អ្នកអភិរក្សផ្នែកបរិស្ថាននៃអង្គការមិនមែនរដ្ឋាភិបាលនៅខែត្រស្ទឹងត្រែង បារម្ភការទន្ទ្រានដីព្រៃការពារសៀមប៉ាងខាងលិច ដោយពលរដ្ឋ។ ការបារម្ភនេះបន្ទាប់ពីពលរដ្ឋនៅស្រុកសៀមប៉ាង បានកាប់ឆ្ការព្រៃក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខាងលិច អស់រាប់រយហិកតារ ដើម្បីគ្រប់គ្រងជាសម្បត្តិឯកជន។ អង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកការទន្ទ្រាននេះ ថាមានហានិភ័យខ្ពស់ដល់សត្វស្លាបជិតផុតពូជនៅតំបន់នោះ និងរំខានជម្រកសត្វចតុប្បាទព្រៃ។
អង្គការអភិរក្សសត្វស្លាបអន្តរជាតិ (BirdLife International) កំពុងរកយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ដើម្បីរក្សាបានតុល្យភាពសត្វកម្រជិតផុតពូជនៅតំបន់នោះ។ ការទន្ទ្រានព្រៃធ្វើជាសម្បត្តិឯកជនរបស់ពលរដ្ឋបង្កប៉ះពាល់ធ្ងន់ធ្ងរដល់ទីតាំងជ្រកសត្វចតុប្បាទព្រៃ បន្ទាប់ពីត្រពាំង អូរ និង បឹងមួយចំនួនដែលផ្ដល់សក្ដានុពលដល់សត្វកម្រទាំងនោះកំពុងរំខានដោយសហគមន៍។
ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការអភិរក្សសត្វស្លាបអន្តរជាតិ លោក ប៊ូ វីរសក្ស មានប្រសាសន៍ថា ប្រសិនបើការទន្ទ្រានដីនេះកាន់តែរីកធំឡើង អាចកើតជាភូមិឋានថ្មីរបស់សហគមន៍ ហើយចលនារំខានជាច្រើនទៀតនឹងកើតឡើងដូចជា ការលួចឆ្មក់បរបាញ់ ការបាត់បង់ត្រពាំងសំខាន់ៗដែលផ្ដល់ប្រភពទឹកដល់សត្វព្រៃ និងការបាត់បង់ទីតាំងជ្រករបស់សត្វចតុប្បាទព្រៃ។
លោកបន្តថា អង្គការលោកកំពុងសិក្សាលម្អិតជាមួយសហគមន៍ និងអ្នកពាក់ព័ន្ធដើម្បីកំណត់តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃជាបីផ្នែក គឺតំបន់ស្នូល តំបន់អភិរក្ស និងតំបន់ប្រើប្រាស់ចិរភាព។ លោកអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាលបង្កើនការអន្តរាគមន៍ទប់ស្កាត់ ការរីករាលភូមិឋានថ្មីក្នុងដែនជម្រកសត្វព្រៃនោះឲ្យមានប្រសិទ្ធភាព៖ «ជាទូទៅការទន្ទ្រានយកដីហ្នឹងវាកើតឡើងនៅតាមបណ្ដោយផ្លូវ ហើយផ្លូវមួយចំនួនគឺវានៅមិនឆ្ងាយពីត្រពាំងដែលជាជម្រករកចំណីរបស់សត្វជិតផុតពូជដូចត្រយងយក្ស និងត្រយងចង្កំកស។ បើសិនមានការទន្ទ្រានក្បែរត្រពាំងក្បែរផ្លូវហ្នឹងវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សត្វជិតផុតពូជទាំងអស់ហ្នឹង»។
លោក ប៊ូ វីរសក្ស បន្ថែមថា សហគមន៍សម្រុកទន្ទ្រានព្រៃដើម្បីប្រើប្រាស់ជាសម្បត្តិឯកជននៅជាប់សងខាងផ្លូវចាប់ពីទីរួមស្រុកសៀមប៉ាង ឆ្ពោះទៅព្រំដែនឡាវ មានប្រវែងជាង ២០គីឡូម៉ែត្រ។ ដីព្រៃនៅអមសងខាងផ្លូវនោះ មានសក្ដានុពលចំពោះការស្វែងរកចំណីរបស់សត្វចតុប្បាទព្រៃ និងសត្វស្លាប៖ «ក៏យើងមិនចង់ឲ្យមានទំនាស់ជាមួយសហគមន៍ដែរ យើងពិនិត្យលទ្ធភាពយ៉ាងម៉េចដែលអាចធ្វើការបានផលប្រយោជន៍ទាំងអស់គ្នាពីការងារអភិរក្សរបស់យើងតែក្នុងក្របខ័ណ្ឌច្បាប់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកសៀមប៉ាង លោក ស៊ី សួន ដើម្បីសុំការអធិប្បាយករណីនេះបានទេ នៅថ្ងៃទី១៩ ខែកក្កដា។
