ទឹក​ស្អុយ​ហូរ​ពី​រោងចក្រ​ផលិត​ម្សៅមី​ចូល​ក្នុង​អូរ​ពលរដ្ឋ​ប្រើប្រាស់​នៅ​បាត់ដំបង

0:00 / 0:00

ទឹក​ស្អុយ​ហូរ​ចេញ​ពី​រោងចក្រ​ផលិត​ម្សៅមី​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ អឺខាង ហ្វូណាន (ER KANG HUNAN) ស្ថិត​ក្នុង​ភូមិ​តាគ្រក់ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត ចុះ​ត្រួត​ពិនិត្យ និង​ប្រមូល​សំណាក ដើម្បី​វិភាគ​រក​មូលហេតុ​នៃ​ការ​ពុល​ក្នុង​ទឹក ខណៈ​ត្រី​ងាប់​ពេញ​អូរ​ឈើនាង ដែល​អ្នក​ភូមិ​កំពុង​ប្រើ​ទឹក​នោះ។

អាជ្ញាធរ​បាន​ណែនាំ​ក្រុមហ៊ុន​កុំ​ឲ្យ​បង្ក​ផល​ប៉ះពាល់​បន្ត​ទៀត​ដល់​អ្នក​រស់​នៅ​ជុំវិញ​រោងចក្រ​ម្សៅមី​នោះ។ បច្ចុប្បន្ន ទឹក​ស្អុយ​នោះ​ឈប់​ហូរ​ធ្លាក់​ចូល​ក្នុង​អូរ​ឈើនាង ហើយ ដោយ​ក្រុមហ៊ុន​យក​គ្រឿងចក្រ​កាយ​ទប់​ទឹក​បន្ទាន់ លុប​កន្លែង​ធ្លាយ ក្រោយ​ពី​អាជ្ញាធរ​ចម្រុះ​ក្នុង​ខេត្ត​បាត់ដំបង ចុះ​ពិនិត្យ និង​ណែនាំ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា។

ក្រសួង​បរិស្ថាន បាន​បញ្ជូន​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សុខភាព បន្ទាប់​ពី​មាន​ទឹក​ស្អុយ​ហូរ​ចេញ​ពី​រោងចក្រ​ផលិត​ម្សៅមី​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ អឺខាង ហ្វូណាន បង្ក​នូវ​ផល​ប៉ះពាល់​ទឹក និង​សត្វ​ក្នុង​ទឹក​នោះ។

ការ​បញ្ជូន​មន្ត្រី​ចុះ​ភ្លាមៗ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៤ បន្ទាប់​ពី​ព័ត៌មាន​ផ្សព្វផ្សាយ​ថា រោងចក្រ​ផលិត​ម្សៅមី​នោះ​ធ្លាយ​ទឹក​ស្អុយ​ហូរ​ធ្លាក់​ចូល​ទឹក​ក្នុង​អូរ​ឈើនាង ទឹក​អូរ​ត្រែង និង​ហូរ​ទៅ​ដល់​ដង​ស្ទឹង​សង្កែ បណ្ដាល​ឲ្យ​ត្រី​ងាប់​ក្នុង​អូរ ហើយ​អ្នក​ស្រុក​មិន​អាច​ប្រើប្រាស់​ទឹក​នោះ​បាន។

អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ទា ជុប មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ថា ព័ត៌មាន​អំពី​ទឹក​ស្អុយ​ហូរ​ចេញ​ពី​រោងចក្រ​ម្សៅមី​ហូរ​ចូល​ទឹក​អូរ ប៉ះពាល់​ការ​រស់​នៅ និង​ការ​ប្រើប្រាស់​ទឹក​នៅ​ក្នុង​ស្រុក​រតនៈមណ្ឌល នោះ ក្រសួង​បរិស្ថាន បាន​បញ្ជូន​ក្រុម​មន្ត្រី​ជំនាញ​ចុះ​ទៅ​ខេត្ត​បាត់ដំបង ដោយ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​យក​ទឹក​នោះ​មក​ពិសោធ​មើល និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់៖ «យើង​មិន​អាច​សន្និដ្ឋាន​បាន​ភ្លាម​ទេ ចុះ​ទៅ​នឹង​យើង​អាច​យក​ទឹក​ហ្នឹង​មក​មើល តើ​ហើយ​យើង​វិភាគ​រក​សារធាតុ​អី​ខ្លះ​ដែល​នៅ​ក្នុង​ហ្នឹង។ អ៊ីចឹង​ទាល់​តែ​ចាំ​ខាង​នាយកដ្ឋាន​ត្រូវ​ពិនិត្យ​ថាមពល ចុះ​ទៅ​ពិនិត្យ​មើល ហើយ​បាន​យើង​អាច​មាន​របាយការណ៍​ច្បាស់​លាស់​មួយ​បាន ដើម្បី​យើង​មាន​វិធាន​ការ។ ជួន​កាល ជាមួយ​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​ថា ប៉ុន្តែ​យើង​ចុះ​ពិនិត្យ​ផ្ទាល់ ដើម្បី​ពិនិត្យ​មើល ថា​តើ​វា​ពុល​យ៉ាង​ម៉េចៗ វា​កម្រិត​ណា​ច្បាស់​សិន ចាំ​យើង​ធ្វើ​របាយការណ៍»

