សហគមន៍​អារ៉ែង​​ត្រៀម​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​បញ្ជាក់​ពី​ការ​លុប​គម្រោង​ទំនប់​វារីអគ្គិសនី

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង នៅ​តំបន់​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះកុង ២០​នាក់ ធ្វើ​ដំណើរ​មក​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ទី​៥ តុលា ដើម្បី​ត្រៀម​ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​លិខិត​ជា​លាយលក្ខណ៍អក្សរ​លុប​ចោល​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង​ចោល និង​ប្រែក្លាយ​អារ៉ែង ជា​តំបន់​អភិវឌ្ឍន៍​អេកូ​ទេសចរណ៍​ធម្មជាតិ។

គម្រោង​ស្នើ​សុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បញ្ជាក់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ថា​មិន​ទាន់​អនុវត្ត​គម្រោង​ទំនប់​វារីអគ្គិសនី​តំបន់​អារ៉ែង​ទេ នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ។

ប្រធាន​សមាគម​ជនជាតិ​ជង លោក វ៉ែន វ៉ន បញ្ជាក់​ជំហរ​ថា បើ​គ្មាន​ការ​ប្រកាស​ផ្លូវការ​ពី​លោក ហ៊ុន សែន នោះ​ជនជាតិ​ជង​នៅ​អារ៉ែង នៅ​មិន​ទាន់​ទុក​ចិត្ត​បាន​ចំពោះ​ផែនការ​លុបចោល​គម្រោង​ទំនប់​វារីអគ្គិសនី​អារ៉ែង​ឡើយ៖ «មាន​គម្រោង​ចង់​ឲ្យ​សម្ដេច​នាយក​ធ្វើ​ឯកសារ​ប្រកាស​ជា​ផ្លូវការ​លុប​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ជា​ផ្លូវការ។ ទី​២​ទៀត​ពួក​ខ្ញុំ​ចង់​សុំ​ឯកសារ​សិក្សា​ពី​ក្រុមហ៊ុន SBK ពី​ដើម​ឆ្នាំ​២០១៤ ត្រឡប់​មក​វិញ ទី​៣​ទៀត​ពួក​ខ្ញុំ​ចង់​ឲ្យ​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​ជំរុញ​ឲ្យ​តំបន់​ហ្នឹង​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ»

តាម​ផែនទី​របស់​អង្គការ ស៊ី.អាយ (Conservation International) និង​រដ្ឋបាល​ព្រៃឈើ​បង្ហាញ​ថា តំបន់​អារ៉ែង​មាន​ទំហំ​ជាង ២​ម៉ឺន​ហិកតារ ហើយ​សត្វ​កម្រ និង​សត្វព្រៃ​ចំនួន​ជាង ២០០​ប្រភេទ នឹង​រង​ផល​ប៉ះពាល់​ពី​ការ​សាង​សាង​ទំនប់​វារីអគ្គិសនី។
លិខិត​បំភ្លឺ​មួយ​របស់​ក្រសួង​រ៉ែ​និង​ថាមពល​បាន​បង្ហាញ​ថា ក្រសួង​បាន​សិក្សា​បឋម​ជាមួយ​អ្នក​ជំនាញ​ពី​ផល​ប៉ះពាល់​នានា​ពាក់ព័ន្ធ​នឹង​បក្សី ថនិកសត្វ និង​មច្ឆាជាតិ ដោយ​ត្រួត​ពិនិត្យ​អំពី​លក្ខខណ្ឌ​រស់​នៅ និង​ចរាចរណ៍​របស់​សត្វ​ទាំង​នោះ ដើម្បី​រក​វិធី​ធ្វើការ​អភិរក្ស និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ឲ្យ​នៅ​តិច​បំផុត។ លិខិត​នោះ​សរសេរ​ទៀត​ថា គម្រោង​នៃ​ការ​អភិវឌ្ឍ​វារីអគ្គិសនី​ស្ទឹង​អារ៉ែង ខេត្ត​កោះកុង​នេះ គឺ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

ប៉ុន្តែ​ជនជាតិភាគតិច​ជង​រស់​នៅ​តំបន់​នោះ និង​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ផែនការ​អភិវឌ្ឍន៍​ដែល​ជា​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ ទំនង​ជា​ជំរុញ​ឲ្យ​ពួកគាត់​វិល​ទៅ​រក​ភាព​ក្រីក្រ​ទៅ​វិញ ដោយ​ត្រូវ​បង្ខំ​ឲ្យ​ពួក​គាត់​ចាកចេញ​ពី​លំនៅឋាន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។