មេឃុំព្រែកមាស លោក ផូង លន់ ទទួលស្គាល់ថា ពលរដ្ឋនៅឃុំព្រែកមាស បានទន្ទ្រានដីព្រៃអភិរក្សប្រើប្រាស់លក្ខណៈគ្រួសារជាប្រពៃណីជនជាតិដើមភាគតិច តែការទន្ទ្រាននោះតិចតួចទេ។ លោកថា ឃុំដែលពលរដ្ឋទន្ទ្រានភាគច្រើនគឺឃុំថ្មកែវ។ លោកបន្តថា អាជ្ញាធរបានជូនដំណឹងដល់ពលរដ្ឋក្រីក្រខ្វះខាតដីធ្វើកសិកម្ម អាចដាក់ពាក្យស្នើសុំតាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរពិនិត្យលទ្ធភាពកំណត់តំបន់ប្រើប្រាស់ចិរភាពដើម្បីផ្ដល់ជាដីសម្បទានសង្គមកិច្ចដល់សហគមន៍ស្របច្បាប់៖ «ខាងបរិស្ថានគេទៅដូចថា ឃើញយើងធ្វើគេបានផ្សព្វផ្សាយដែរកុំឲ្យគាត់រុករានទន្ទ្រានដីព្រៃខុសច្បាប់។ យើងក៏បានជម្រាបដែរការងារហ្នឹងទៅប្រជាពលរដ្ឋ។ តែពលរដ្ឋប្រើប្រាស់គាត់ថា អត់មានដីធ្វើកសិកម្ម»។
ប្រធានមន្ទីរបរិស្ថានខែត្រស្ទឹងត្រែង លោក អៀង សុភីរ៉ុង បញ្ជាក់យ៉ាងខ្លីថា ពុំមានការកាប់ទន្ទ្រានដីព្រៃនៅតំបន់នោះរាប់សិបហិកតារដូចការចោទប្រកាន់ទេ គឺមានតិចតួចប៉ុណ្ណោះ ហើយមន្ត្រីជំនាញបានចុះប្រតិបត្តិការបង្ក្រាបជាហូរហែមក៖ «អត់មានប្រជាជនណាទៅរំលោភរាប់សិបហិកតារអត់មានទេ»។
សេចក្ដីរាយការណ៍របស់មន្ត្រីដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ឲ្យដឹងថា ពលរដ្ឋសម្រុកកាប់ឆ្ការព្រៃទន្ទ្រានយកដីប្រើប្រាស់ ទំហំទទឹងចាប់ពី ៥០ម៉ែត្រឡើងទៅ រីឯបណ្ដោយលើសពី ១០០ម៉ែត្រ ឋិតនៅអមសាងខាងផ្លូវលេខ ១០១ ចាប់ពីទីរួមស្រុកសៀមប៉ាង នៃឃុំថ្មកែវ ដល់អូរខាំផា និងផ្ដើមពីអូរខាំផា ទៅទល់ដែនឡាវ នៃខែត្រចម្ប៉ាសាក់។ លើសពីនេះ ការកាប់ទន្ទ្រានដីនេះធ្វើឡើងចាប់ពីឆ្នាំ២០១៤ នៅគ្រាដែលមន្ទីរអភិវឌ្ឍន៍ជនបទកំពុងដំណើរការសាងសង់ផ្លូវនោះ មានប្រវែងជាង ២០គីឡូម៉ែត្រ ទទឹងប្រវែងប្រហែលជិត ១០ម៉ែត្រ។
ដូចគ្នានេះដែរ ប្រធានក្រុមអាវុធហត្ថលើផ្ទៃប្រទេស លោក ឆេង ធឿន មានប្រសាសន៍ថា មន្ត្រីជំនាញបានចុះប្រតិបត្តិការទប់ស្កាត់ករណីនេះ តែពលរដ្ឋនៅតែលួចឆ្មក់បោះបង្គោលកាន់កាប់ដី និងលួចកាប់ឆ្ការពង្រីកផ្ទៃដីជាហូរហែមកទល់ពេលនេះ។ លោកថា ការយល់ដឹងរបស់ពលរដ្ឋនៅមានកម្រិតបានផ្អើលតាមគ្នាសម្រុកលួចកាប់ឆ្ការដីព្រៃអមសងខាងផ្លូវដើម្បីគ្រប់គ្រងជាបន្តបន្ទាប់៖ «យើងគ្រាន់តែធ្វើកិច្ចសន្យាណែនាំគាត់កុំឲ្យកាប់រានអីតទៀត សាងលំនៅឋានអីយើងហាមគាត់មិនឲ្យសង់។ តែគាត់សង់ហ្នឹងលើក្បាលដីគាត់ហើយមួយចំនួនគាត់មកលួចសង់ក្នុងដែនជម្រកសត្វព្រៃរបស់យើងដែរ»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ផ្ដល់ទស្សនៈថា អាជ្ញាធរជំនាញនៃក្រសួងបរិស្ថាន គួរកំណត់ព្រំប្រទល់តំបន់ដែលជម្រកសត្វព្រៃនោះឲ្យបានហ្មត់ចត់ និងបោះស្លាកសម្គាល់ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពលរដ្ឋមូលដ្ឋានដើម្បីសម្គាល់តំបន់អភិរក្សនោះ។
លោកថា ក្រសួងបរិស្ថាន និងអង្គការអភិរក្សសត្វស្លាបអន្តរជាតិត្រូវអនុវត្តផែនការសកម្មភាពស៊ីជម្រៅករណីនេះ ដែលធានាថា សត្វស្លាបទាំងនោះអាចរស់នៅតំបន់អភិរក្សបាន ដូចជាតំបន់ព្រៃការពារ តំបន់អភិរក្សធម្មជាតិ បឹង ទន្លេ និងអូរ ជាពិសេសការអភិរក្សព្រៃឈើឲ្យគង់វង្ស៖ «គាត់នៅតែមិនឈប់ អាជ្ញាធរគួរតែយកច្បាប់ព្រៃឈើអនុវត្តឲ្យបានតឹងរ៉ឹង ព្រោះអីព្រៃឈើ ឬដីរដ្ឋមួយចំនួនក្នុងខែត្រស្ទឹងត្រែង យើងឃើញថា ត្រូវបានកាប់ទន្ទ្រានពីសំណាកពលរដ្ឋ ក៏ដូចជាឈ្មួញមានលុយដែលឲ្យលុយទៅកាប់ដើម្បីយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ឬមួយលក់បន្តទៀត»។
តំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច លាតសន្ធឹងក្នុងឃុំចំនួនបីនៃស្រុកសៀមប៉ាង គឺឃុំថ្មកែវ ឃុំសេកុង និងឃុំព្រែកមាស។ តំបន់នោះឋិតនៅទិសខាងកើតឆៀងខាងជើងនៃទីរួមខែត្រស្ទឹងត្រែង ឆ្ងាយពីទីរួមខែត្រជាង ១០០គីឡូម៉ែត្រ។ ពលរដ្ឋរស់នៅតំបន់នោះភាគច្រើនជាជនជាតិភាគតិចឡាវ ជនជាតិដើមភាគតិចកាវែត និង ខិះ ហើយពួកគេភាគច្រើនប្រើប្រាស់ភាសាឡាវ។
អង្គការអភិរក្សសត្វស្លាបអន្តរជាតិ បានចុះសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០៣ និងបានគ្រប់គ្រងដីព្រៃឈើចំនួនជាង ១៣ម៉ឺនហិកតារ ដែលមានប្រភេទសត្វស្លាបជាង ៣០០ប្រភេទ និងមានសត្វស្លាបជិតផុតពូជបំផុតនៅលើពិភពលោកមាន ៥ប្រភេទ ដូចជា សត្វត្មាត សត្វត្រយង និងសត្វត្រយងយក្ស ជាដើម។ អង្គការនេះរកឃើញថា សត្វត្រយងយក្សមាន ២៥០ក្បាលនៅលើពិភពលោក ដែលមានវត្តមាននៅស្រុកសៀមប៉ាង ជាង ៥០ក្បាល។ សត្វត្រយងចង្កំកស មានជាង ១.១០០ក្បាលនៅលើពិភពលោក ដែលមាននៅស្រុកសៀមប៉ាង ជាង ៥០០ក្បាល។ លើសពីនេះ វត្តមានសត្វស្លាបកម្រទាំងនោះមានលក្ខណៈពិសេស ដែលអាចជួយទប់ស្កាត់ជំងឺអាសន្នរោគផ្សេងៗ។
អង្គការអភិរក្សសត្វស្លាបអន្តរជាតិ ចាត់ទុកព្រៃឈើនៅតំបន់នោះមានលក្ខណៈពិសេស ដែលអាចទាក់ទាញសត្វស្លាបដ៏កម្រនៅលើពិភពលោក។ លើសពីនេះ អង្គការនេះក៏កំពុងសម្លឹងមើលពីសក្ដានុពលសត្វស្លាបដ៏កម្រទាំងនោះ ដែលមានសារសំខាន់ណាស់ទៅថ្ងៃអនាគត ជាពិសេសការបង្កើតប្រព័ន្ធទេសចរណ៍ធម្មជាតិដែលរំពឹងថា អាចរកចំណូលដល់សហគមន៍បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
