នៅក្នុងប្រទេសកម្ពុជា មិនទាន់មានទេ ការធានារ៉ាប់រងលើវិស័យកសិកម្មនៅឡើយទេ។ កសិករពីមួយឆ្នាំទៅមួយឆ្នាំ ចេះរងនូវហានិភ័យនៃការរងផលប៉ះពាល់ពីអាកាសធាតុប្រែប្រួលនាំឲ្យការធ្វើកសិកម្មមិនបានជោគជ័យ។ បញ្ហានេះមានកសិករជាច្រើនបានធ្វើចំណាកស្រុក ព្រោះមិនរំពឹងផលកសិកម្មដែលផលិតបានមកលក់ថោក ហើយគ្មានអ្នកជួយទទួលខុសត្រូវចំពោះការដោះស្រាយជីវភាព ទើបអង្គកាសេដាក (CEDAC) ផ្តួចផ្តើមឲ្យមានការចងក្រងគ្នាបង្កើតជាប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូច។
អង្គការសេដាក និងកសិករ ៣ខេត្ត មកពីខេត្តតាកែវ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ប្រមាណ ៥០នាក់ បានជួបជុំគ្នានៅថ្ងៃ៩ ខែកក្កដា និយាយពីការបង្កើតប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចលើដំណាំស្រូវ។
ប្រធានអង្គការសេដាក បណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា អាកាសធាតុប្រែប្រួលនាំឲ្យកសិករបានជួបហានិភ័យនៃគ្រោះរាំងស្ងួត និងទឹកជំនន់។ ការបង្កបង្កើនផលស្រូវស្រាលនៅដើមរដូវវស្សា បានរងផលប៉ះពាល់នៅពេលបច្ចុប្បន្ន ធ្វើឲ្យស្រូវពង្រោះខូចខាត។ បញ្ហានេះកើតឡើងជាប់ៗគ្នាច្រើនឆ្នាំ ទើបអង្គការសេដាក ផ្តួចផ្តើមឲ្យកសិករចងក្រងគ្នា បង្កើតប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចលើដំណាំស្រូវមុនសិន។
លោកបន្តថា ការបង្កើតប្រព័ន្ធធានារ៉ាប់រងលើវិស័យកសិកម្ម គ្មានអ្នកណាហ៊ានអនុវត្តទេ ទើបអង្គការសេដាក ចាប់ផ្តើមមុនគេ ដើម្បីឲ្យក្រុមហ៊ុន និងស្ថាប័នដទៃ ងាកមកជួយដល់កសិករនៅពេលដែលគាត់ជួបហានិភ័យនៃរបរកសិកម្ម៖ «អ្នកខ្លះបង់ ២ម៉ឺន អ្នកខ្លះបង់ ៥ម៉ឺន អ្នកខ្លះបង់ ៩ម៉ឺន ទៅតាមផ្ទៃដីបង់ចូលគ្នាហ្នឹង គឺលុយនឹងបម្រុងទុកសម្រាប់សងទៅកសិករវិញនៅពេលគាត់ជួបហានិភ័យ»។
បន្ថែមលើនោះ អនុប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ចាម លោក ស៊ីន ថាវរៈ អះអាងថា ការបង្កើតប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចនេះ គឺបំពេញតម្រូវការចាំបាច់របស់ប្រជាកសិករនៅមូលដ្ឋាន ព្រោះថា បច្ចុប្បន្ន កម្ពុជាកំពុងរងនូវការប្រែប្រួលអាកាសធាតុ ដែលនាំឲ្យកសិករផលិតដំណាំស្រូវប៉ះពាល់បញ្ហាខ្វះទឹកនៅដើមរដូវវស្សា៖ «យើងមានការធានារ៉ាប់រងទៅលើផលិតកម្មកសិកម្មនេះ ជាពិសេសគឺដំណាំស្រូវនេះ គឺជួយឲ្យបងប្អូន សហគមន៍ប្រជាកសិករ គឺទប់ទល់បាន និងរួមចំណែកបានមួយចំនួន»។
