ពលរដ្ឋ​បន្ត​ទាមទារ​ឲ្យ​រោង​ម៉ាស៊ីន​អគ្គិសនី​មួយ​នៅ​សៀមរាប​ផ្លាស់​ទៅ​ទីតាំង​ថ្មី

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្លះ​រស់​នៅ​ភូមិ​ដូនស្វា ឃុំ​ចារឈូក នៃ​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប នៅ​តែ​បន្ត​ទាមទារ​ឱ្យ​រោង​ម៉ាស៊ីន​អគ្គិសនី​ជនបទ​មួយ ដែល​ដើរ​ដោយ​ថាមពល​ជីវម៉ាស ត្រូវ​តែ​ផ្លាស់​ប្ដូរ​ចេញ​ពី​ទីតាំង​បច្ចុប្បន្ន។ ចាប់​តាំង​តែ​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៤ មក​ម្ល៉េះ តំណាង​អ្នក​ភូមិ​ដូនស្វា បាន​ដាក់​ពាក្យ​បណ្ដឹង​ថា រោង​ម៉ាស៊ីន​អគ្គិសនី​ជីវម៉ាស​នោះ​តែង​បង្ហុយ​ផេះ អង្កាម និង​ក្លិន​ឧស្ម័ន មក​លើ​អ្នក​ភូមិ រួម​ទាំង​សាលា​រៀន និង​មន្ទីរពេទ្យ​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព ដូច​ជា បង្ក​ឱ្យ​ឈឺ​ក្បាល និង​វិល​មុខ ជាដើម។

មន្ត្រី​សាលា​ខេត្ត​សៀមរាប បាន​ដឹក​នាំ​គណៈកម្មការ​ចម្រុះ និង​ក្រុម​អ្នក​ជំនាញ​កិច្ចការ​បរិស្ថាន ចុះ​ទៅ​ត្រួត​ពិនិត្យ​មើល​រោង​ម៉ាស៊ីន​អគ្គិសនី​ជនបទ​មួយ ដែល​ដើរ​ដោយ​ថាមពល​ជីវម៉ាស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​មីនា កន្លង​ទៅ។

ការ​ចុះ​ត្រួត​ពិនិត្យ​នេះ ដើម្បី​ស្វែង​រក​ការ​ពិត​មួយ​ថា តើ​រោង​ម៉ាស៊ីន​អគ្គិសនី​ក្នុង​ស្រុក​អង្គរជុំ នោះ​ពិត​ជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ ដូច​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ខ្លះ​មែន ឬ​ក៏​យ៉ាង​ណា?

ជំនួយ​ការ​អភិបាល​ខេត្ត​សៀមរាប ដែល​ជា​អ្នក​ដឹក​នាំ​ការ​ចុះ​ត្រួត​ពិនិត្យ​នោះ គឺ​លោក សុខ ថុល។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មីនា ថា មាន​មន្ត្រី​ជាច្រើន​ផ្នែក​បាន​ចុះ​ទៅ​ពិនិត្យ​ជាមួយ​រូប​លោក ដូច​ជា​មន្ត្រី​ខាង​អន្តរ​វិស័យ និង​មន្ទីរ​បរិស្ថាន ជាដើម។

លោក សុខ ថុល បាន​បញ្ជាក់​ថា ការ​ចុះ​ត្រួត​ពិនិត្យ គឺ​លោក​ឃើញ​មាន​ក្លិន​ឆួល​ចេញ​ពី​ការ​ដុត​អង្កាម ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ និង​មន្ទីរពេទ្យ ដែល​នៅ​ជុំវិញ​នោះ​មែន។ ទោះ​យ៉ាង​ណា មន្ត្រី​ដដែល​បាន​ទទួល​ស្គាល់​ថា ទីតាំង​នៃ​រោង​ម៉ាស៊ីន​អគ្គិសនី​នោះ គឺ​មាន​ការ​រៀប​ចំ​ដោយ​គិតគូរ​ទៅ​លើ​កិច្ច​ការពារ​បរិស្ថាន​ដែរ៖ «កន្លែង​ទីតាំង​ហ្នឹង គឺ​ថា​គាត់​បាន​រៀប​ចំ​ស្រួល​បួល​ដែរ ប៉ុន្តែ​វា​មាន​ក្លិន​ឆួល​ដែល​ប៉ះពាល់​មន្ទីរពេទ្យ​នៅ​ជិត​គ្នា។ អ៊ីចឹង​ក្រុម​ការងារ​យើង​បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​អ្នក​រស់​នៅ​ជុំវិញ​ហ្នឹង រហូត​ដល់​ចុះ​ទៅ​ជួប​នាយក​សាលា​វិទ្យាល័យ​អង្គរជុំ។ យើង និង​ក្រុម​ការងារ ដឹក​នាំ​ប្រជុំ​រួម​មួយ ដើម្បី​ពិភាក្សា​សុំ​យោបល់​ពី​អាជ្ញាធរ​ដែន​ដី​មេ​ភូមិ មេ​ឃុំ ហើយ​និង​ស្រុក។ គាត់​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​ផ្លាស់​ប្ដូរ​ទីតាំង​ហ្នឹង»

