ក្រុម​សង្គម​ស៊ីវិល​នឹង​ស្វែងរក​ការ​គាំទ្រ​ប្រឆាំង​នឹង​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​នៅ​អារ៉ែង

ដោយ សេក បណ្ឌិត
2014.09.21
អារ៉ែង កោះកុង ៦១០ ១០-វិច្ឆិកា-២០១៣៖ ស្ទឹង​អារ៉ែង នៃ​ស្រុក​ថ្មបាំង ​ខេត្ត​កោះកុង។
Photo: RFA

ក្រុម​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន រៀបចំ​ផែនការ​ជា​ថ្មី​ក្នុង​ការ​សង្គ្រោះ​តំបន់​ស្ទឹង​ឆាយ​អារ៉ែង ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង អោយ​រួច​ផុត​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី បន្ទាប់​ពី​បុណ្យ​ភ្ជុំ​ហើយ។

ចំណែក​អាជ្ញាធរ ក៏​មាន​គម្រោង​ចុះ​ទៅ​តំបន់​នោះ​ជា​ថ្មី​ទៀត​ដែរ ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជំទាស់​នឹង​គម្រោង​មួយ​នេះ បន្ទាប់​ពី​ការ​តវ៉ា​យ៉ាង​តឹងតែង​កាល​ពី​ដើម​សប្ដាហ៍​នេះ។

ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ក្រុម​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន ជាពិសេស​នៅ​តំបន់​ស្ទឹង​អារ៉ែង​ខេត្ត​កោះកុង រួម​ជាមួយ​អង្គការ​ដទៃ​ទៀត នឹង​ធ្វើ​យុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ​ប្រឆាំង​គម្រោង​សាងសង់​វារីអគ្គិសនី​របស់​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ (Sinohydro) នៅ​តំបន់​នោះ។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​នៅ​ថ្ងៃ​ទី​២០ កញ្ញា ថា ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ ក្រុម​សង្គម​ស៊ីវិល នឹង​រៀបចំ​ឲ្យ​មាន​វេទិកា​សម្ដែង​មតិ​មួយ​ជុំវិញ​បញ្ហា​នេះ៖ «ធ្វើ​វេទិកា​នៅ​ស្រុក​ថ្មបាំង ដើម្បី​ឲ្យ​ប្រជាជន​ញាតិ​ញោម​ដែល​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​ហ្នឹង គាត់​ចូលរួម​សម្ដែង​មតិ ហើយ​ក្រោយ​ពី​យើង​ធ្វើ​វេទិកា​នៅ​ស្រុក​ថ្មបាំង ហើយ យើង​នាំ​ជា​សារ​របស់​ញាតិ​ញោម​ដែល​ចូលរួម​ហ្នឹង យក​មក​ដាក់​ជូន​ក្រសួង​សាមី គឺ​ក្រសួង​រ៉ែ និង​ថាមពល ម្តង​ទៀត ហើយ​យើង​នឹង​ដាក់​ទៅ​រដ្ឋសភា​ព្រឹទ្ធសភា»

ព្រះតេជព្រះគុណ​បន្ត​ថា សង្គម​ស៊ីវិល​នឹង​រួម​គ្នា​សិក្សា​រក​ព័ត៌មាន​ជាក់​លាក់​មួយ ស្ដីពី​ផល​ប៉ះពាល់​បរិស្ថាន​ដ៏​មាន​តម្លៃ​នៅ​ទីនោះ ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដើម្បី​បង្ហាញ​ជូន​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត។

ចំណែក​ខាង​អាជ្ញាធរ​ខេត្ត និង​ក្រុម​គណៈកម្មការ​ជំនាញ មាន​គម្រោង​ចុះ​ទៅ​តំបន់​ស្ទឹង​អារ៉ែង​នោះ​ដែរ ក្រោយ​បុណ្យ​ភ្ជុំ​ហើយ​ដូច​គ្នា បន្ទាប់​ពី​ខកខាន​ម្តង​រួច​មក​ហើយ ដោយ​មាន​ការ​រារាំង​ពី​ក្រុម​សហគមន៍​កាល​ពី​ដើម​សប្ដាហ៍​នេះ។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កោះកុង លោក ប៉ិច ស៊ីយ៉ុន មាន​ប្រសាសន៍​ថា ការ​ចុះ​ទៅ​នេះ ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ផល​ប្រយោជន៍​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ទីនោះ និង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ៖ «ឥឡូវ​នេះ​យើង​នឹង​ទៅ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​អ្វី​ដែល​យើង​ចង់​ធ្វើ ឲ្យ​គាត់​យល់​សិន ហើយ​បន្ទាប់​ពី​ហ្នឹង​មក ទើប​ឲ្យ​ក្រុម​ការងារ​យើង​ចូល»

លោក​ឲ្យ​ដឹង​ទៀត​ថា ការ​សិក្សា​បន្ថែម​ស្ដីពី​ផល​ប៉ះពាល់​ជុំវិញ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹង​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដែល​កំពុង​ដំណើរ​ការ​នោះ ជិត​បញ្ចប់​សព្វគ្រប់​ហើយ។

ពលរដ្ឋ​ពីរ​ឃុំ គឺ​ឃុំ​ប្រឡាយ និង​ឃុំ​ជំនាប់ ប្រមាណ ៣០​នាក់ នៅ​ក្នុង​ស្រុក​ថ្មបាំង កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា បាន​រារាំង​មិន​ឲ្យ​អភិបាល​រង​ខេត្ត គឺ​លោក ផុន លីវីរៈ ដែល​ដឹក​នាំ​មន្ត្រី​ជំនាញ​កសិកម្ម និង​សមត្ថកិច្ច​ប៉េអិម​មួយ​ក្រុម ដើម្បី​ចុះ​ទៅ​តំបន់​អារ៉ែង​នោះ រហូត​មាន​ជម្លោះ​គ្នា និង​មាន​ការ​ឃាត់​ខ្លួន​តំណាង​ក្រុម​អ្នក​តវ៉ា​ប្រមាណ​ជាង ១០​នាក់ យក​ទៅ​សួរ​នាំ​អំពី​ការ​ដឹក​នាំ​ពលរដ្ឋ​ឲ្យ​មក​បិទ​ផ្លូវ បន្ទាប់​មក​ក៏​មាន​ការ​សម្រប​សម្រួល​ដោះ​លែង​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។