រដ្ឋបាល​រោងចក្រ​ម្សៅមី អឺខាង ហ្វូណាន លោក ហួត បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​កើត​ឡើង​នោះ​ឡើយ។ លោក​ស្នើសុំ​ឲ្យ​ជួប​ផ្ទាល់​ជាមួយ​នាយក​ក្រុមហ៊ុន ដែល​មាន​សិទ្ធិ​បកស្រាយ​បញ្ហា​ទាំងអស់។

អភិបាល​ស្រុក​រតនៈមណ្ឌល លោក សើ សាម៉េត ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៤ អាជ្ញាធរ​ស្រុក​រតនៈមណ្ឌល បាន​អញ្ជើញ​តំណាង​រោងចក្រ​ម្សៅមី​មក​ដោះស្រាយ និង​ឲ្យ​សន្យា​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​មាន​ការ​ធ្លាយ​ទឹក​កខ្វក់​ហូរ​ចូល​មក​ក្នុង​ទឹក​អូរ ដែល​អ្នក​ស្រុក​កំពុង​ប្រើប្រាស់​ទឹក​នោះ​បន្ត​ទៀត។ លោក​ថា ក្រុមហ៊ុន​ចិន នោះ​ប្រើ​គ្រឿងចក្រ​កាយ​ទប់​ទឹក​ស្អុយ​ដែល​ធ្លាយ​ចេញ​មក​នោះ​ភ្លាមៗ ក្រោយ​ពី​អាជ្ញាធរ​ចម្រុះ​ក្នុង​ខេត្ត​បាត់ដំបង បាន​ចុះ​ពិនិត្យ​នៅ​ក្នុង​រោងចក្រ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា។ លោក​ថា បច្ចុប្បន្ន​ទឹក​នោះ​លែង​ហូរ​ចេញ​មក​ទៀត​ហើយ ប៉ុន្តែ​ទឹក​នៅ​ក្នុង​អូរ​វិញ នៅ​បន្ត​កខ្វក់​នៅ​ឡើយ។

