ការកាប់បំផ្លាញតំបន់ព្រៃដ៏ធំចុងក្រោយនៅខេត្តស្ទឹងត្រែង និងខេត្តរតនគីរី កំពុងតែកើតមានឡើងយ៉ាងអនាធិបតេយ្យ ដោយមិនមានអាជ្ញាធរណាយកចិត្តទុកដាក់ឡើយ។ ដោយឡែកខាងអង្គការការពារធនធានធម្មជាតិ រកឃើញគំនរឈើយ៉ាងច្រើននៅតំបន់នោះ ហើយអង្គការមួយនេះ គ្រោងនឹងបញ្ចេញរបាយការណ៍ស្ដីពីវិនាសកម្មព្រៃឈើជូនរាជរដ្ឋាភិបាលទៀតផង។
ការចុះស្រាវជ្រាវពីសំណាក់អង្គការការពារធនធានធម្មជាតិ រួមនិងខាងបណ្ដាញសហគមន៍ការពារព្រៃឈើ បានរកឃើញនូវគំនរឈើប្រមាណ ២ ទៅ ៤ម៉ឺនម៉ែត្រគូបនៅក្នុងស្រុកសៀមប៉ាង ចន្លោះពីទន្លេសេសាន និងទន្លេស្រែពក ក្នុងខេត្តស្ទឹងត្រែង និងស្រុកតាវែង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី នៃតំបន់ឧទ្យានជាតិវីរជ័យ រហូតដល់ព្រំដែនឡាវ និងព្រំដែនវៀតណាម។ កំណាត់ឈើទាំងនោះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ទ្រី ភាព ដែលបានប្រមូលទិញពីប្រជាពលរដ្ឋ ដែលគេជួលមកពីតំបន់ផ្សេងៗមកកាប់ឈើក្នុងតំបន់នោះ។
នាយកអង្គការធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍ថា វាជារឿងមួយគួរឲ្យបារម្ភ និងសោកស្ដាយបំផុត ចំពោះវាសនាព្រៃឈើចុងក្រោយនៅក្នុងតំបន់នោះ ដែលវាទាមទារឲ្យរាជរដ្ឋាភិបាល យកចិត្តទុកដាក់លើបញ្ហានេះ៖ «ក្រុមហ៊ុន ទ្រី ភាព កំពុងតែត្រៀមនាំចេញឆ្លងកាត់ទន្លេស្រែពក ចាក់មកស្រុកសៀមប៉ាង។ អ៊ីចឹងជាព័ត៌មានមួយដែលយើងគិតថា ទាំងអស់គ្នាគួរតែចាប់អារម្មណ៍ ជាពិសេសក្រសួងៗបរិស្ថាន និងអគ្គនាយករដ្ឋបាលព្រៃឈើ។ ហើយបើចង់ដឹង ទាក់ទងមកខ្ញុំ ខ្ញុំនាំទៅរកកន្លែងឈើ»។
លោកបន្ថែមថា មន្ត្រីធំៗបានទទួលទិញឈើដែលប្រជាពលរដ្ឋកាប់ក្នុងតម្លៃពី ១៥០ដុល្លារ ទៅ ២០០ដុល្លារ ហើយលក់បន្តទៅឲ្យក្រុមហ៊ុន ទ្រី ភាព ក្នុងតម្លៃពី ៦០០ ទៅ ៧០០ដុល្លារ ហើយក្រុមហ៊ុន ទ្រី ភាព នាំចូលទៅប្រទេសវៀតណាម ក្នុងតម្លៃចន្លោះ ២ពាន់ ទៅ ៣ពាន់ដុល្លារក្នុងមួយម៉ែត្រគូប ដែលជាប្រភេទឈើធ្នង់ និងលាយឈើនាងនួនមួយចំនួន។ លោកបន្តថា ដោយសារតែមានសកម្មភាពកាប់ និងដឹកជញ្ជូនឈើយ៉ាងកក្រើកនេះហើយ បានជាគេធ្វើផ្លូវមួយនៅក្នុងព្រៃធ្លាយរហូតដល់ផ្លូវលំហូជីមិញ ប្រទេសវៀតណាម ដែលជាអតីតផ្លូវដឹកសព្វាវុធ និងស្បៀងក្នុងសម័យសង្គ្រាម។ លោកបញ្ជាក់ថា កន្លែងស្តុកឈើ គឺមានជាច្រើនកន្លែងនៅខេត្តទាំងពីរនេះ ដើម្បីនាំចេញបន្ត។ លោកឲ្យដឹងដែរថា លោកកំពុងចងក្រងជាភស្តុតាងដាក់ទៅស្ថាប័នរដ្ឋាភិបាល ដើម្បីបង្ហាញឲ្យឃើញពីវិនាសកម្មដ៏ធំធេងមួយនេះ និងសម្រាប់មនុស្សជំនាន់ក្រោយ។
