មន្ទីរទេសចរខែត្រស្ទឹងត្រែង និងអង្គការសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ (EGC) បាននាំយុវជន និងសិស្សានុសិស្ស រួមទាំងនិស្សិតជាង ២០០នាក់ នៅព្រឹកថ្ងៃទី៩ ខែមីនា ដើររើសសំរាមនៅក្រុងស្ទឹងត្រែង ដើម្បីបញ្ជ្រាបស្មារតីពលរដ្ឋឲ្យយល់ដឹងពីការថែរក្សាអនាម័យ ជាពិសេសការវេចខ្ចប់ទុកដាក់សំរាមត្រឹមត្រូវ។
យុវសិស្ស ឈ្មោះ ឡុង កាន់កេសី ដែលចូលរួមយុទ្ធនាការនោះ និយាយថា ក្រុមយុវសិស្សបានដើររើសសំរាម គឺជាសញ្ញាចង់ពញ្ញាក់ស្មារតីដល់ពលរដ្ឋ និងក្រុមអាជីវករនានា ឲ្យផ្ដោតការយកចិត្តទុកដាក់ធ្វើអនាម័យសម្អាតសំរាមនៅក្បែរទីកន្លែងលក់ដូររបស់ខ្លួន ដើម្បីរួមចំណែកថែរក្សាបរិស្ថានស្អាត។
យុវសិស្សរូបនេះចង់ឲ្យពលរដ្ឋទូទៅចេះស្រឡាញ់បរិស្ថាន ដោយយកចិត្តទុកដាក់វេចខ្ចប់សំរាមឲ្យបានល្អ ដើម្បីធ្វើឲ្យមានសោភ័ណភាពក្នុងក្រុង ដែលជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ៖ «សូមឲ្យពុកម៉ែបងប្អូនរស់នៅតាមដងទន្លេមេគង្គ សូមកុំចោលសំរាមតាមដងទន្លេមេគង្គ។ សូមជួយចូលរួមថែរក្សាបរិស្ថានយើងទាំងអស់គ្នា»។
ប្រធានមន្ទីរទេសចរណ៍ខែត្រស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន មានប្រសាសន៍ថា គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីបំផុសស្មារតីពលរដ្ឋឲ្យយល់ពីការថែរក្សាអនាម័យដោយផ្ដើមពីយើងទាំងអស់គ្នា។ លោកយល់ថា ក្រុមយុវជន ឬសិស្សានុសិស្សគឺជាក្រុមស្នូល និងជាគំរូដើម្បីទាក់ទាញពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមសកម្មភាពថែរក្សាបរិស្ថាន និងរៀបចំអនាម័យតាមទីសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