លោក សើ សាម៉េត៖ «វា​ជ្រាប​ពី​អាង​ទឹក​ស្តុក​ទឹក​ស្អាត​របស់​គាត់ វា​ជ្រាប​តាម​ហ្នឹង​មក វា​ហូរ​ចូល​មក​អូរ អ៊ីចឹង​វា​ធ្វើ​ឲ្យ​ទឹក​ហ្នឹង​ជា​ទឹក​លាង​ដំឡូងៗ​មី​នោះ ទឹក​នោះ​ជា​ប្រភេទ​ទឹក​ស្អុយ​ដែរ​ហ្នឹង។ ដល់​ទឹក​នោះ​វា​ហូរ​ចូល​ទៅ​ក្នុង​អូរ វា​បណ្ដាល​ឲ្យ​ទឹក​នោះ​វា​ធ្វើ​ឲ្យ​ខូច​បរិស្ថាន។ អ៊ីចឹង​វា​ប៉ះពាល់​ដល់​ត្រី ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់។ ហើយ​យើង​បាន​ឲ្យ​គាត់​បិទ​កន្លែង​ដែល​វា​ធ្លាយ ហើយ​ជ្រាប​អ៊ីចឹង យក​ម៉ៃខូ​កាយ​បិទ។ មក​ដល់​ថ្ងៃ​នេះ យើង​រៀប​ចំ​រួច​រាល់​អស់​ហើយ ហើយ​យើង​អញ្ជើញ​គាត់​មក​ព្រឹក​មិញ​នេះ ដើម្បី​ណែនាំ​គាត់​អំពី​អាង​ស្តុក​ទឹក​របស់​គាត់​ហ្នឹង​ណា ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ការ​ធ្លាយ​ដូច​ពី​ម្សិលមិញ​ទៀត»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ត្រែង លោក រ៉ាន់ តុង អះអាង​ថា ទឹក​ធ្លាយ​ពី​អាង​ស្តុក​ទឹក​របស់​រោងចក្រ​ផលិត​ម្សៅមី​នោះ​មាន​ក្លិន​ស្អុយ ជះ​ក្លិន​អាក្រក់​ខ្លាំង នៅ​ពេល​អាជ្ញាធរ​ភូមិ​ឃុំ​បាន​ចុះ​ទៅ​ពិនិត្យ ហើយ​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​សាលា​ស្រុក និង​សាលា​ខេត្ត។ លោក​ថា ត្រី​ជាច្រើន​បាន​ងាប់​នៅ​ក្នុង​ទឹក ហើយ​ទឹក​ល្អក់​ពណ៌​ស​ក្បោះ។ លោក​ថា ភ្លាមៗ​អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ប្រញាប់​បិទ​ភ្ជិត​កន្លែង​ធ្លាយ​ទឹក​នោះ​សិន ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​ចេញ​មក​ច្រើន​ទៀត បង្ការ​ដល់​អ្នក​ស្រុក​ច្រើន​ភូមិ​កំពុង​ប្រើប្រាស់​ទឹក​អូរ​នោះ ដែល​អាច​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​សុខភាព៖ «ពាក់ព័ន្ធ​នឹង​ទឹក​ស្អុយ​ហ្នឹង វា​មិន​មាន​ជាតិ​គីមី​អី​ទេ គ្រាន់​តែ​ថា​ការ​ហូរ​ចូល​នេះ​ដោយ​មូលហេតុ​វា​អចេតនា​ទេ ដោយសារ​វា​ធ្លាយ​ទំនប់។ ក៏ប៉ុន្តែ គាត់​សន្យា​ថា​នឹង​មិន​ឲ្យ​មាន​លើក​ទី​២​ទៀត​ទេ ពាក់ព័ន្ធ​នឹង​ការ​ធ្លាយ​ទំនប់​នេះ»

មេ​ភូមិ​តាគ្រក់ លោក ឆាន់ សារុន ឲ្យ​ដឹង​ថា សំណង់​របស់​រោងចក្រ​មិន​ទាន់​រឹងមាំ បាន​ធ្វើ​ឲ្យ​អាង​ស្តុក​សំណល់​ធ្លាយ​ទឹក​ចេញ​ពី​ក្រោម​ដី ហូរ​ចូល​មក​ក្នុង​ទឹក​អូរ​ឈើនាង បន្ត​ហូរ​ទៅ​ទឹក​អូរ​ត្រែង និង​ហូរ​ទៅ​ដល់​ដង​ស្ទឹង​សង្កែ ដែល​មាន​ចម្ងាយ​ប្រមាណ ១៥ ទៅ ២០​គីឡូម៉ែត្រ។ លោក​ថា បើ​ទឹក​នោះ​ហូរ​ជាប់​រាល់​ថ្ងៃ វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​ទឹក​របស់​អ្នក​ស្រុក​ចំនួន ២​ឃុំ គឺ​ឃុំ​ត្រែង និង​ឃុំ​ផ្លូវមាស។ លោក​ថា ទឹក​មាន​ក្លិន​ស្អុយ ព្រោះ​ក្រុមហ៊ុន​លាង​សម្អាត ដំឡូង​ស្ងួត ហើយ​ស្តុក​ទឹក​នៅ​ក្នុង​អាង៖ «សុំ​ឲ្យ​គាត់​ហ្នឹង​មាន​វិធាន​ការ​យ៉ាង​ម៉េច កាយ​ទម្លាយ​ទឹក​សម្រាប់​ប្រើ​ហ្នឹង ឲ្យ​វា​ហូរ​ឲ្យ​ខ្លាំង ដើម្បី​ឲ្យ​វា​បំបាត់​នូវ​ជាតិ​ពុល»

