ប្រទេសកម្ពុជា ត្រៀមរៀបចំបុណ្យសមុទ្រជាលើកទី៣ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ដោយមានកីឡាចំនួន ១៣ប្រភេទចូលរួមប្រកួតជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា។
មន្ត្រីរៀបចំបុណ្យសមុទ្ររំពឹងថា ចំនួនភ្ញៀវចូលរួមឆ្នាំនេះនឹងមានចំនួនច្រើនជាងឆ្នាំមុន ព្រោះក្រៅពីវិស័យកីឡា ក៏មានការប្រគំតន្ត្រី ឬសិល្បៈបុរាណ សម័យ ជូនភ្ញៀវទស្សនាក្នុងរយៈពេល ៣ថ្ងៃថែមទៀត។
អភិបាលខេត្តកោះកុង លោក ប៊ុន លឺត បានប្រាប់វិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៩ ខែធ្នូ ថា អាជ្ញាធរបានត្រៀមកម្លាំងដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវចូលរួមពិធីបុណ្យសមុទ្រលើកទី៣ ដែលចូលមកដល់ចុងសប្ដាហ៍នេះរួចហើយ។ លោកបន្តថា ឆាកសម្ដែងសិល្បៈបុរាណ សម័យ ពិសេសទីតាំងប្រកួតកីឡាទាំងលើគោក លើអាកាស និងលើទឹក ក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ។
លោកបន្ថែមថា បុណ្យសមុទ្រឆ្នាំនេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធបានលើកយកវិស័យកីឡាឲ្យដើរតួសំខាន់ក្នុងការដឹកនាំកម្មវិធី។ កីឡាទាំងនោះចែកចេញជា ១៣ប្រភេទផ្សេងគ្នា មានដូចជា កីឡាប្រដាល់ រត់ប្រណាំង ហែលទឹកចម្ងាយឆ្ងាយ និងលោតឆត្រយោងពីលើអាកាសជាដើម៖ «ទី១ គឺយើងបានរៀបចំសោភណភាពលម្អក្រុង និងទីតាំងរៀបចំពិធីបានត្រឹមត្រូវជាស្រេច។ ទី២ បានរៀបចំសន្តិសុខ សុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលនឹងទៅចូលរួម និងទី៣ យើងបានរៀបចំទីកន្លែងស្នាក់នៅ និងទីកន្លែងទទួលទានអាហារជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងការស្នាក់នៅមានរបៀបរៀបរយល្អ»។
ពិធីបុណ្យសមុទ្រលើកទី២ ឆ្នាំ២០១៣ បានចាប់ផ្ដើមនៅខេត្តកែប និងមានភ្ញៀវប្រមាណ ១០ម៉ឺននាក់ចូលរួម។ ប៉ុន្តែឆ្នាំនេះ មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង រំពឹងថា ចំនួនភ្ញៀវចូលរួមអាចនឹងកើនច្រើនជាងឆ្នាំមុន ព្រោះដោយសារអាកាសធាតុអំណោយផល និងទីតាំងភូមិសាស្ត្រមានចំណាប់អារម្មណ៍ច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ហើយមានច្រកចេញចូលជាប់ប្រទេសថៃ។
ត្រង់ចំណុចនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ក្នុងចំណោមកីឡាទាំង ១៣ប្រភេទ ក៏មានប្រភេទកីឡាខ្លះ ប្រទេសថៃ បានបញ្ជូនកីឡាកររបស់គេមកចូលរួមប្រកួតជាលក្ខណៈមិត្តភាព ដើម្បីអបអរបុណ្យសមុទ្រឆ្នាំនេះដែរ។
