ប្រជាពលរដ្ឋច្រើនភូមិក្នុងឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សុំឲ្យក្រសួងធនធានទឹក ពន្យារការបើកទឹកប្រឡាយមេលេខ៦៣ រហូតចុងខែធ្នូ ចាំបិទទឹកដើម្បីឲ្យស្រូវទុំ។
ពលរដ្ឋភូមិត្បូងក្តី លោក ខៀវ ទឹម ថ្លែងថា ស្រូវអ្នកភូមិក្នុងឃុំបាគូ ដែលស្ទូងមិនបានដើមរដូវវស្សា កំពុងខ្វះទឹកធ្ងន់ធ្ងរ ខណៈការិយាល័យធនធានទឹកស្រុកកណ្ដាលស្ទឹង ប្រញាប់បិទទឹកប្រឡាយតាមគម្រោងជួសជុលប្រឡាយមេលេខ៦៣នោះ។
លោកបន្តថា ស្រូវគាត់នឹងអាចប្រមូលផលបានប្រមាណតែ ១% ប៉ុណ្ណោះ៖ «ពួកខ្ញុំសុំតវ៉ាថា ថ្ងៃ២៥ ខែ១២ ឬក៏ថ្ងៃ៣០ ប៉ុន្តែការបិទហ្នឹង គេបិទតាំងពីថ្ងៃ២៥ ខែ១១»។
កញ្ញា សុគន្ធា បន្ថែមថា ស្រូវវស្សាដែលហៀបឱនដាក់គ្រាប់ បែរជាខ្វះទឹកមិនអាចឲ្យស្រូវទុំពេញទឹកបាន ព្រោះតែការបង្ខំបិទទឹកដើម្បីជួសជុលប្រឡាយមេលេខ៦៣នោះ។ កញ្ញាបន្តថា ការជួសជុលត្រូវតែធ្វើចាំបាច់ហើយ ប៉ុន្តែសុំមេត្តាឲ្យស្រូវប្រជាពលរដ្ឋទុំសិន ព្រោះទឹកមានក្នុងប្រឡាយមិនមែនរាំងស្ងួតទេ៖ «ទឹកមានតែមិនបើឲ្យ។ វាខ្វះទឹក និយាយទៅជិតដល់ទុំហើយ វាចេញមកហើយ។ អ្នកខ្លះជិតទុំ ហើយអ្នកខ្លះទៀតទើបចេញមក ហើយអត់ទាន់មានគ្រាប់ទេ»។
លោក ព្រំ នឿន នៅភូមិពោធិ៍ដុះ ថ្លែងថា ស្រូវគាត់ប្រមាណ ១ហិកតារ ទំនងជាស្កកព្រោះទឹកក្នុងស្រែស្ងួត ឯស្រូវទើបបង្ហើមចេញផ្កាមួយៗ។ លោកសុំឲ្យការិយាល័យធនធានទឹកបើកទឹកជួយសង្គ្រោះស្រូវឲ្យរស់សិន ព្រោះពលរដ្ឋមិនបានត្រៀមម៉ាស៊ីនបូមទឹកដូចកាលពី ១០ឆ្នាំមុន ដែលប្រឡាយមេមិនទាន់សង់ ពេលនោះអ្នកភូមិត្រៀមម៉ាស៊ីនបូមយកទៅបូមទឹកពីស្ទឹងកំពង់កន្ទួត ស្រោចស្រូវ។
មេឃុំបាគូ លោក សុខ បឿន ឲ្យដឹងថា ការិយាល័យធនធានទឹកបានបិទទឹកតាំងពីថ្ងៃ២៥ ខែវិច្ឆិកា។ លោកថា ស្រូវពលរដ្ឋក្នុងភូមិពោធិ៍ដុះ ភូមិត្បូងក្តី និងភូមិវាលកណ្តោល ខ្វះទឹកខ្លាំងជាងគេ លើផ្ទៃដីស្រូវវស្សា ៨០ហិកតារ។ លោកថា អាជ្ញាធរឃុំនិងប្រជាពលរដ្ឋបានរត់ទៅសុំបើកទឹកពីមន្ត្រីធនធានទឹកច្រើនដង ប៉ុន្តែខាងការិយាល័យធនធានទឹកមិនអនុញ្ញាត។
