អ្នក​នៅ​អារ៉ែង​រំពឹង​ថា​ភ្ញៀវ​ទេសចរ​អាច​ជួយ​ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី

0:00 / 0:00

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយអារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះកុង នៅ​មិន​ទាន់​ចេញ​ប្រាកដប្រជា​នៅ​ឡើយ។ ស្រប​ពេល​គ្នា​នេះ អ្នក​ការពារ​បរិស្ថាន និង​ប្រជា​សហគមន៍​កំពុង​រិះរក​មធ្យោបាយ​ការពារ​តំបន់​អារ៉ែង ឲ្យ​គេច​ផុត​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី។ មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ជា​ច្រើន​ដើម្បី​ការពារ​បរិស្ថាន​ធម្មជាតិ​នៅ​តំបន់​ជាយ​អារ៉ែង គឺ​ជា​ការ​រៀបចំ​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរ។

«សំឡេង​នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​ការងារ​ទទួល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នៅ​តំបន់​អារ៉ែង»៖ នេះ​ជា​កិច្ច​ប្រជុំ​របស់​ក្រុម​ចលនា​មាតា​ធម្មជាតិ​កាល​ពី​ចុង​សប្តាហ៍​មុន ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ទទួល​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​តំបន់​អារ៉ែង។ នៅ​ដើម​ខែ​វិច្ឆកា ខាង​មុខ ភ្ញៀវទេសចរ​បរទេស​និង​ខ្មែរ​យ៉ាង​ហោច​ណាស់ ១៥​នាក់ នឹង​ទៅ​ដើរ​លេង​ក្រេប​រសជាតិ​ធម្មជាតិ​ព្រៃ​ភ្នំ ថត​រូប ស្ទួច​ត្រី​នៅ​តំបន់​អារ៉ែង។ អ្នក​ទេសចរ​ទាំង​នោះ​នឹង​ត្រូវ​ចាយ​ប្រាក់​ក្នុង​ម្នាក់ៗ ១៥០​ដុល្លារ ក្នុង​ដំណើរ​កម្សាន្ត​រយៈពេល ៣​យប់ ៤​ថ្ងៃ។

អ្នក​រៀបចំ​ដំណើរ​ទស្សនាចរ​នេះ គឺ​ជា​ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែល​ជា​អ្នក​ចេញ​មុខ​ការពារ​បរិស្ថាន​តំបន់​អារ៉ែង។ លោក​រៀបរាប់​ថា ប្រាក់​ចំណាយ​របស់​អ្នក​ទេសចរ​ទាំង​អស់ នឹង​ត្រូវ​បែងចែក​សម្រាប់​ថ្លៃ​អាហារ ថ្លៃ​ធ្វើ​ដំណើរ ស្នាក់នៅ​របស់​អ្នក​ទេសចរ និង​មួយ​ផ្នែក​ទៀត​ដាក់​សន្សំ​ក្នុង​សហគមន៍​ទេសចរណ៍​នៅ​តំបន់​អារ៉ែង។

លោក​បន្ត​ថា តាម​ពិត​មាន​អ្នក​ទេសចរ​ជា​ច្រើន​ចាប់​អារម្មណ៍​ទៅ​កម្សាន្ត​នៅ​អារ៉ែង តាំង​ពី​ដើម​ឆ្នាំ​២០១៤ មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​សហគមន៍​អារ៉ែង ជាប់​ដៃ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ទើប​ខកខាន​មិន​បាន​ទទួល​ភ្ញៀវ៖ «អ្វី​ដែល​យើង​ជជែក​គ្នា​នេះ គឺ​និយាយ​ពី​ការ​ទទួល​ភ្ញៀវ​ក្នុង​១​អាទិត្យ ៧​នាក់​សិន ហើយ​ថ្ងៃ​ក្រោយ យើង​នឹង​ទទួល​ភ្ញៀវ​ច្រើន​ក្រុម​ផ្សេង​ទៀត អាច​ក្រុម​ខ្លះ​ទៅ​អារ៉ែង ក្រុម​ខ្លះ​ទៅ​ជំនាប់ ខ្លះ​ទៅ​ឱរ៉ាល់ និង​ពោធិ៍សាត់ ជាដើម។ អារ៉ែង មាន​ផ្ទៃ​ដី​ប្រមាណ​ជាង ២​ម៉ឺន​ហិកតារ​មែន តែ​បើ​គិត​តំបន់​ក្បែរៗ​ខាង​នោះ សរុប​យ៉ាង​តិច​ណាស់​ក៏​មាន ១​សែន​ហិកតារ​ដែរ»

