិសនី​ធំៗ​ជាច្រើន​កន្លែង ដែល​អាច​បង្ក​វិនាសកម្ម​ធ្ងន់ធ្ងរ​ដល់​មច្ឆជាតិ និង​ជីវចម្រុះ​នៅ​តាម​ដង​ទន្លេ​មេគង្គ។ អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​រូប​នេះ សម្ដែង​ក្តី​ព្រួយ​បារម្ភ​ពីរ​យ៉ាង ទាក់ទង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី។ នោះ​គឺ​ជា​ការ​អភិវឌ្ឍ​មិន​មាន​និរន្តរភាព និង​មិន​មាន​សមធម៌«មិន​មាន​និរន្តរភាព មាន​ន័យ​ថា គាត់​អាច​បិទ​ទាញ​ភ្លើង​បាន​រយៈពេល​មួយ​មាន​កំណត់ ប៉ុន្តែ​នៅ​ក្មេង​ជំនាន់​ក្រោយ គាត់​អាច​នឹង​បាត់បង់​លទ្ធភាព​ប្រើប្រាស់​ធនធាន​ទន្លេ​នេះ​ត​ទៅ​ទៀត ហើយ​ការ​អភិវឌ្ឍ​ដែល​មិន​មាន​សមភាព ប្រយោជន៍​ជាទូទៅ​បាន​ទៅ​លើ​អ្នក​រស់នៅ​ទីក្រុង ដែល​គាត់​ត្រូវ​ប្រើប្រាស់​ភ្លើង​ច្រើន ប៉ុន្តែ​ផល​ប្រយោជន៍​ហ្នឹង យើង​អត់​ទាន់​ឃើញ​ច្បាស់​ថា​វា​នឹង​ចែក​រំលែក​ផល​ទៅ​ប្រជាពលរដ្ឋ​យ៉ាង​ដូចម្តេច»។

អ្នក​ជំនាញ​រូប​នេះ​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​គិតគូរ​អំពី​ថាមពល​កើត​ឡើង​វិញ ដូចជា​បន្ទះ​សូឡា ឬ​ថាមពល​ខ្យល់ ជា​ជាង​ការ​ផ្ដោត​ទៅ​លើ​តែ​ទំនប់​វារីអគ្គិសនី ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ។ លោក​ក៏​ជំរុញ​ឲ្យ​យុវជន​ទាំងអស់​ធ្វើ​សកម្មភាព​រួម​គ្នា ដើម្បី​ជួយ​ថែរក្សា​ធនធាន​ទន្លេ​មេគង្គ​ឲ្យ​បាន​គង់វង្ស។

យុវជន ជុំ ហួត ដែល​ជា​សកម្មជន​បរិស្ថាន ថ្លែង​ពី​បញ្ហា​ប្រឈម​ក្នុង​ការងារ​ថា មិន​សូវ​មាន​ការ​សហការ​ពី​អាជ្ញាធរ។ ក្រៅ​ពី​នេះ លោក​បញ្ជាក់​ថា លោក និង​សកម្មជន​បរិស្ថាន​ដទៃ​ទៀត​តែង​រង​នូវ​ការ​គំរាម​កំហែង​ពេល​ចុះ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន។ លោក​សំណូមពរ​ដល់​អាជ្ញាធរ ឲ្យ​ជួយ​សម្របសម្រួល និង​សហការ​ជាមួយ​សកម្មជន​ដូចជា​ពួក​លោក ដើម្បី​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​នៅ​ស្ថិតស្ថេរ​សម្រាប់​ពលរដ្ឋ​ខ្មែរ«រដ្ឋ​អំណាច ឬ​អាជ្ញាធរ​ដែល​នៅ​តាម​សហគមន៍ គាត់​គួរ​តែ​សហការ​ជាមួយ​ពួក​យើង​ពេញលេញ ព្រោះ​ពួក​យើង​ធ្វើ​នេះ​មិន​មែន​ជា​លក្ខណៈ​កេង​ចំណេញ​នយោបាយ​ណា​មួយ បក្ស​ណា​មួយ​ទេ គឺ​សម្រាប់​ប្រយោជន៍​សហគមន៍​ទាំង​មូល​តែ​ម្តង ដែល​កំពុង​តែ​ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី។ អ៊ីចឹង​រដ្ឋ​អំណាច​នៅ​សហគមន៍​ហ្នឹង គួរ​តែ​សហការ​ជាមួយ​ពួក​យើង​ឲ្យ​បាន​ពេញលេញ និង​ការពារ​សុវត្ថិភាព​របស់​ពួក​យើង​នៅ​ពេល​ដែល​ពួក​យើង​បំពេញ​កិច្ច​ការងារ​នៅ​តំបន់​ទាំងអស់​ហ្នឹង។ ទី​បី សូម​រដ្ឋាភិបាល​គិតគូរ​អំពី​ទុក្ខ​លំបាក​របស់​ប្រជាជន គួរ​តែ​ចាត់​មន្ត្រី​ជំនាញ​ណា​មួយ​ឲ្យ​ចុះ​ទៅ​សិក្សា និង​រៀន​សូត្រ​ពី​សហគមន៍​ឲ្យ​បាន​ច្រើន ដើម្បី​គាត់​យល់​ដឹង​ថា តើ​សហគមន៍​គាត់​ពេញ​ចិត្ត​អត់ ឬ​មួយ​គាត់​មិន​ពេញ​ចិត្ត ពេល​រដ្ឋាភិបាល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី»

កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៧ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង​ដល់​ប្រទេស​ឡាវ ដែល​កំពុង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) ដែល​រង​ការ​រិះគន់​ធ្ងន់ៗ​ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​ផ្នែក​អភិរក្ស​បរិស្ថាន យល់​ឃើញ​ថា ជំហរ​របស់​លោក ហ៊ុន សែន ដែល​គាំទ្រ​ឡាវ ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង អាច​ជា​មូលហេតុ​ដែល​ជួយ​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក គិត ម៉េង ចាប់​ផ្ដើម​គម្រោង​វារីអគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។