លោក សុខ ថុល បាន​បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក​មិន​ហ៊ាន​សម្រេច​ថា​នឹង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​រោង​ម៉ាស៊ីន​អគ្គិសនី​ជីវម៉ាស​នោះ ឬ​យ៉ាង​ណា​ទេ គឺ​ក្រុម​ការងារ​បាន​ត្រឹម​តែ​ធ្វើ​របាយការណ៍​ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​ការ​សម្រេច។

ចំណែក​នាយក​វិទ្យាល័យ​អង្គរជុំ លោក ស ក្រិត្យ បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា រោង​ម៉ាស៊ីន​អគ្គិសនី​ជនបទ​ដើរ​ដោយ​ថាមពល​ជីវម៉ាស​នោះ ពិត​ជា​បាន​ភាយ​ក្លិន​ដែល​ដុត​អង្កាម​ទៅ​លើ​សាលា​រៀន​មែន នៅ​ពេល​ណា​ដែល​ខ្យល់​បក់​ចំ​ទិស​ម្ដងៗ។

ទោះ​យ៉ាង​ណា នាយក​គ្រប់គ្រង​ក្នុង​ស្រុក​របស់​ក្រុមហ៊ុន អាយ.អ៊ី.ឌី អ៊ីនវែសមេន (IED Invest Cambodia) គឺ​លោក គី ចាន់ថន បាន​ប្រតិកម្ម​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការ​ចោទ​ប្រកាន់​លើ​រោង​ម៉ាស៊ីន​អគ្គិសនី​ដើរ​ដោយ​ថាមពល​ជីវម៉ាស​ដុត​អង្កាម នា​ស្រុក​អង្គរជុំ ដែល​ថា​បាន​បង្ហុយ​ផេះ និង​ភាយ​ក្លិន​ឧស្ម័ន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ។ លោក គី ចាន់ថន បាន​អះអាង​ថា ទាំង​ក្រុម​ការងារ ចុះ​ត្រួត​ពិនិត្យ​ទាំង​អ្នក​ធ្វើ​កំណត់​ហេតុ និង​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ប្រជុំ​កាល​ពី​ពេល​ថ្មីៗ គឺ​សុទ្ធ​តែ​ត្រូវ​គ្នា​ក្នុង​បំណង​រក​រឿង​រោង​ម៉ាស៊ីន​អគ្គិសនី​ទាំងអស់។ អ្នក​គ្រប់គ្រង​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ គឺ​ទាំង​គណៈកម្មការ និង​អ្នក​ធ្វើ​កំណត់​ហេតុ មិន​បាន​ស្ដាប់​ការ​ពន្យល់​ពី​ភាគី​របស់​ក្រុមហ៊ុន​ទេ៖ «ធ្វើ​អ្វី គឺ​អត់​មាន​មូលដ្ឋាន​អ្វី​មួយ ក៏ប៉ុន្តែ​គ្រាន់​តែ​ថា យើង​រស់​នៅ​ប្រទេស​ហ្នឹង​ក្រោម​ដំបូល​ផ្ទះ​គេ ក៏​យើង​ត្រូវ​តែ​គោរព​ដែរ បើ​សិន​ជា​គេ​ថា​យ៉ាង​ម៉េច​នោះ។ ប៉ុន្តែ​គ្រាន់​ថា ក្នុង​នាម​យើង​ជា​អ្នក​វិនិយោគទុន​ឯកជន​ក្រៅ​ប្រទេស យើង​មាន​ការ​អន់​ចិត្ត​បន្តិច​ដែរ ពីព្រោះ​គម្រោង​នេះ​មិន​មែន​យើង​ចេះ​តែ​ធ្វើៗ​ដូច​អ្នក​ដទៃ​ទេ»

រោង​ម៉ាស៊ីន​ថាមពល​ជីវម៉ាស​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ នៅ​ស្រុក​អង្គរជុំ នេះ​បាន​ចាប់​ដំណើរ​ការ​កាល​ពី​អំឡុង​ឆ្នាំ​២០១១ ក្រោម​ជំនួយ​គាំទ្រ និង​វិនិយោគ​ពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល រួម​និង​អង្គការ​សហប្រជាជាតិ ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម (UNDO) ដើម្បី​លើក​កម្ពស់​លើ​កិច្ច​ការពារ​បរិស្ថាន និង​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ផែនដី​ផង។

កន្លង​ទៅ រោង​ម៉ាស៊ីន​អគ្គិសនី​មួយ​នេះ​ធ្លាប់​បាន​ជួយ​ប្រជាពលរដ្ឋ​មួយ​កម្រិត ដោយ​បញ្ចុះ​តម្លៃ​ភ្លើង​ដែល​ធ្លាប់​តែ​ថ្លៃ ៣.៤០០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង ឱ្យ​ចុះ​មក​នៅ​ត្រឹម ១.៧០០​រៀល។

ទោះ​យ៉ាង​ណា អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក សួស ណារិន ដែល​បាន​ចុះ​ពិនិត្យ​ដែរ បាន​រក​ឃើញ​ថា រោង​ម៉ាស៊ីន​ដើរ​ដោយ​ថាមពល​ជីវម៉ាស​នោះ គឺ​ពិត​ជា​បាន​ភាយ​ក្លិន​មិន​ល្អ និង​ឮ​សំឡេង​ខ្លាំង ព្រម​ទាំង​កម្ទេច​ផេះ​ដែល​ដុត​អង្កាម ពិត​ជា​រសាត់​អណ្ដែត​ទៅ​ប៉ះពាល់​សុខភាព​សាធារណៈ​មែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។