បើ​តាម​គម្រោង ភ្ញៀវ​ទេសចរ​ទាំង ១៥​នាក់​នោះ នឹង​ត្រូវ​ទៅ​កម្សាន្ត​កន្លែង​មួយ​ចំនួន ដូចជា៖ ឆាយតាហ៊ីង ស្ទឹងអារ៉ែង ល្អាង​កង្កែបម្រេច និង​ដើរ​កម្សាន្ត​សិក្សា​ស្វែង​យល់​ពី​ជីវភាព​រស់​នៅ ព្រមទាំង​ប្រពៃណី​ជនជាតិ​ភាគ​តិច​ជង។

តំបន់​ឆាយ​តាហ៊ីង ស្ថិត​ពាក់​កណ្តាល​ផ្លូវ​លំ​ពី​ស្រុក​ថ្មបាំង ទៅ​កាន់​តំបន់​អារ៉ែង។ កន្លែង​នេះ​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​ពេល​យប់ ចុះ​អ័ព្ទ​ច្រើន​ពេល​ព្រឹក ហើយ​ថ្ងៃ​បើក​ក្តៅ​ខ្លាំង​នៅ​ពេល​រសៀល។ អ្នក​ទេសចរ​អាច​ងូត​ទឹក​លេង​កម្សាន្ត មើល​អន្លង់​ត្រីនាគ និង​មើល​អន្លង់​ក្រពើ​នៅ​ក្បែរ​នោះ ហើយ​អាច​មើល​ឃើញ​សត្វ​ស្វា សត្វ​ទោច​នៅ​ប្រប​មាត់​ទឹក​ផង​ដែរ។

ឆាយតាហ៊ីង មាន​ផ្ទាំង​ថ្ម​ធំៗ​រាប់​សិប​ផ្ទាំង​ពាសពេញ​ផ្ទៃ​ទឹក​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ភ្ញៀវទេសចរ​ក្នុង​ការ​ងូត​ទឹក​កម្សាន្ត។ កន្លែង​នេះ​ជា​ទីតាំង​ដែល​អ្នក​ស្រុក​តំបន់​អារ៉ែង​និយម​ប្រមូល​គ្នា​ទៅ​ងូត​ទឹក​លេង​កម្សាន្ត​រៀង​រាល់​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

ចំណែក​ឯ​ស្ទឹង​អារ៉ែង​វិញ អ្នក​ទេសចរណ៍​អាច​ងូត​ទឹក​ស្ទឹង ជិះ​ទូកលេង ស្ទួចត្រី ហែល​ទឹក និង​ដើរ​បេះ​ផល្លា​ព្រៃ​តាម​មាត់បឹង​ទៅ​មើល​ចំការ​អ្នក​ភូមិ​នៅ​ក្បែរៗ​នោះ​ក៏​បាន។ ទឹក​ស្ទឹង​អារ៉ែង នៅ​ខែ​អស្សុជ កត្ដិក ថ្លា​ឈ្វេង​ត្រជាក់​ស្រឹប មើល​ធ្លុះ​ដល់​បាត​ដី។ នៅ​អម​មាត់​ស្ទឹង​មាន​ដើម​គរគី ដើម​នាងនួន ដុះ​ច្រូង​តម្រៀប​គ្នា​ជា​ជួរៗ ខ្លះ​ធំ​ខ្លះ​តូច បង្អួត​សម្រស់​គួរ​ឲ្យ​គយ​គន់។

