ការអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនវិនិយោគលើកោះដ៏ប្រណិតមួយនេះ បានធ្វើឲ្យអង្គការសង្គម ស៊ីវិលមួយចំនួនមានការសោកស្ដាយ ហើយខ្លះទៀតសម្ដែងក្ដីបារម្ភពីផលប៉ះពាល់ផ្សេងៗកើតចេញពីសម្បទានសេដ្ឋកិច្ចនេះ។
កោះទន្សាយក្នុងខេត្តកែប ដែលមានផ្ទៃដីទំហំ ៦៧.៩៥ហិកតារ ត្រូវបានក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធនានា និងតំណាងក្រុមហ៊ុនកំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍លើកោះនេះ។
សេចក្ដីរាយការណ៍លើគេហទំព័រគណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា មន្ត្រីរដ្ឋាភិបាល តំណាងក្រុមហ៊ុន ពូ ចាំ ហ្រ្គុប (Pau Cham Group) និងអ្នកពាក់ព័ន្ធក្នុងរឿងនេះ បានបើកកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៣ ដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថានលើគម្រោងវិនិយោគកោះទន្សាយដែលមានរយៈពេល ៩៩ឆ្នាំ។
សេចក្ដីរាយការណ៍បានដកស្រង់សម្ដីឯកឧត្ដម ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថា ការអភិវឌ្ឍកោះទន្សាយ គឺជាការចូលរួមលើកស្ទួយខេត្តកែប ឲ្យកាន់តែមានភ្ញៀវទេសចរច្រើនឡើង លើកស្ទួយប្រជាសហគមន៍ឲ្យកាន់តែរីកចម្រើន និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋក្នុងតំបន់នោះ។ ក្រៅពីបង្ហាញនូវសុទិដ្ឋិនិយមចំពោះការផ្ដល់វិនិយោគឲ្យក្រុមហ៊ុនឯកជនមួយនេះ មន្ត្រីរដ្ឋាភិបាលក៏បានតម្រូវឲ្យក្រុមហ៊ុនកសាងហេដ្ឋារចនាសម្ពន្ធផ្សេងៗនៅលើកោះដ៏ប្រណិតនេះផងដែរ ដូចជាសាលារៀន មណ្ឌលសុខភាព និងផ្លូវថ្នល់ ហើយឲ្យក្រុមហ៊ុនត្រូវរក្សាទុកព្រៃឈើ ឲ្យលើសពី ៧០%។ ក្រៅពីនេះ លោក ម៉ុក ម៉ារ៉េត ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើយ៉ាងណាត្រូវដោះស្រាយបញ្ហាដីធ្លីជាមួយពលរដ្ឋឲ្យបានរួចរាល់ជាមុនសិនមុននឹងធ្វើការអភិវឌ្ឍ។
លើសពីនេះទៀត មន្ត្រីរដ្ឋាភិបាលក៏បានសំណូមពរឲ្យក្រុមហ៊ុនបង្កើតមូលនិធិសង្គមនិងបរិស្ថាន ដើម្បីប្រើប្រាស់ក្នុងពេលដែលមានបញ្ហាកើតឡើងដោយចៃដន្យនូវគ្រោះមហន្តរាយកើតចេញពីការបំពុលបរិស្ថាន និងសម្រាប់ដោះស្រាយផលប៉ះពាល់របស់ប្រជានេសាទ មច្ឆាជាតិ ស្មៅសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រជាដើម។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរីមិនទាន់អាចសុំសេចក្ដីពន្យល់បន្ថែមជុំវិញបញ្ហានេះពីមន្ត្រីក្រសួងបរិស្ថាន និងពីតំណាងក្រុមហ៊ុន ពូ ចាំ គឺឧកញ៉ា វិញ ហួរ បាននៅឡើយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ នេះ។
អភិបាលខេត្តកែប លោក កែ ស៊ីថា នៅថ្ងៃទី៣១ សីហា ឆ្នាំ២០១៣ បានឲ្យដឹងថា លោកមិនទាន់ដឹងច្បាស់ថា តើគម្រោងវិនិយោគអភិវឌ្ឍន៍នឹងត្រូវចាប់ផ្ដើមនៅពេលណានៅឡើយ តែក្នុងពេលនេះវាជាដំណាក់កាលដែលទាំងភាគីក្រសួង និងក្រុមហ៊ុនសិក្សាពីផលប៉ះពាល់ផ្សេងៗពីការអភិវឌ្ឍនេះ ពិសេសគឺផលប៉ះពាល់បរិស្ថាន។ លោកបន្ថែមថា ប្រសិនបើក្រុមហ៊ុនទទួលសិទ្ធិវិនិយោគគោរពតាមច្បាប់និងលក្ខខណ្ឌបានកំណត់នោះ ការវិនិយោគនេះនឹងធ្វើឲ្យជីវភាពពលរដ្ឋលើកោះទន្សាយនិងនៅតំបន់ក្បែរៗនោះរីកចម្រើន។
