អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានចោទប្រកាន់ក្រុមហ៊ុនចិន ឈ្មោះ ម៉េង សេង ហុងហ្វា ថាបានលួចជីកយករ៉ែទង់ដែងពីក្រោមដីនៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ប្រមាណ ៣៤០តោន ក្នុងចន្លោះពេលដែលក្រុមហ៊ុននេះចប់អាជ្ញាប័ណ្ណធ្វើអាជីវកម្ម ហើយក្រសួងទុកពេលឲ្យរៀបចំលិខិតបទដ្ឋាននានា ដើម្បីស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មថ្មីបន្តទៀតនោះ។
បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុនចិន ឈ្មោះ ម៉េង សេង ហុងហ្វា ទៅកាន់តុលាការខេត្តកំពង់ធំ រួចហើយ។
អាជ្ញាធរខេត្តសៀមរាប និងប្រជាពលរដ្ឋខ្លះនៅឃុំខ្វាវ ស្រុកជីក្រែង កំពុងជំរុញឲ្យរដ្ឋាភិបាល ព្រមទាំងក្រសួងរ៉ែ និងថាមពល ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ប្រឆាំងនឹងក្រុមហ៊ុនចិន ឈ្មោះ ម៉េង សេង ហុងហ្វា ដើម្បីការពារដល់ធនធានរ៉ែមាស និងរ៉ែទង់ដែង ដែលមាននៅក្នុងតំបន់ការដ្ឋានអាជីវកម្មរបស់ក្រុមហ៊ុននោះ។
អភិបាលខេត្តសៀមរាប គឺលោក ឃឹម ប៊ុនសុង។ លោកមានប្រសាសន៍ថា លោកព្រួយបារម្ភចំពោះការបាត់បង់ធនធានរ៉ែទង់ដែងនៅក្រោមដី នាភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ដែលក្រុមហ៊ុនចិន ម៉េង សេង ហុងហ្វា បានជីកយកជាច្រើនរយតោនមកហើយនោះ។ លោកអភិបាលខេត្តសៀមរាប បានជំរុញតាមរយៈប្រធានមន្ទីររ៉ែ និងថាមពល ឲ្យរដ្ឋាភិបាល និងក្រសួងជំនាញ មានវិធានការជាបន្ទាន់ ដើម្បីបញ្ចប់សកម្មភាពរបស់ក្រុមហ៊ុនចិន កុំឲ្យធ្វើអាជីវកម្មជីករ៉ែទង់ដែងតទៅទៀត៖ «ក្នុងនាមអាជ្ញាធរខេត្ត គឺបានប្រាប់ទៅមន្ទីររ៉ែ និងថាមពល ហើយឲ្យពិនិត្យឲ្យបានហ្មត់ចត់ ដើម្បីរៀបរយកន្លែងនោះឲ្យបានត្រឹមត្រូវឡើងវិញ»។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅឃុំខ្វាវ ស្រុកជីក្រែង ក៏ចង់ឃើញចំណាត់ការរបស់រដ្ឋាភិបាលទៅលើក្រុមហ៊ុនចិន ដែលជីកយករ៉ែទង់ដែងនៅតំបន់ដែលពួកគេកំពុងរស់នៅនេះដែរ។
ស្ត្រីអ្នកភូមិព្រះធាតុ នៃឃុំខ្វាវ ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា តំបន់ដែលគាត់កំពុងរស់នៅ គឺមានរ៉ែមាស និងរ៉ែទង់ដែង។ ស្ត្រីដដែល មិនពេញចិត្តចំពោះក្រុមហ៊ុនចិន ដែលចូលទៅជីកយករ៉ែទង់ដែងនោះទេ៖ «ព្រួយបារម្ភរឿងអស់ជាតិរ៉ែ ជាតិអ្វីទៅ? តើប្រទេសខ្មែរវានឹងក្លាយទៅជាយ៉ាងណាទៅវិញ?»។
ទោះយ៉ាងណា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប លោក មាស ជូរ៉ានី បានឆ្លើយតបរឿងនេះថា លោកមិនហ៊ានចាត់វិធានការអ្វីចំពោះការដ្ឋានជីកយករ៉ែទង់ដែងរបស់ក្រុមហ៊ុនចិន ម៉េង សេង ហុងហ្វា នៅឡើយទេ ដោយរង់ចាំវិធានការនានាដែលនឹងដាក់ចេញពីក្រសួង។
ចំណែកអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា អះអាងថា ក្រសួងកំពុងចាត់វិធានការច្បាប់ប្រឆាំងនឹងក្រុមហ៊ុនចិន ម៉េង សេង ហុងហ្វា ដែលបានជីកយករ៉ែទង់ដែងពីក្រោមដីជាច្រើនរយតោន នៅឃុំខ្វាវ ស្រុកជីក្រែង នៃខេត្តសៀមរាប នោះហើយ។ លោកបានចោទប្រកាន់ក្រុមហ៊ុនចិន ម៉េង សេង ហុងហ្វា ថាបានលួចជីកយករ៉ែទង់ដែងរបស់ប្រទេសខ្មែរដោយខុសច្បាប់ ក្នុងចន្លោះពេលដែលក្រុមហ៊ុននេះដាច់អាជ្ញាប័ណ្ណធ្វើអាជីវកម្ម ហើយក្រសួងបានទុកពេលឲ្យក្រុមហ៊ុនរៀបចំបទដ្ឋានតាមបច្ចេកទេស ដើម្បីការពារបរិស្ថាន ព្រមទាំងស្នើសុំអាជ្ញាប័ណ្ណបន្តអាជីវកម្មសាជាថ្មី។ ក្រុមហ៊ុនចិន ឈ្មោះ ម៉េង សេង ហុងហ្វា បានចូលទៅជីកយករ៉ែទង់ដែងនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដោយបន្តអាជ្ញាប័ណ្ណពីក្រុមហ៊ុន ណឹប ម៉េង គ្រុប។ ក្រុមហ៊ុនចិន នេះ បានផុតអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែតាំងតែពីអំឡុងខែតុលា ឆ្នាំ២០១៤។