លោកថា មានស្រូវ ១០ហិកតារ ដែលគេត្រៀមច្រូតកន្លះខែទៀត អាចថាបានស្រូវខ្លះ។ ឯស្រូវជាង ៦០ហិកតារទៀត គឺខ្វះទាំងស្រុង ដោយអាជ្ញាធរនិងពលរដ្ឋកំពុងសហការជួលម៉ាស៊ីនបូមទឹកពីប្រឡាយជប៉ុន បញ្ចូលស្រែដែលនៅជិតប្រឡាយបានខ្លះ។ ចំណែកស្រែលើ ហើយនិងស្រូវទើបស្ទូងលើកទី២ ទំនងជាស្កកស្រូវនោះទាំងអស់ ព្រោះទឹកមានតែមិនបើកឲ្យប្រើ៖ «ហើយស្រូវ ៦០ប្លាយហិកតារ បើសិនណាអាចសង្គ្រោះ គឺបានតែអ្នកជាប់ៗ ជិតៗ មេទឹកហ្នឹង គឺអាចបានខ្លះដែរ»។
ប្រធានការិយាល័យធនធានទឹកស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោក អ៊ុន វុធី ថ្លែងថា ការបិទទឹកនេះ គឺក្រសួងធនធានទឹកបញ្ជាឲ្យបិទទឹកចាប់ពីដើមខែវិច្ឆិកា ដើម្បីឲ្យអង្គការចៃកា (JICA) ជួសជុលប្រឡាយមេលេខ៦៣។ ប៉ុន្តែស្រូវក្នុងស្រែនៅស្រុកកណ្ដាលស្ទឹង មិនទាន់ចេញផ្កានៅឡើយ ទើបការិយាល័យធនធានទឹកបន្តឲ្យប្រើទឹកប្រឡាយនោះ ដល់ថ្ងៃ២៥ ខែវិច្ឆិកា ដោយសារតែការពន្យារឲ្យប្រើទឹកប្រឡាយនោះគាត់រងនូវការបន្ទោស ព្រោះគម្រោងជួសជុលប្រឡាយមេលេខ៦៣ គ្រោងធ្វើពីខែ១១ ឆ្នាំ២០១៣ ដល់ខែមេសា ឆ្នាំ២០១៤។ ហេតុនេះការិយាល័យធនធានទឹកមិនអាចបន្តបើកសន្ទះទឹកឲ្យអ្នកភូមិប្រើទៀតបានទេ។
លោក អ៊ុន វុធី៖ «ហើយប្រជាជនដែលគាត់នៅខ្វះខាតទឹក ខ្ញុំទៅមើលតាមជាក់ស្ដែងហើយ គាត់គ្រាន់តែស្ទើរបន្តិចបន្តួចទេ...។ បើនិយាយពីបញ្ហារឿងស្កក វាអត់ស្កកទេ ក៏ប៉ុន្តែគ្រាន់ថា វាខ្វះខាតបន្តិចបន្តួចទេ ទឹក»។
មន្ត្រីដដែលឲ្យដឹងថា ក្រសួងធនធានទឹកបានប្រកាសឲ្យអ្នកភូមិត្រៀមទឹកទុកប្រើប្រាស់ស្រោចស្រពតាំងពីដើមឆ្នាំ ដើម្បីឲ្យកសិកររូតរះស្តុកទឹកទុក ព្រោះទំនប់មេលេខ៦៣ ទ្រុឌទ្រោម ដែលចាំបាច់ត្រូវកែលម្អក្នុងឆ្នាំ២០១៤ ដើម្បីពង្រីកការប្រើប្រាស់ទឹកប្រឡាយនោះទៅដល់រាជធានីភ្នំពេញ។ ទោះជាយ៉ាងណា អាជ្ញាធរឃុំបាគូ និងប្រជាពលរដ្ឋម្ចាស់ស្រែនៅតែព្យាយាមសុំឲ្យការិយាល័យធនធានទឹក បង្ហូរទឹកខ្លះតាមប្រឡាយតូចៗ ដើម្បីសង្គ្រោះស្រូវសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
