វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum ) រួមនឹងអង្គការសម្ព័ន្ធទន្លេកម្ពុជា (RCC) ធ្វើសិក្ខាសាលាថ្នាក់ជាតិមួយនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២០ មីនា ស្ដីពីផលប៉ះពាល់នៃការសាងសង់វារីអគ្គិសនីដនសាហុង នៅប្រទេសឡាវ។ អ្នកចូលរួមបានផ្តល់នូវទស្សនទាន និងធ្វើបទបង្ហាញពីផលប៉ះពាល់ទូទៅ ជាពិសេសមកលើប្រទេសកម្ពុជា ដែលនៅខ្សែទឹកខាងក្រោម។
ក្រោយពីពិភាក្សា និងធ្វើបទបង្ហាញពីក្តីព្រួយបារម្ភពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីដនសាហុង អស់រយៈពេលមួយថ្ងៃពេញនោះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលធ្វើការសកម្មនឹងបញ្ហាបរិស្ថាន បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅល្ងាចថ្ងៃទី២០ មីនា។
សេចក្តីថ្លែងការណ៍រួមនោះបានបង្ហាញជំហរមិនចង់ឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីនៅឡាវ នោះទេ។ សេចក្តីថ្លែងការណ៍រួមនោះ បានបង្ហាញពីក្តីកង្វល់របស់ប្រជាសហគមន៍ ក្តីប្រាថ្នារបស់ពួកគាត់ទៅថ្ងៃអនាគត និងចំណុចដែលត្រូវទទួលរងផលប៉ះពាល់ជាច្រើនផ្នែកទៀត។
សេចក្តីថ្លែងការណ៍នោះនឹងផ្ញើជូនទៅអ្នកធ្វើសេចក្តីសម្រេចចិត្តនៃប្រទេសពាក់ព័ន្ធ មានដូចជា នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ វៀតណាម និងប្រទេសថៃ។
សិក្ខាសាលាពេញមួយថ្ងៃនោះ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិលជាតិ អន្តរជាតិ អ្នករងផលប៉ះពាល់ផ្ទាល់ពីគម្រោងវារីអគ្គិសនីនៅតាមដងទន្លេ និងតំបន់ភ្នំ។
ជនជាតិដើមភាគតិចជង នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលកំពុងប្រឈមនឹងគម្រោងសាងសង់វារីអគ្គិសនីនៅតំបន់អារ៉ែង ក៏បានមកចូលរួមស្វែងយល់ពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនី និងស្វែងយល់ពីមូលដ្ឋាននៃការតស៊ូមតិ កុំឲ្យមានការសាងសង់ទំនប់នេះនៅតំបន់ពួកគាត់រស់នៅជាច្រើនជំនាន់មកហើយនោះ។
នាយកប្រតិបត្តិនៃអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល លោក តឹក វណ្ណា ដែលជាអ្នកសម្របសម្រួលឲ្យមានកិច្ចពិភាក្សានៅក្នុងសិក្ខាសាលានេះ បានបង្ហាញពីក្តីបារម្ភចំពោះគម្រោងសាងសង់ទំនប់ដនសាហុង នៅប្រទេសឡាវ នោះទៅដល់ភាគីពាក់ព័ន្ធ រួមមានមន្ត្រីរដ្ឋាភិបាលផង។
លោកបញ្ជាក់ពីផលប៉ះពាល់សម្រាប់កម្ពុជា ដែលនៅកៀកខាងក្រោមទំនប់នោះចម្ងាយតែជាងមួយគីឡូម៉ែត្រនោះ មានដូចជា បញ្ហាស្ទះដំណើរឆ្លងកាត់របស់ត្រីតាមបែបធម្មជាតិ ការរស់នៅបន្តពូជរបស់សត្វផ្សោតតំបន់នោះ និងខេត្តក្រចេះ វិស័យទេសចរណ៍ ព្រមទាំងប៉ះពាល់ដល់លំហូរនៃចរន្តទឹកពីមេគង្គរហូតដល់បឹងទន្លេសាប ខូចខាតដល់ប្រព័ន្ធកសិកម្មដល់ជុំវិញតំបន់ទាំងនេះទៀត៖ «គឺទាក់ទងនឹងអន្លង់ត្រីនៅក្នុងតំបន់រាំសា នៃខេត្តស្ទឹងត្រែង ដែលជាប្រភពផ្តល់នូវពង ផ្តល់នូវកូនត្រីមកតំបន់អាងទន្លេសាប តំបន់ដែលដីទន្លេមេគង្គ ហើយតំបន់វាលទំនាបលិចទឹកទាំងឡាយនៃប្រទេសកម្ពុជា នឹងទទួលរងនូវផលប៉ះពាល់»។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ទា ជុប មានប្រសាសន៍នៅក្នុងសិក្ខាសាលានោះ ដោយបង្ហាញជំហរមិនចង់ឲ្យមានការសាងសង់ទំនប់ដនសាហុង នោះទេ។ លោកទទួលស្គាល់ចំពោះផលប៉ះពាល់ដល់សម្បត្តិមហាសាលរបស់កម្ពុជា គឺអន្លង់ត្រី និងសត្វផ្សោតទឹកសាប។ លោកបញ្ជាក់ថា ផ្សោតទឹកសាបនៅកម្ពុជា ជាធនធានធម្មជាតិដ៏កម្រ និងអាចរកចំណូលតាមរយៈវិស័យទេសចរណ៍ អាចស្មើពាក់កណ្ដាលនៃប្រាសាទអង្គរវត្តនាខេត្តសៀមរាប។
លោកបន្តថា បញ្ហានេះភាគីពាក់ព័ន្ធត្រូវមានការសិក្សាជាមួយគ្នាឲ្យបានច្បាស់លាស់ និងផ្តល់ព័ត៌មានដល់គ្នាទៅវិញទៅមកឲ្យបានលឿន និងពេញលេញ ដើម្បីធ្វើសេចក្តីសម្រេចចិត្ត និងរកដំណោះស្រាយឲ្យបានទាន់ពេល។
គម្រោងវារីអគ្គិសនីដនសាហុង ស្ថិតនៅលើតួទន្លេមេនៃទន្លេមេគង្គក្នុងតំបន់ស៊ីផាដនភាគខាងត្បូងប្រទេសឡាវ ដែលមានចម្ងាយប្រមាណជិត ២គីឡូម៉ែត្រពីព្រំដែនកម្ពុជា ក្នុងខេត្តស្ទឹងត្រែង។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល បានបង្ហាញនូវក្តីរំពឹងថា រាល់បញ្ហា និងក្តីបារម្ភ និងសំណូមពរដែលបានលើកឡើង នឹងផ្ញើជូនថ្នាក់ដឹកនាំប្រទេសពាក់ព័ន្ធនោះ នឹងទទួលលើកយកទៅពិចារណានៅក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មាធិការទន្លេមេគង្គនៅប្រទេសវៀតណាម នាថ្ងៃទី៤ ខែមេសា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