លោក ម៉េង សក្តិធារ៉ា ឲ្យដឹងថា ពេលនេះ ក្រសួងរ៉ែ និងថាមពល កំពុងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនចិន ចំនួន ២ចំណុច ដោយអនុវត្តទៅតាមមាត្រា៣៥ នៃច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែរបស់ប្រទេសកម្ពុជា៖ «វិធានការហ្នឹងចំនួន២។ ទី១ គឺការដកហូតអាជ្ញាប័ណ្ណមិនឲ្យក្រុមហ៊ុនចិន បន្តធ្វើអាជីវកម្មរ៉ែតទៅទៀត គឺក្រសួងបានអនុវត្តហើយ។ ចំណែកឯវិធានការទី២ ជារឿងព្រហ្មទណ្ឌ កំពុងតែដំណើរការនៅតុលាការខេត្តកំពង់ធំ»។
មន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា គេពុំបានពាក់ព័ន្ធ ឬក៏ឃុបឃិតឲ្យក្រុមហ៊ុនចិន ម៉េង សេង ហុងហ្វា នៅតែអាចជីកយករ៉ែទង់ដែងពីក្រោមដី នៅពេលដែលក្រុមហ៊ុននេះចប់អាជ្ញាប័ណ្ណរយៈពេលជាង ១ឆ្នាំនោះទេ ប៉ុន្តែក្រុមហ៊ុនបានលួចជីកយករ៉ែទង់ដែងរាប់រយតោនដឹកចេញទៅក្រៅប្រទេស នៅក្នុងអំឡុងពេលដែលក្រសួងរ៉ែ និងថាមពល ទុកពេលឲ្យក្រុមហ៊ុននេះរៀបចំឯកសារ និងលិខិតបទដ្ឋាននានា ដើម្បីសុំអាជ្ញាប័ណ្ណអាជីវកម្មបន្តនោះ។
ក្រសួងរ៉ែ និងថាមពល ឲ្យដឹងថា ចាប់តាំងពីក្រុមហ៊ុនចិន ម៉េង សេង ហុងហ្វា ដាច់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមក គឺក្រុមហ៊ុននេះបានលួចជីកយករ៉ែទង់ដែងពីក្រោមដី ហើយដឹកជញ្ជូនយកសារធាតុពាក់កណ្ដាលសម្រេចចំនួន ៣០០តោន ចេញទៅក្រៅប្រទេស។ ក្នុងចំណោមសារធាតុរ៉ែពាក់កណ្ដាលសម្រេចដែលដឹកចេញនោះ គឺសមត្ថកិច្ចខេត្តកំពង់ធំ ចាប់បានចំនួន ៤០តោនកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ។
ទោះយ៉ាងណា អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន រ៉ែ ថាមពល ពាណិជ្ជកម្ម ដែនដី នគរូបនីយកម្ម និងសំណង់ របស់រដ្ឋសភា មកពីគណបក្សប្រឆាំង លោក ម៉ៅ មុនីវណ្ណ ចាត់ទុកថា ការដែលរដ្ឋាភិបាលចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនធ្វើអាជីវកម្មលើធនធានរ៉ែរបស់ប្រទេសនេះ គឺមិនមានតម្លាភាពទេ ដោយសារតែរដ្ឋាភិបាលមិនបានឆ្លងកាត់ការអនុម័តពីរដ្ឋសភា។ អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ រូបនេះ បញ្ជាក់ថា ជាច្រើនឆ្នាំមកហើយ លោកធ្លាប់ឮថាមានក្រុមហ៊ុនបរទេសជាច្រើន បានចូលមកធ្វើអាជីវកម្មរ៉ែ ដូចជានៅខេត្តបាត់ដំបង នៅខេត្តក្រចេះ ខេត្តរតនគិរី ជាដើម។ អាជីវកម្មរ៉ែទាំងនោះ សុទ្ធតែមិនបានឆ្លងកាត់ការអនុម័តពីរដ្ឋសភាទេ៖ «ពេលដែលយើងសួរទៅខាងរដ្ឋមន្ត្រីអី គាត់ឆ្លើយថា អាហ្នឹងទើបតែសិក្សាស្រាវជ្រាវទេ។ ដល់ពេលភាពពិតជាក់ស្ដែង គឺវាមានធ្វើអាជីវកម្មហើយ»។
សមាជិកសភាមកពីគណបក្សប្រឆាំងឲ្យដឹងថា ចាប់តាំងពីចុងខែមករា ឆ្នាំ២០១៦ គឺសភាបានធ្វើវិស្សមកាលរយៈពេល ៣ខែ ប៉ុន្តែពេលដែលសភាបញ្ចប់វិស្សមកាលនៅខែមេសា ខាងមុខ គឺគេមានគម្រោងនឹងចុះពិនិត្យមើលនៅតាមកន្លែងដែលក្រុមហ៊ុនជីកយករ៉ែទាំងនោះឲ្យបានព័ត៌មានពិតប្រាកដ ដើម្បីឈានទៅរកការកោះហៅមន្ត្រីរដ្ឋាភិបាលខ្លះមកសាកសួរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
