អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បដិសេធ​មិន​ទទួល​ស្គាល់​លោក ឈឹម សាវុធ ជា​សមាជិក

ដោយ ប្រាជ្ញ ចេវ
2014.11.28
ឈឹម សាវុធ ៦១០ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៤។
Photo: RFA

អង្គការ​ការពារ​ធនធាន​ធម្មជាតិ បាន​ចេញ​លិខិត​បដិសេធ​ថា លោក ឈឹម សាវុធ ជា​សកម្មជន​ព្រៃ​ឈើ មិន​មាន​តួនាទី​ទាក់ទង​នឹង​អង្គការ​មួយ​នេះ​ទេ កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា។ លិខិត​ដដែល​បញ្ជាក់​ថា បុគ្គល​រូប​នេះ កន្លង​មក​បាន​អះអាង​តាម​បណ្ដា​សារព័ត៌មាន​ពី​តួនាទី​របស់​លោក​នៅ​ក្នុង​ការងារ​នេះ។

កូន​ប្រុស​របស់ លោក ឈុត វុទ្ធី ឈ្មោះ ឆឺយ ឧត្តមរស្មី បាន​ដាក់​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​លិខិត​ថា ជា​នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​បាន​បញ្ជាក់​ក្នុង​លិខិត​ថា លោក ឈឹម សាវុធ បាន​តាំង​ខ្លួន​ជា​នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ។

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក ឈឹម សាវុធ ឆ្លើយ​តប​ថា លោក ឆឺយ ឧត្តមរស្មី ជា​អ្នក​ហៅ​លោក​ឲ្យ​ធ្វើ​ការងារ​នៅ​អង្គការ​នេះ។ លោក​បន្ត​ថា លោក ឆឺយ ឧត្តមរស្មី គឺ​ជា​អ្នក​រត់​ការ​នៅ​ក្រសួង​មហាផ្ទៃ និង​ប្រគល់​ត្រា​ឲ្យ​លោក​កាន់​ការងារ​ជា​ប្រធាន​អង្គការ​នេះ។ ស្រប​ពេល​គ្នា​នេះ លោក ឈឹម សាវុធ បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​លិខិត ហើយ​លោក​ប្រកាស​ថា លោក​នឹង​លា​ឈប់ ព្រោះ​លោក​ក៏​មិន​ចង់​ធ្វើ​ការងារ​នេះ​ដែរ៖ «ស្អែក​ខ្ញុំ​ខល (Call) ទៅ! ដំបូង​ព្រមព្រៀង​គ្នា​សោះ ស្រាប់​តែ​ពេល​ការងារ​នេះ​រីក​ចម្រើន​ធ្វើ​ចឹង»

ក្រោយ​ពី លោក ឈុត វុទ្ធី អតីត​នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ខេត្ត​កោះកុង លោក ឈឹម សាវុធ បាន​លា​ឈប់​ការងារ​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​ប្រកាស​ចូល​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ នៃ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ជំនួស លោក ឈុត វុទ្ធី កាល​ពី​ចុង​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។