ក្រុមមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល កំពុងស៊ើបអង្កេតការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនចិន ឈ្មោះ ឆាយ ជីហ៊ាង បន្ទាប់ពីសហគមន៍ជលផលខេត្តរតនគិរី រាយការណ៍ថា ក្រុមហ៊ុននេះធ្វើអាជីវកម្មកាយយកដីរ៉ែមាសនៅតំបន់សហគមន៍អភិរក្ស។ មន្ត្រីជំនាញអះអាងក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ ប៉ុន្តែក្រុមហ៊ុនធ្វើសកម្មភាពមុនការអនុញ្ញាត។
មន្ត្រីក្រសួងរ៉ែ និងថាមពល ឲ្យដឹងថា មន្ត្រីជំនាញមួយក្រុមកំពុងវិភាគទៅលើសំណាកគំរូរ៉ែខ្សាច់ដែលប្រមូលបាននៅការដ្ឋានក្រុមហ៊ុន និងមួយក្រុមទៀតបានចុះទៅពិនិត្យគ្រឿងសម្ភារៈក្រុមហ៊ុនចិន ឈ្មោះ ឆាយ ជីហ៊ាង នៅខេត្តរតនគិរី ដើម្បីស៊ើបអង្កេតរកមើលភស្តុតាងថា តើក្រុមហ៊ុនចិន នេះបានធ្វើអាជីវកម្មរ៉ែមាសមែន ឬយ៉ាងណា?
កាលពីសប្ដាហ៍មុនសហគមន៍អភិរក្សធនធានជលផលភូមិដាល ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតទៅលើអាជីវកម្មក្រុមហ៊ុន ឆាយ ជីហ៊ាង ដែលបានបើកការដ្ឋានជីកកកាយយកខ្សាច់នៅលើកោះខ្យងមករែងបង្ហូរទឹកកខ្វក់ចូលទឹកទន្លេ ដឹកដីបិទទន្លេសេសានពីច្រាំងម្ខាងភ្ជាប់មកកោះខ្យង បង្កផលប៉ះពាល់ផ្នែកបរិស្ថាន និងតំបន់អភិរក្សជលផលសហគមន៍។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្កធារ៉ា បញ្ជាក់នៅថ្ងៃទី២១ ខែឧសភា ថា ក្រុមជំនាញទាំងពីរក្រុមនឹងផ្ដល់លទ្ធផលស៊ើបអង្កេតនៅពេលឆាប់ៗនេះ។ លោកថា ប្រសិនរកឃើញវត្ថុតាងបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើអាជីវកម្មមាសក្រុមហ៊ុននេះនឹងប្រឈមមុខទៅនឹងកំហុសពីរផ្នែក គឺធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់ និងធ្វើអាជីវកម្មខ្សាច់មុនពេលអាក្រសួងផ្ដល់អាជ្ញាប័ណ្ណ៖ «យើងឲ្យគាត់ផ្អាកសិនអត់ឲ្យធ្វើទេ ព្រោះគាត់ត្រូវមកបំភ្លឺ នេះជាការស៊ើបអង្កេតមួយ។ បើសិនការស៊ើបអង្កេតរកឃើញមានវត្ថុតាងដាក់បន្ទុកបានអាហ្នឹងត្រូវដាក់បន្ទុកបទល្មើសហើយ»។
សេចក្ដីរាយការណ៍របស់អ្នកនាំពាក្យក្រសួងរ៉ែ ឲ្យដឹងដែរថា ការស៊ើបអង្កេតជំហានដំបូងរកឃើញថា ក្រុមហ៊ុនចិន នេះ មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក៏ប៉ុន្តែក្រុមហ៊ុននេះបើកការដ្ឋានដាក់គ្រឿងចក្រធ្វើអាជីវកម្មតាំងពីខែមេសា មុនពេលចេញអាជ្ញាប័ណ្ណ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនបានទេ នៅថ្ងៃទី២១ ខែឧសភា ដើម្បីសុំបំភ្លឺរឿងរ៉ាវទាក់ទិនការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន។
យ៉ាងណាអនុប្រធានសហគមន៍ ភូមិដាល លោក ក្លាន ហ្យាញ់ បញ្ជាក់ថា ការដ្ឋានក្រុមហ៊ុនបានផ្អាកសកម្មភាពកាលពីសប្ដាហ៍មុន បន្ទាប់ពីមន្ត្រីមន្ទីររ៉ែ និងថាមពល និងមន្ត្រីខណ្ឌជលផលខេត្តរតនគិរី បានចុះទៅពិនិត្យការដ្ឋានក្រុមហ៊ុន។
លោកបន្តថា សហគមន៍មិនយល់ព្រមឲ្យក្រុមហ៊ុនធ្វើអាជីវកម្មនៅទីនោះទេ ពីព្រោះអាជីវកម្មក្រុមហ៊ុន ទោះបីបូមខ្សាច់ ឬរែងមាស បានបង្កផលប៉ះពាល់ទឹកប្រើប្រាស់ និងដែនអភិរក្សអន្លង់ត្រីមេពូជរបស់សហគមន៍៖ «គាត់អត់មានចុះកិច្ចសន្យាជាមួយសហគមន៍ផង គេអត់គាំទ្រផងគេអត់ចង់ឲ្យធ្វើគាត់ចុះមកធ្វើ។ មុនអភិបាលស្រុកគាត់ថា បើគេធ្វើគេបូមតែខ្សាច់បូមក្នុងទឹកធ្វើហ្នឹងចុះកាយក្នុងកោះ»។
ដូចគ្នានេះដែរ មន្ត្រីខណ្ឌជលផលខេត្តរតនគិរី លោក ងួន សុគន្ធ បានធ្វើរបាយការណ៍រួចហើយទៅអាជ្ញាធរខេត្ត និងស្ថាប័នរដ្ឋបាលជលផលដោយចាត់ទុកការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនថា រំលោភច្បាប់ជលផល និងបង្កផលប៉ះពាល់តំបន់អភិរក្សជលផល ក៏ប៉ុន្តែការឆ្លើយតបបែបណាទៅនឹងរបាយការណ៍នេះមិនទាន់ដឹងនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងរ៉ែ អះអាងថា ក្រុមហ៊ុននឹងប្រឈមមុខទៅនឹងដកហូតអាជ្ញាប័ណ្ណ ឬបញ្ជូនសំណុំរឿងទៅតុលាការ ប្រសិនមន្ត្រីជំនាញរកឃើញសារធាតុ ឬគ្រឿងចក្រក្រុមហ៊ុនជាប់ទាក់ទិនអាជីវកម្មរ៉ែមាស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
