អាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាល ចុះអន្តរាគមន៍បញ្ឈប់សកម្មភាពជីកដី របស់សហគ្រាសចំនួនពីរនៅស្រុកកណ្ដាលស្ទឹង បន្ទាប់ពីម្ចាស់សហគ្រាសទាំងពីរនេះ មិនអនុវត្តតាមបទបញ្ជាឲ្យផ្អាកជីកដីជាបណ្ដោះអាសន្ន។
ការចុះអន្តរាគមន៍របស់សមត្ថកិច្ចនៅថ្ងៃទី២ មីនា បន្ទាប់ពីម្ចាស់សហគ្រាសទាំងពីរនេះ មិនព្រមអនុវត្តបញ្ជារបស់អភិបាលខេត្តកណ្ដាល ដែលឲ្យបញ្ឈប់សកម្មភាពជីកដីនេះ បណ្ដោះអាសន្ន ដើម្បីរង់ចាំការសម្រេចពីក្រសួងរ៉ែ និងថាមពល។
លិខិតរបស់អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ ចុះថ្ងៃទី២៥ ខែកុម្ភៈ បានបញ្ជាឲ្យប្រធានសហគ្រាសទាំងពីររូប គឺ លោក សៅ សុធា និងលោក សៅ ពន្លក ដែលកំពុងធ្វើអាជីវកម្មជីកដី នៅចំណុចភូមិស្រុកធំ និងភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឲ្យបញ្ឈប់សកម្មភាពនេះ បណ្ដោះអាសន្ន បន្ទាប់ពីក្រុមការងារត្រួតពិនិត្យការងារបច្ចេកទេស និងបរិស្ថាន រកឃើញថា សហគ្រាសទាំងពីរនេះ ជីកយកដីខុសទីតាំងកំណត់ ល្មើសនឹងប្រការទី១ ទី២ ទី៣ និងទី៥ នៃប្រកាសអាជ្ញាប័ណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្ម របស់ក្រសួងរ៉ែ និងថាមពល។
ម៉្យាងទៀតបានប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋរស់នៅជុំវិញតំបន់នោះ ហើយក៏ពុំទាន់ធ្វើរបាយការណ៍វាយតម្លៃផលប៉ះពាល់សង្គមដំបូង និងមិនមានកិច្ចសន្យាការពារបរិស្ថាន ដែលទទួលស្គាល់ដោយក្រសួងបរិស្ថាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
