សកម្មភាពជួសជុលគ្រឿងម៉ាស៊ីន និងបញ្ចូលអាគុយលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តកើតមាន បើទោះបីជាអាជ្ញាធរអះអាងថា បានលុបអាជ្ញាប័ណ្ណ ឬបញ្ឈប់ឲ្យអាជីវករធ្វើអាជីវកម្មទាំងនេះលើផ្ទៃទឹក។ អាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការរៀបចំផ្ទះបណ្ដែតទឹក ថាផ្ដល់ឱកាសចុងក្រោយដល់ម្ចាស់អាជីវកម្មរុះរើរោងសិប្បកម្មរបស់ខ្លួនឡើងគោក។
សកម្មភាពបញ្ចូលអាគុយ និងជួសជុលគ្រឿងម៉ាស៊ីនចំនួន ៥កន្លែង នៅបន្តអាជីវកម្មរបស់ខ្លួនក្នុងរូបភាពលួចលាក់ផង និងបើកចំហផង នៅលើផ្ទៃទឹកត្រង់ចំណុចពាមញរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ។
រោងសិប្បកម្មទាំងនេះ មានខ្លះអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់មន្ត្រីជំនាញបរិស្ថាន ក្នុងការគ្រប់គ្រងសំណល់ទឹកអាស៊ីដ និងប្រេងម៉ាស៊ីនចាស់ៗ។ ទឹកអាស៊ីដ និងប្រេងម៉ាស៊ីន បានកំពប់ ឬហៀរធ្លាក់ចូលក្នុងទឹកទន្លេ ដែលធ្វើឲ្យកំហាប់ជាតិពុលក្នុងទឹកកាន់តែកើនបន្ថែមលើសារធាតុពុលពីសំណល់ផ្ទះបាយ និងលាមកដែលអ្នកភូមិបណ្ដែតទឹករាប់រយគ្រួសារ បន្ទោបង់ចូលទឹករាល់ថ្ងៃ។
អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការរៀបចំផ្ទះបណ្ដែតទឹក លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងនៅថ្ងៃទី៦ ខែកញ្ញា ថា ម្ចាស់រោងសិប្បកម្មបញ្ចូលអាគុយ និងជួសជុលគ្រឿងម៉ាស៊ីនប្រមាណ ៩ បានផ្ដិតមេដៃក្នុងកិច្ចសន្យាថា នឹងអូសរោងសិប្បកម្មរបស់ខ្លួនឡើងគោកនៅពេលទឹកឡើង។ ប៉ុន្តែសកម្មភាពធ្វើអាជីវកម្មនៅតែបន្ត ដោយសារទឹកទន្លេមិនទាន់ឡើងសាយដល់ដីរបស់ពួកគេ៖ «ខ្ញុំក៏ហៅមកម្ដងទៀតបញ្ជាក់ជាលើកទី២ ហើយនិយាយរឿងហ្នឹងគាត់ថា ដាច់ចិត្តមកទាំងអស់ហើយ (ឡើងជួលជុល ឬបញ្ចូលអាគុយលើគោក) ប៉ុន្តែគាត់សុំថា បើគាត់ត្រូវរើរោងសិប្បកម្មចេញមកត្រូវចំណាយលុយអស់ច្រើនណាស់ ហើយគាត់សុំអ៊ីចេះវិញ នៅពេលទឹកឡើងមកគាត់នឹងអូសផ្ទះហ្នឹងចូលមកលើដីរបស់គាត់ដែលមានស្រាប់ ហើយបើមានបញ្ហាទៀតគាត់នឹងទទួលខុសត្រូវ ចង់អាជ្ញាធរធ្វើអីក៏គាត់តាមដែរ»។
អាជីវកម្មជួសជុលគ្រឿងម៉ាស៊ីន បញ្ចូលអាគុយ និងផលិតទូកស្មាច់លើផ្ទៃទឹក បានកើតមានជាច្រើនឆ្នាំហើយ ប៉ុន្តែក្រោយបន្លាស់ទីផ្ទះទឹកពីភូមិកណ្ដាល និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង កាលពីចុងឆ្នាំ២០១៥ ទៅចំណុចពាមញរ ឃុំស្វាយជ្រំ។ អាជ្ញាធរបានប្រកាសបញ្ឈប់អាជីវកម្មទាំងនេះនៅលើផ្ទៃទឹកទាំងស្រុង ដោយឃើញពីផលប៉ះពាល់ខ្លាំងដល់ទឹកទន្លេដែលកាន់តែរីងរាក់ទៅហើយនោះ។
អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកអប់រំ និងផ្សព្វផ្សាយការបំពុលបរិស្ថានលោក គឹម ច័ន្ទបូផាត មានប្រសាសន៍ថា បើសំណល់ប្រេងម៉ាស៊ីន និងទឹកអាស៊ីដហៀរ ឬកំពប់ចូលទឹកក្នុងកម្រិតមួយតិចតួចនោះ វាអាចរលាយទៅតាមទឹកមិនសូវបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
លោកថា ក្នុងកាលៈទេសៈដែលជនជាតិវៀតណាម តាំងទីលំនៅបណ្ដោះអាសន្ន ហើយមានការធ្វើអាជីវកម្មនេះ ម្ចាស់អាជីវកម្មភាគច្រើនមានការយល់ដឹង និងគ្រប់គ្រងសំណល់ប្រេងម៉ាស៊ីន ឬទឹកអាស៊ីដបានត្រឹមត្រូវ៖ «ឥឡូវហ្នឹងប្រេងម៉ាស៊ីន គឺគេអត់ខារចោលទេ អាចកំពប់អីបន្តិចបន្តួច ព្រោះប្រេងម៉ាស៊ីនគេយកវាទៅលក់ តែបើថា ទឹកអាស៊ីដទឹកអីហ្នឹងក៏មិនមានកំពប់អីខ្លាំងខ្លាណាស់ដែរ។ យើងចុះទៅហ្នឹង យើងអប់រំបណ្ដើរៗហើយ ដាច់ខាតយើងត្រូវបិទមិនអនុញ្ញាតឲ្យមានប្រកបអាជីវកម្ម (លើផ្ទៃទឹក) ទៀតទេ។ ចំពោះអ្នកដែលបានឲ្យលើកមុនក៏ត្រូវលុបចោលហើយ»។
សកម្មភាពរស់នៅ និងធ្វើអាជីវកម្មដែលអាចភាយសារធាតុគីមីចូលក្នុងទឹកប្រចាំថ្ងៃ បានប៉ះពាល់ធ្ងន់ធ្ងរសុខភាពមនុស្ស និងធនធានមច្ឆាជាតិ ខណៈអ្នកភូមិដែលភាគច្រើនជាជនជាតិវៀតណាម រាប់រយគ្រួសារបានរស់នៅ និងបញ្ចេញសំណល់ពុលចូលក្នុងទឹកក្នុងម្នាក់ប្រមាណកន្លះគីឡូក្រាមក្នុងមួយថ្ងៃៗ។ ប៉ុន្តែអាជ្ញាធរថា បញ្ហាទាំងនេះនឹងត្រូវបញ្ចប់នៅពេលបន្លាស់ទីឡើងរស់នៅលើគោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
