ស៊ីនទ្រី​ផ្អាក​ប្រមូល​សំរាម​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​១​សប្ដាហ៍

សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​មាន​ការ​អត់ធ្មត់ និង​ចូលរួម​ថែ​រក្សា​អនាម័យ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចំនួន​មួយ​សប្ដាហ៍ ដោយសារ​កម្មករ​ប្រមូល​សំរាម​មួយ​ចំនួន ត្រូវ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ដែរ។

សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៥ ខែ​មេសា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដល់​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ថា ការ​ផ្ដល់​សេវា​សម្អាត ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​ប្រមូល​មិន​បាន​ពេញលេញ​ចំនួន ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី១៨ មេសា ឆ្នាំ​២០១៣។

នាយក​រង​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី (CINTRI) លោក សេង ចំរើន បាន​ថ្លែង​នៅ​ថ្ងៃ​ទី៦ មេសា ថា ក្នុង​រយៈពេល ៧​ថ្ងៃ​នេះ លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​វេច​ខ្ចប់ និង​ទុក​ដាក់​សំរាម​នៅ​ក្នុង​ផ្ទះ​រៀងៗ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បញ្ចេញ​សំរាម​មក​ខាង​ក្រៅ​ផ្ទះ និង​ចោល​តាម​ទី​សាធារណៈ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ ការ​ធ្វើ​ចរាចរណ៍ អនាម័យ សោភ័ណភាព និង​បរិស្ថាន​ទីក្រុង។

លោក សេង ចំរើន៖ «ខ្ញុំ​ជា​អ្នក​ធ្វើ​កិច្ចការ​នេះ​ផ្ទាល់ សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ចូលរួម​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ដោយសារ​ឈប់​សម្រាក​នៅ​ថ្ងៃ​ប្រពៃណី​ជាតិ​អ៊ីចឹង។ កម្មករ​យើង​ក៏​ត្រូវ​ឈប់​សម្រាក​ដែរ ដូច្នេះ​យើង​នឹង​ខ្វះ​បុគ្គលិក​ធ្វើ​ការងារ​នៅ​ថ្ងៃ​នេះ​ឯង ដើម្បី​ចូលរួម​ឲ្យ​ទីក្រុង​យើង​ស្អាត សូម​ប្រជាពលរដ្ឋ​យើង​ទុក​ដាក់​សំរាម​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ថង់ ទុក​ដាក់​ក្នុង​ផ្ទះ ក្នុង​ធុង​ឲ្យ​បាន​ល្អ ថែម​ទាំង​កុំ​ឲ្យ​មាន​ក្លិន​នៅ​ក្នុង​ការ​ទុក​ដាក់​ក្នុង​ផ្ទះ​ខ្លួន​ឯង ដើម្បី​រង់ចាំ​ចប់​ចូល​ឆ្នាំ សង្ឃឹម​ថា​កម្មករ​នឹង​វិល​មក​ទាន់​ពេល​វេលា យើង​នឹង​ធ្វើ​ការ​ដូច​ពេល​ដើម​វិញ»

ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី មាន​កម្មករ​បោស និង​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ១​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។