លោករំពឹងថា អាចមានភ្ញៀវមកពីប្រទេសថៃ ប្រមាណ ៣ពាន់នាក់ក្នុង ១ថ្ងៃៗ នឹងមកចូលរួមពិធីបុណ្យសមុទ្រនាខេត្តកោះកុង ព្រោះឆ្នាំនេះ អាជ្ញាធរពាក់ព័ន្ធបានជួយសម្រួលដល់ការធ្វើដំណើរចេញចូលតាមច្រកព្រំដែនប្រទេសទាំងពីរក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យសមុទ្រឆ្នាំនេះ៖ «ប្រភេទកីឡាចូលរួមប្រកួតនេះ គឺបែងចែកជា២ គឺមានកីឡាប្រពៃណីរបស់ជាតិ និងកីឡាទំនើប។ កីឡាអត្តសញ្ញាណជាតិ ឬប្រពៃណីជាតិ គឺមានបន្ថែមកីឡាប្រដាល់សេរី កីឡាអុក កីឡាល្បុក្កតោជាដើម។ រីឯកីឡាទំនើបមានកីឡាលេងលើទឹក កីឡាហោះហើរ រត់ប្រណាំង ប្រណាំងកង់ បាល់ទះលើឆ្នេរខ្សាច់ ហែលទឹក ចម្ងាយឆ្ងាយ ៥គីឡូម៉ែត្រនៅក្នុងសមុទ្រជាដើម»។
លោក វ៉ាត់ ចំរើន បន្ថែមថា វិស័យកីឡាឆ្នាំនេះ បានដើរតួសំខាន់ក្នុងការដឹកនាំពិធីបុណ្យសមុទ្រ និងប្រភេទកីឡាចូលរួមប្រកួតមានចំនួនច្រើន និងរៀបចំពិធីបុណ្យធំដុំជាងឆ្នាំមុន។ ជាងនេះ លោកថាកីឡាការិនី ស៊ន សៀវម៉ី ដែលទើបបានឈ្នះមេដាយមាសពីការប្រកួតកីឡាអាស៊ី ហ្គេម លើកទី១៧ នៅប្រទេសកូរ៉េខាងត្បូង ជំរុញឲ្យវិស័យកីឡាប្រទេសកម្ពុជា ផ្លាស់ប្ដូរមុខមាត់ជាថ្មី ក៏នឹងអញ្ជើញមកបង្ហាញមុខក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះដែរ៖ «កីឡាប៉ុន្មានប្រភេទខាងលើក៏មានកីឡាករថៃ ចូលរួមដែរ។ ដូច្នេះការរៀបចំពិធីបុណ្យសមុទ្រឆ្នាំនេះរៀបចំធំដុំជាងឆ្នាំមុន ហើយប្រភេទកីឡាក៏រៀបចំបានច្រើនជាងឆ្នាំមុនដែរ»។
ពិធីបុណ្យសមុទ្រជាលើកទី៣នេះ លោក ប៊ុន លឺត អភិបាលខេត្តកោះកុង មានជំនឿថា នឹងមានរបៀបរៀបរយ និងសន្តិសុខល្អ ព្រោះសមត្ថកិច្ចជំនាញពាក់ព័ន្ធបានដាក់ផែនការទុកជាមុនបានត្រឹមត្រូវ និងបែងចែកតួនាទីទទួលខុសត្រូវនៅតាមគោលដៅនីមួយៗ ដោយការទទួលខុសត្រូវខ្ពស់។
ប្រទេសកម្ពុជា បានរៀបចំបុណ្យសមុទ្រជាលើកទី១ នៅឆ្នាំ២០១១ នាខេត្តព្រះសីហនុ និងលើកទី២ នៅខេត្តកែប នៅឆ្នាំ២០១៣។ មន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា គោលបំណងនៃការរៀបចំបុណ្យសមុទ្រនេះ គឺចង់ផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងបរិស្ថានឆ្នេរតំបន់សមុទ្រកម្ពុជា ជូនពិភពលោកបានស្គាល់ឲ្យបានច្រើនថែមទៀត។
ទាក់ទិនពិធីបុណ្យសមុទ្រនេះ លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានកំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃប្រកាសជាផ្លូវការនៃការដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោក ជាទិវាជាតិសម្អាតឆ្នេរ។
ផ្ដើមពីបញ្ហានេះ ប្រមុខដឹកនាំក៏បានស្នើដល់ភាគីពាក់ព័ន្ធមានក្រុមហ៊ុន សហគ្រាស រោងចក្រ អង្គការជាតិ អន្តរជាតិ និងគ្រឹះស្ថានសិក្សានានា ឲ្យចូលរួមបំផុសចលនាសិស្សនិស្សិត ឬបុគ្គលិករបស់ខ្លួនចូលរួមឲ្យបានទាំងអស់គ្នា។
ឆ្នេរសមុទ្រប្រទេសកម្ពុជា សរុបមានប្រវែង ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្រ រួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤នេះ ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