ប្រជាពលរដ្ឋ​ភូមិ​តាគ្រក់ លោក ផាន់ ណា ឲ្យ​ដឹង​ថា អ្នក​ភូមិ​កំពុង​ត្រូវ​ការ​ទឹក​អូរ​ឈើនាង ប្រើប្រាស់​ក្នុង​រដូវ​ប្រាំង ប៉ុន្តែ​បែរ​ជា​ទឹក​មិន​អាច​ប្រើ​បាន ដោយសារ​តែ​ទឹក​ក្នុង​អូរ​ឈើនាង រង​នូវ​ជាតិ​ពុល​នៃ​ទឹក​ស្អុយ ដែល​ហូរ​ចេញ​ពី​រោងចក្រ​ម្សៅមី។ លោក​ថា ទឹក​ហូរ​ចេញ​ពី​រោងចក្រ​ម្សៅមី​មក មាន​ពណ៌​ស​ខាប់ មាន​ក្លិន​ស្អុយ ធ្វើ​ឲ្យ​ត្រី​ងាប់​ច្រើន​ក្នុង​ទឹក​អូរ។ អ្នក​ស្រុក​មិន​បាន​ដឹង​ថា ត្រី​ងាប់​ព្រោះ​តែ​វា​ស៊ី​ជាតិ​ពុល​ក្នុង​ទឹក​ទេ ក៏​មាន​អ្នក​ភូមិ​ខ្លះ​បាន​ចាប់​ត្រី​ងាប់​ហូប ហើយ​ធ្វើ​ឲ្យ​មាន​ជំងឺ​ក្អួត ចង្អោរ៖ «ទឹក​ហ្នឹង​នៅ​តែ​ហូរ ហើយ​ស្អុយ​អ៊ីចឹង អូរ​ហ្នឹង​វា​ហូរ​ចុះ​ទៅ​ដល់​ស្ទឹង​សង្កែ​តែ​ម្តង តែ​វា​ហូរ​យឺត​ណាស់ អា​ទឹក​ស​ស្អុយៗ​ហ្នឹង ដើរ​ជិត​អត់​បាន​ទេ​ជះ​ក្លិន។ អ៊ីចឹង​បង​ប្អូន​នៅ​ក្នុង​ភូមិ​ហ្នឹង គាត់​ប្រើប្រាស់​ទឹក​ហ្នឹង​អត់​បាន​ទេ ស្អុយ​ខ្លាំង​ប្រើ​អត់​កើត ហើយ​ត្រី​ងាប់ ហើយ​នៅ​កន្លែង​នេះ​វា​អត់​សូវ​មាន​ទឹក​ដែរ អ៊ីចឹង​វា​លំបាក​ខ្លាំង។ ហើយ​ទឹក​នៅ​តែ​ហូរ ស្អុយ​អ៊ីចឹង​ពី​លើ​មក ព្រោះ​រោងចក្រ​ម្សៅមី​នៅ​ពី​លើ​យើង ឯ​យើង​នៅ​ពី​ក្រោម។ អ៊ីចឹង​វា​ហូរ​មក​រហូត ឥឡូវ​នៅ​មាន​ក្លិន​អាក្រក់​ក្លិន​ស្អុយ»

អភិបាល​ស្រុក​រតនៈមណ្ឌល លោក សើ សាម៉េត ឲ្យ​ដឹង​ថា រោងចក្រ​ម្សៅមី​ឈ្មោះ អឺខាង ហ្វូណាន មាន​ទីតាំង​នៅ​ក្នុង​ភូមិ​តាគ្រក់ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។ រោងចក្រ​នោះ​ទើប​ដំណើរ​ការ​សាងសង់​ប្រមាណ​៣​ខែ​មក​នេះ ហើយ​កំពុង​សាងសង់​អគារ​ជាច្រើន​បន្ត​ទៀត ដើម្បី​ឲ្យ​កម្មករ​ស្នាក់​នៅ​ផង និង​ស្តុក​ដំឡូង​ផង។ រោងចក្រ​ម្សៅមី​នេះ​គ្រោង​នឹង​សាងសង់​ឲ្យ​រួច​រាល់​រយៈពេល​៦​ខែ​ទៀត នឹង​ចាប់​ដំណើរ​ការ​ពេញ​លេញ។ រោងចក្រ​ផលិត​ម្សៅមី​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ អឺខាង ហ្វូណាន មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​នោះ នឹង​ផលិត​ម្សៅមី​ក្នុង​១​ថ្ងៃ​បាន ១៦០​តោន។ លោក​បន្ត​ថា រោងចក្រ​ម្សៅមី​នោះ​នឹង​ផ្តល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បាន​ច្រើន​ពាន់​នាក់ ដើម្បី​ចូល​រួម​កាត់​បន្ថយ​មនុស្ស​ចំណាក​ស្រុក។

ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ស្រុក ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ នឹង​បន្ត​ត្រួត​ពិនិត្យ​គុណភាព​សំណង់ និង​បរិស្ថាន​របស់​ក្រុមហ៊ុន បង្ការ​កុំ​ឲ្យ​រោងចក្រ​នោះ​បង្ក​ផល​ប៉ះពាល់​ផ្សេង​ទៀត ដល់​ការ​រស់​នៅ​របស់​អ្នក​នៅ​ជុំវិញ​រោងចក្រ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។