មន្ត្រីអង្គការសេដាក និងជាប្រធានគម្រោងបង្កើតប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូច លោក ហ៊ឹម នឿន ថ្លែងថា បង់ធានារ៉ាប់រងលើដំណាំស្រូវនេះចែកចេញតាមប្រភេទពូជស្រូវ និងតាមបច្ចេកទេសដាំស្រូវ។ ចំពោះសំណងទិន្នផលខូចខាតចាប់ពី ០% ទៅ ២០% ការសងធានារ៉ាប់រងមិនមានទេ។ ប៉ុន្តែចាប់ពី ២១% ទៅ ២៥% សំណងមាន ៥%។ ចាប់ពីស្រូវខូចខាត លើស ៥០% សំណងមាន ៣៥%។ លោកបន្តថា គម្រោងនេះ មានគោលដៅធានានូវចិរភាពប្រាក់ចំណូល និងមុខរបរចិញ្ចឹមជីវិតរបស់ក្រុមផលិតកម្មកសិកម្មតាមគ្រួសារឲ្យមានការជួយគាំពារដើម្បទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យផ្សេងៗ ដែលកើតឡើងដោយចៃដន្យ។
លោកបន្តថា គោលបំណងរបស់ម្ចាស់ជំនួយមូលនិធិអាកមៀ (Achmea Foundation) ផ្តល់សេវាកម្មធានារ៉ាប់រងផលិតកម្មកសិកម្ម តាមរយៈការផ្តល់ប្រឹក្សាបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងវិធីសាស្ត្រក្នុងការត្រៀមបង្ការ និងគ្រប់គ្រងហានិភ័យ។
កសិករខេត្តកំពង់ឆ្នាំង លោក នួន សុភាព ឲ្យដឹងថា ការបង់ប្រាក់ចូលធានារ៉ាប់រងស្រូវនេះ ចែកជាស្រូវធ្ងន់ ស្រូវស្រាល និងស្រូវកណ្តាល។ ស្រូវធ្ងន់ធ្វើស្រែតាមទម្លាប់ គឺបង់តម្លៃធានារ៉ាប់រងទាបជាងគេ។ ប៉ុន្តែបើស្រូវធ្ងន់ដែរ តែគាត់ដាំស្រូវតាម ប.វ.ស បង់ប្រាក់ធានារ៉ាប់រងប្រមាណ ២ម៉ឺនរៀលក្នុងស្រូវ ១ហិកតារ។ បើស្រូវកណ្តាល គាត់បង់ប្រាក់ ៣ម៉ឺនរៀល។ លោកថា ការបង់ធានារ៉ាប់រងលើវិស័យកសិកម្មនេះ គាត់គិតថា ជាបង្អែកលើកទឹកចិត្តកសិករឲ្យខំដាំស្រូវ៖ «គឺបានន័យថា ខ្ញុំមានខ្នងបង្អែកមួយ។ បើសិនជាខ្ញុំដួល មានគេជួយផ្អែកឲ្យខ្ញុំ គេជួយទ្រ»។
ចំណែកលោក សំ សារឿន មកពីខេត្តតាកែវ ថ្លែងថា គាត់បង់ប្រាក់ចូលជាសមាជិកធានារ៉ាប់រងដំណាំស្រូវ គាត់បង់អស់ ១៥ម៉ឺនរៀល ដើម្បីធានាលើការខូចខាតស្រូវ ដែលធម្មជាតិបំផ្លាញ៖ «ដូចគ្នាដែរ លោក ជុំ ដន មកពីខេត្តកំពង់ស្ពឺ អះអាងថា ដោយសារតែខេត្តកំពង់ស្ពឺ រងនូវកង្វះទឹកធ្វើស្រែ ទើបគាត់ប្រញាប់ចូលរួមក្នុងការបង្កើតប្រព័ន្ធធានារ៉ាប់រងស្រូវនេះ៖ «បើសិនជារាំងស្ងួតហ្នឹង ហើយយើងអត់បានធ្វើ តើសង ឬអត់? ចំណុចនេះយើងពិភាក្សាគ្នាតទៅទៀត តើយើងសងមិនសង! ព្រោះលុយនេះ ជាលុយរបស់សហគមន៍ ប្រព័ន្ធធានារ៉ាប់រង យើងជួយគ្នាទៅវិញទៅមក»។
ប្រធានអង្គការសេដាក បណ្ឌិត យ៉ង សាំងកុមារ ឲ្យដឹងថា ការប្រកាសឲ្យកសិករចូលរួមបង់ប្រាក់ចូលធានារ៉ាប់រងកសិកម្មនេះជាង ១ខែ មានកសិករ ៦៣នាក់ បានចូលរួមក្នុងទំហំដីស្រែជាង ៦១ហិកតារ។ លោកបន្តថា ការបង្កើតប្រព័ន្ធធានារ៉ាប់រងនេះ យកកសិករ ២០០នាក់ មកពី ៣ខែត្រ ឲ្យអនុវត្តសាកល្បង ២ឆ្នាំ ចាប់ពីឆ្នាំ២០១៥ នេះតទៅ។ ប្រសិនបើការបង្កើតប្រព័ន្ធធានារ៉ាប់រងលើដំណាំស្រូវបានជោគជ័យ អង្គការសេដាក នឹងបង្កើតប្រព័ន្ធធានារ៉ាប់រងលើការចិញ្ចឹមសត្វ បន្លែ ឈើហូបផ្លែបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