ក្រៅ​ពី​ទឹក​និង​ព្រៃ នៅ​ស្ទឹង​អារ៉ែង ក៏​មាន​សត្វ​ស្លាប​មួយ​ចំនួន​រស់​នៅ​ដែរ ដូចជា កុក ទុង កេងកង គ្រលេងគ្រលោង សារិកា។ សត្វ​ទាំង​នោះ​យំ​ទ្រហឹង​ប្រជែង​សំឡេង​ទឹក​ហូរ និង​សំឡេង​ខ្យល់​បោកបក់​ដើម​គគីរ។ ប៉ុន្តែ​អ្នក​ទេសចរ​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច​នៅ​ពេល​ចុះ​ងូត​ទឹក ព្រោះ​ទឹក​ស្ទឹង​អារ៉ែង មាន​ឈ្លើង​ច្រើន​គួរ​សម។

កន្លែង​កម្សាន្ត​បន្ទាប់ គឺ​ល្អាង​កង្កែប​ម្រេច។ ល្អាង​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​ជំនាប់ ឃុំ​ជំនាប់ ក្នុង ​តំបន់​អារ៉ែង មាន​ចម្ងាយ​ពី​ផ្លូវ​លំ​ប្រហែល​ជាង ២​គីឡូម៉ែត្រ។ អ្នក​ទេសចរណ៍​ដែល​ចង់​ទៅ​ទស្សនា​ល្អាង​នេះ​ត្រូវ​តែ​ជិះ​ម៉ូតូ​កាត់​ព្រៃ និង​ឆ្លង​ស្ពាន​តូចៗ​តាម​ដង​អូរ ថែម​ទាំង​ត្រូវ​ដើរ​ឡើង​ជម្រាល​ភ្នំ​មួយ​ហត់​ទៀត​ទើប​ដល់​គោលដៅ។

គេ​អាច​តោង​ខ្សែ​វល្លិ​ឡើង​លើ​កំពូល​ល្អាង​ដើម្បី​មើល​ទេសភាព ឬ​ថត​រូប​តំបន់​អារ៉ែង ទាំង​មូល។ អ្នក​ស្រុក​តំណាល​ថា កាល​ពី​មុន​ល្អាង​នេះ​មាន​ម្រេច​ដុះ​ច្រើន ហើយ​ក៏​សំបូរ​កង្កែប​ដែរ ទើប​អ្នក​ភូមិ​ហៅ​ថា​ល្អាង​កង្កែប​ម្រេច៖ «សំឡេង»។

ក្រៅ​ពី​កន្លែង​កម្សាន្ត​ទាំង​នេះ អារ៉ែង​ក៏​នៅ​មាន​ទីតាំង​កម្សាន្ត​ជា​ច្រើន​ទៀត​ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​បាន​ដែរ។ ទីតាំង​នោះ​រួម​មាន៖ ទឹក​ធ្លាក់​ឆាយយោង ចំការ​ស្រល់ ពាង​បូរាណ និង​ព្រៃ​អារក្ស​ជាដើម។ អ្នក​ទេសចរណ៍​ត្រូវ​ចំណាយ​ពេល​វេលា​យ៉ាង​តិច ១​សប្តាហ៍​ទើប​ដើរ​អស់​កន្លែង។ នៅ​តំបន់​អារ៉ែង មិន​មាន​សេវា​ទូរស័ព្ទ​ទេ។ អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​អារ៉ែង ហាក់​ដូចជា​ដក​ខ្លួន​ចេញ​ពី​ទំនាក់ទំនង​សង្គម​មួយ​រយៈ​ដូច្នេះ​ដែរ។

