មន្ត្រីអាជ្ញាធរឃុំស្រែគរ ស្រុកសេសាន ចោទប្រកាន់ក្រុមហ៊ុនសម្អាតផ្ទៃអាងស្តុកទឹក នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង ថាបានបំពានកាប់យកឈើក្រៅបរិវេណផ្ទៃអាងធ្វើអាជីវកម្ម។
មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំស្រែគរ នៅថ្ងៃអង្គារ ទី៣ ខែមិថុនា អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ចាត់វិធានការទប់ស្កាត់សកម្មភាពកាប់ឈើពីព្រៃស្រោងធ្វើអាជីវកម្មខុសច្បាប់។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋភូមិស្រែគរ រាយការណ៍ថា ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ (Ang & Associate Lawyer) ដែលទទួលបានសិទ្ធិកាប់ឈើសម្អាតផ្ទៃអាង នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ បានបន្តជួលកម្មករចូលទៅក្នុងព្រៃ ហើយកាប់ឈើមូលអារច្រៀកជាឈើជ្រុង និងជាឈើជន្លង់ម្រេច ហើយដឹកចេញទៅទីផ្សារក្រោមរូបភាពឈើប្រមូលពីការបោសសម្អាតផ្ទៃអាង។
មេឃុំស្រែគរ លោក សៀក មេគង្គ អះអាងថា សកម្មភាពនេះធ្វើឡើងចាប់តាំងពីខែមេសា រហូតបច្ចុប្បន្ន ដោយមិនឃើញមន្ត្រីសមត្ថកិច្ចជំនាញ ចាត់វិធានការទប់ស្កាត់ឡើយ។ លោកបន្តថា បានរាយការណ៍ជូនក្រុមប្រឹក្សាស្រុករួចហើយ ប៉ុន្តែមិនឃើញមានវិធានការដូចគ្នា៖ «ប្រជាពលរដ្ឋរាយការណ៍ថា កាប់រាលខ្លាំងម្ល៉េះ កន្លែងអាងទឹកអីណាចេញពីអាងហើយហ្នឹង។ សួរកម្មករទៅថាក្រុមហ៊ុនអ្នកឲ្យកាប់ អារចំចំណុចទីតាំងភូមិស្រែគរថ្មីណា! ពីស្រែគរ ពីទន្លេទៅ ៧គីឡូម៉ែត្រជាង វាក្រៅអាងតែម្តង ពីព្រោះវាលើសពីស្រែព្រលូតហើយ»។
ក្រសួងកសិកម្ម កាលពីខែមីនា ឆ្នាំ២០១៣ បានអនុញ្ញាតឲ្យក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ របស់ លោក គឹត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែរនោះ ធ្វើការកាប់ប្រមូលផលអនុផលព្រៃឈើក្នុងតំបន់អាងស្តុកទឹកទំហំ ៣ម៉ឺន ៦ពាន់ហិកតារ ក៏ប៉ុន្តែក្រុមហ៊ុននេះបានផ្ទេរសិទ្ធិទៅឲ្យក្រុមហ៊ុនម៉ៅការរបស់ លោកឧកញ៉ា លឹម ប៊ុណ្ណា ជាអ្នកអនុវត្តជាក់ស្តែង។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែឧសភា មិនអាចទាក់ទងតំណាងក្រុមហ៊ុនសុំបំភ្លឺការចោទប្រកាន់នេះបាននៅឡើយ។ ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក ឈាង តុលា បដិសេធមិនធ្វើអត្ថាធិប្បាយ ក្រោមហេតុផលនិយាយតាមទូរស័ព្ទស្តាប់គ្នាមិនបាន ចាំលោកហៅត្រឡប់វិញ។
យ៉ាងនេះក្តី នាយខុទ្ទកាល័យសាលាខេត្តស្ទឹងត្រែង លោក ដួង ពៅ អះអាងថា អាជ្ញាធរខេត្តក៏ទទួលបានព័ត៌មាននេះដូចគ្នា និងបានចាត់មន្ត្រីចុះពិនិត្យករណីនេះហើយ៖ «អ៊ីចឹងបានយើងចាត់មន្ត្រីឲ្យទៅមើល មន្ត្រីសាលាខេត្តឲ្យទៅមើល។ ទៅមើលៗជាមួយមន្ត្រីរដ្ឋបាលព្រៃឈើហើយ»។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា សកម្មភាពកាប់ឈើអនាធិបតេយ្យក្រៅគម្រោងបោសសម្អាតអាងទឹក ពិតជាកើតមានច្រើនករណី ធ្វើឡើងដោយកម្មករក្រុមហ៊ុន និងប្រជាពលរដ្ឋនៅតំបន់នោះ។ លោកបន្តថា នេះជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ដែលកំពុងពាក់ព័ន្ធអំពើពុករលួយក្នុងបញ្ហានេះ៖ «នាយខណ្ឌរដ្ឋបាលព្រៃឈើ ឬមួយនាយសង្កាត់នៅហ្នឹង មន្ត្រីអនុវត្តច្បាប់មួយចំនួន ដូចជា មន្ត្រីប៉េអិម ប៉ូលិសអ៊ីចឹងណា! គឺគាត់មិនបានបង្ក្រាបទេ បើបង្ក្រាបៗបានតែតូចៗលក្ខណៈប្រជាពលរដ្ឋដឹករកស៊ីតូចៗអ៊ីចឹងណា! ដល់ពេលគេក្រុមហ៊ុនអ្នកគេមានខ្នង គឺគាត់មិនហ៊ានទេ គឺគាត់ពុករលួយតែម្តង»។
កាលពីឆមាសទី២ ឆ្នាំ២០១៣ រាជរដ្ឋាភិបាលសម្រេចឲ្យក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ ផ្អាកសកម្មភាពកាប់ឈើបោសសម្អាតផ្ទៃអាងស្តុកទឹកនេះជាបណ្ដោះអាសន្នម្តងរួចហើយ បន្ទាប់ពីបទល្មើសព្រៃឈើអនាធិបតេយ្យកើតច្រើនតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