លោកសង្ឃឹមថា បន្ទាប់ពីកោះទន្សាយត្រូវបានអភិវឌ្ឍន៍ចំនួនភ្ញៀវទេសចរនឹងមានការកើនឡើង ពេលនោះពលរដ្ឋអាចស្វែងរកប្រាក់ចំណូលបានច្រើន ហើយវានឹងធ្វើឲ្យកម្រិតជីវភាពរបស់ពលរដ្ឋក៏មានការកើនឡើងទៅតាមនោះដែរ៖ «រដ្ឋអត់មានថវិកាសម្រាប់ធ្វើខ្លួនឯងទេ ហើយរឿងអ៊ីចឹងៗច្រើនតែសេដ្ឋកិច្ចទីផ្សារទេ ច្រើនតែមកធ្វើអ៊ីចឹង។ យើងតាមដានត្រួតពិនិត្យគាត់តាមច្បាប់ទៅ ដើម្បីទទួលបាននូវកំណើនភ្ញៀវទេសចរ ប្រជាជនយើងក៏បង្កើនមុខរបរតាមហ្នឹងដែរ»។
លោក ចាន់ សុវ៉េត អនុប្រធានកម្មវិធីដីធ្លីនិងធនធានធម្មជាតិសមាគមអាដហុក ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា ពុំទាន់មានធនធានគ្រប់គ្រាន់ដើម្បីធ្វើការអភិវឌ្ឍកោះទន្សាយដោយខ្លួនឯងទេ តែលោកថា អ្វីដែលលោកព្រួយបារម្ភនោះ គឺក្រុមហ៊ុនឯកជនតែងឆ្លៀតឱកាសកេងយកចំណេញដោយពុំបានគោរពតាមគោលការណ៍ច្បាប់ឲ្យបានត្រឹមត្រូវ ហើយនៅពេលដែលរដ្ឋាភិបាលព្រងើយកន្តើយមិនពិនិត្យមើលការអនុវត្តរបស់ក្រុមហ៊ុន ពេលនោះរដ្ឋខាតបង់ផលប្រយោជន៍ទៅឲ្យក្រុមហ៊ុន ហើយពលរដ្ឋក្នុងតំបន់នោះ ក៏មិនមានការរីកចម្រើនដែរ។
លោកថា មុននឹងរដ្ឋាភិបាលប្រគល់សិទ្ធិឲ្យក្រុមហ៊ុន ឯកជនណាមួយវិនិយោគក្នុងតំបន់ណាមួយរដ្ឋាភិបាលត្រូវសិក្សាឲ្យបានត្រឹមត្រូវ៖ «បើសិនជាមានការវាយតម្លៃត្រឹមត្រូវ ប្រហែលជាមិនសូវខុសឆ្គងប៉ុន្មានទេ លើកលែងតែមិនមានការវាយតម្លៃដ៏ត្រឹមត្រូវ អ៊ីចឹងវាអាចមានមហន្តរាយកើតឡើង ហើយប៉ះពាល់ដល់ត្រី ធនធានធម្មជាតិ តាំងពីក្រោមទឹកតាំងពីលើទឹក ហើយប៉ះពាល់មុខរបរប្រជាពលរដ្ឋទៀត ហើយប្រជាពលរដ្ឋមួយចំនួនបានយកទីតាំងនេះធ្វើជាមុខរបរប្រចាំអាយុជីវិតគាត់ អ៊ីចឹងត្រូវតែមានការស៊ើបអង្កេត និងវាយតម្លៃរកមធ្យោបាយដោះស្រាយដោយសន្តិវិធីធ្វើយ៉ាងណាឲ្យពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីតំបន់ហ្នឹងដែរ»។
ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងសិទ្ធិវិនិយោគអភិវឌ្ឍឲ្យក្រុមហ៊ុនឯកជនភាគច្រើនធ្វើឲ្យអង្គការសង្គមស៊ីវិលសម្ដែងក្តីព្រួយបារម្ភចំពោះផលប៉ះពាល់ផ្សេងៗកើតចេញពីសម្បទានទាំងនេះ ដោយហេតុថា កន្លងមកការផ្ដល់ដីសម្បទានឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគតែងធ្វើឲ្យមានអំពើហិង្សាកើតឡើងរវាងពលរដ្ឋដែលជាម្ចាស់ដីនិងក្រុមហ៊ុន។ ដោយសារមូលហេតុនេះហើយ ទើបកាលពីខែឧសភា ឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាផ្អាកការផ្ដល់ដីសម្បទានថ្មីបន្ថែមទៀតឲ្យទៅក្រុមហ៊ុនឯកជន និងពិនិត្យតាមដានមើលឡើងវិញនូវការអនុវត្តរបស់ក្រុមហ៊ុនដែលបានទទួលដីសម្បទានរួចហើយ។ វិធានការនេះត្រូវបានគាំទ្រពីពលរដ្ឋជាទូទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។