អ្នក​ស្រុក​នៅ​អារ៉ែង ក៏​មាន​សម្ដីសំដៅ​ខុស​ពី​ពលរដ្ឋ​ខ្មែរ​ទូទៅ។ ភាសា​ទាំង​នោះ​ជា​ភាសា​ខ្មែរ តែ​រដឺន​សំនៀង​ជង។ អ្នក​ទៅ​ពី​ក្រៅ​ស្តាប់​មិន​បាន​ថា​ពួកគេ​និយាយ​អ្វី​ឡើយ តែ​អ្នក​ភូមិ​​គ្រប់​គ្នា​សុទ្ធតែ​អាច​និយាយ​សំនៀង​ធម្មតាៗ​បាន​ទាំង​អស់៖ «អ្នក​ស្រុក​និយាយ​ភាសា​ខ្មែរ​សំនៀង​ជនជាតិ​ជង»

សមាជិក​ក្រុម​ចលនា​មាតា​ធម្មជាតិ​ដែល​មាន​បទពិសោធន៍​ជា​មគ្គុទេសន៍​ទេសចរណ៍​នៅ​តំបន់​អេកូទេសចរណ៍​ជីផាត​ផង​នោះ លោក ស៊ីម សំណាង មាន​ប្រសាសន៍​ថា តំបន់​អារ៉ែង​សំបូរ​កន្លែង​ដើរ​កម្សាន្ត​ច្រើន​មិន​ចាញ់​តំបន់​អេកូ​ទេសចរណ៍​ដទៃ​ទៀត​ទេ។ ប៉ុន្តែ​ប្រជាសហគមន៍​នៅ​អារ៉ែង ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​ជា​ច្រើន​ទៀត​ទាក់ទង​នឹង​ការ​រៀប​សហគមន៍​អេកូទេសចរណ៍។

លោក​បន្ត​ថា ដំណាក់កាល​ដំបូង​លោក​ជា​អ្នក​នាំ​ភ្ញៀវ និង​បង្រៀន​យុវជន​អារ៉ែង ឲ្យ​ចេះ​ពី​របៀប​ធ្វើ​ជា​មគ្គុទេសន៍​ទេសចរ។ បន្ទាប់​មក​យុវជន​អារ៉ែង នឹង​អាច​ធ្វើ​ការងារ​ទាំង​នេះ​ដោយ​ខ្លួន​ឯង៖ «ខ្ញុំ​គិត​ថា អេកូ​ទេសចរណ៍​នៅ​តំបន់​ហ្នឹង​មិន​អាច​ជួយ​ប្រជាជន​បាន​មួយ​រយ​ភាគ​រយ​ទេ វា​គ្រាន់​តែ​កាត់​បន្ថយ (ជីវភាព​ខ្វះខាត) តែ​បើ​សិន​ជា​អេកូ​ដើរ​នោះ យើង​នឹង​មាន​អ្នក​ជំនាញ​កសិកម្ម អេកូ​ទេសចរណ៍ មក​បង្ហាត់​ប្រជាជន​ថែម​ទៀត នោះ​ពួក​គាត់​នឹង​រវល់​ធ្វើ​ការ ហើយ​គ្មាន​ពេល​ចូល​ព្រៃ​នាំ​ឲ្យ​បរិស្ថាន​មាន​លំនឹង»

ទន្ទឹម​នឹង​នេះ ប្រធាន​សហគមន៍​អារ៉ែង និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជំនាប់ បេក្ខភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក វ៉ែន វ៉ន មាន​ប្រសាសន៍​ថា សហគមន៍​របស់​លោក​ស្វាគមន៍​ជានិច្ច​ចំពោះ​ភ្ញៀវទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទៅ​ដើរ​កម្សាន្ត ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​គាំទ្រ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នោះ​ទេ។ លោក​បន្ត​ថា លោក​ប្តេជ្ញា​ចិត្ត​រួច​ហើយ​ថា នឹង​រួម​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​រក្សា​បរិស្ថាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង៖ «នៅ​តំបន់​នេះ​មាន​ធនធាន​ព្រៃ​ឈើ​ច្រើន​ល្អ សត្វ​ព្រៃ​ក៏​ច្រើន បើ​យើង​ជា​អាជ្ញាធរ​ព្រងើយ​កន្តើយ​មិន​ដឹង​ជា​ពលរដ្ឋ​គាត់​រំពឹង​អ្នក​ណា ព្រោះ​ពលរដ្ឋ​គាត់​បោះ​ឆ្នោត​ឲ្យ​យើង ពួក​គាត់​ចង់​ឲ្យ​យើង​គាត់​ចឹង យើង​ត្រូវ​ដោះស្រាយ​កង្វល់​របស់​ពលរដ្ឋ»

លោក​មាន​ជំនឿ​ថា បើសិនជា​មាន​ភ្ញៀវ​មក​ទស្សនា​តំបន់​អារ៉ែង​ច្រើន​នោះ ធនធាន​ធម្មជាតិ​នៅ​អារ៉ែង ក៏​អាច​រក្សា​បាន​ដែរ។ ទោះ​ជា​បែប​ណា​ក្តី តំបន់​អារ៉ែង មិន​ត្រូវ​បាន​ក្រសួង​ទេសចរណ៍​ដាក់​បញ្ជូល​ជា​តំបន់​កម្សាន្ត​ដែល​គួរ​ឲ្យ​ទាក់ទាញ​នោះ​ទេ។

គេហទំព័រ​ក្រសួង​ទេសចរណ៍ បាន​ផ្សព្វផ្សាយ​ពី​តំបន់​មួយ​ចំនួន ដូចជា​តាតៃ ជីផាត តំបន់​ព្រៃ​កោងកាង កាស៊ីណូ និង​សួនកម្សាន្ត​របស់​លោក លី យ៉ុងផាត់ នៅ​ជាយ​ដែន​ខ្មែរ-​ថៃ​ជាដើម។

តំបន់​អារ៉ែង​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​ជាង ១​ពាន់​នាក់។ អ្នក​ស្រុក​ភាគ​ច្រើន​លើសលប់​ប្រកប​របរ​កសិកម្ម និង​ស្វែង​រក​អនុផល​ព្រៃឈើ។ ដីធ្លី​នៅ​តំបន់​អារ៉ែង ជា​ដីធ្លី​ដែល​មាន​ជីជាតិ ងាយ​ស្រួល​ប្រកប​របរ​ដាំដុះ និង​ទទួល​បាន​ទិន្នផល​ច្រើន ប៉ុន្តែ​កសិផល​ទាំង​នោះ​មិន​មាន​មធ្យោបាយ​នាំ​ចេញ​បាន​ទេ ដោយសារ​ផ្លូវ​ពិបាក​ពេក។ អ្នក​ស្រុក​ធ្វើ​ស្រែ​ត្រឹមតែ​ហូប​មួយ​ឆ្នាំៗ​ប៉ុណ្ណោះ។ ក្រៅ​ពី​ធ្វើ​ស្រែ អ្នក​ភូមិ​មាន​ទម្លាប់​ដើរ​ព្រៃ ចៀរ​ជ័រ​រ៉ុង ជ័រ​ទឹក រក​ឃ្មុំ បោច​វល្លិ រក​ត្រី និង​អារ​ឈើ​ជាដើម។

ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាអេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន បញ្ជាក់​ថា លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ទស្សនា​តំបន់​អារ៉ែង ដើម្បី​រួម​គ្នា​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយអារ៉ែង៖ «អ្វី​ដែល​សំខាន់​ជាង​គេ​ហ្នឹង ភ្ញៀវ​ដែល​គេ​ត្រឡប់​ទៅ​វិញ ជាពិសេស​ភ្ញៀវ​ខ្មែរ​គេ​នឹង​ផ្សព្វផ្សាយ​ឲ្យ​មិត្តភ័ក្ដិ​គេ​ដឹង​ថា តំបន់​អារ៉ែង​ស្អាត​មែន ហើយ​រួម​គ្នា​ការពារ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។