លោក ឈឹម សាវុធ៖ «នឹងធ្វើជារបាយការណ៍លម្អិតមួយដាក់ទៅគ្រប់ក្រសួងទាំងអស់ ឲ្យគាត់បានមើល បើទោះបីជាគាត់អន្តរាគមន៍ ឬមិនអន្តរាគមន៍ គឺឲ្យគាត់បានមើលថា តើការកាប់បំផ្លាញព្រៃឈើស្រុកខ្មែរហ្នឹង វាដល់កម្រិតណាហើយ ហើយអ្នកណាជាអ្នកកាប់?»។
យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី មិនទាន់អាចស្វែងរកប្រភពទាក់ទងពីសំណាក់អ្នកគ្រប់គ្រងក្រុមហ៊ុន ទ្រី ភាព នៅតំបន់ភាគឦសាននោះបានទេមកដល់ថ្ងៃទី២៦ វិច្ឆិកា។
ទាក់ទងបញ្ហានេះ អគ្គនាយករដ្ឋបាលព្រៃឈើ លោក ចេង ម៉េងស៊ុន មានប្រសាសន៍ថា ខាងលោកមិនទាន់ទទួលបានព័ត៌មាន ថាមានការកាប់បំផ្លាញឈើរាប់ម៉ឺនម៉ែត្រគូប ដូចខាងនាយកអង្គការការពារធនធានធម្មជាតិអះអាងនោះឡើយ។ ក៏ប៉ុន្តែ លោកសប្បាយចិត្តណាស់ក្នុងកិច្ចសហការជាមួយគ្នាលើបញ្ហានេះ ដោយបង្ហាញនូវចំណុច ឬទីតាំងឲ្យបានច្បាស់លាស់ ជៀសវាងការផ្តល់ព័ត៌មានមិនពិត ដែលនាំឲ្យសង្គមភ័ន្តច្រឡំ។ ជាងនេះទៅទៀត លោកថាជៀសវាងនូវការផ្ដល់ព័ត៌មានមួយដោយមិនស្មើភាពគ្នា។
លោក ចេង ម៉េងស៊ុន៖ «ក៏ប៉ុន្តែខ្ញុំចង់បានព័ត៌មានពិត ខ្ញុំមិនចង់បានព័ត៌មានដោយគ្រាន់តែចង់បានផលចំណេញពីខាងបក្សណាមួយទេ ពីព្រោះខ្ញុំធ្វើការងារបច្ចេកទេស អ៊ីចឹងខ្ញុំមិនចង់បានផលចំណេញផ្នែកនយោបាយទេ។ តែកន្លងមក ខាងព្រៃឈើនេះត្រូវបានគេយកទៅធ្វើជាហេតុផលនយោបាយណាបង! ហើយខាងខ្ញុំក៏ពិបាកធ្វើការដែរ ហើយខាងសារព័ត៌មានយើងចេះតែផ្សាយព័ត៌មានមិនពិតផងអីផងឡូកឡំគ្នា។ ឥឡូវពុលអស់ហើយរាល់ថ្ងៃនេះ បញ្ហាគឺចង់បានព័ត៌មានពិតធ្វើការទាំងអស់គ្នា ពីព្រោះអាហ្នឹងជាសម្បត្តិរួមទាំងអស់គ្នា មិនមែនជារបស់នរណាម្នាក់ទេ»។
លោកបន្ថែមទៀតថា កន្លងមក ខាងអាជ្ញាធរមិនបានព្រងើយកន្តើយលើបញ្ហានេះទេ ពោលគឺតែងតែមានវិធានការបង្ក្រាបបទល្មើសព្រៃឈើជានិច្ច។ តួយ៉ាងក្នុងឆ្នាំ២០១៤ ខាងមន្ត្រីជំនាញចុះបង្ក្រាបបានប្រមាណជាង ១ពាន់ករណី។ លោកបញ្ជាក់ថា ការអនុវត្តច្បាប់គ្មានការរើសអើងទេ ពោលគឺអ្នកតូច ឬអ្នកធំប្រព្រឹត្តខុសច្បាប់ គឺត្រូវមានទោសដូចគ្នា សំខាន់ឲ្យតែមានភស្តុតាងគ្រប់គ្រាន់។
លោក ចេង ម៉េងស៊ុន៖ «វិធានការសំខាន់ គឺវិធានការផ្លូវច្បាប់ ហើយខ្ញុំក៏មិនអាចធ្វើអ្វីខុសច្បាប់ដែរ។ ប្រសិនបើការងារគាត់ពាក់ព័ន្ធនឹងបញ្ហាពុករលួយ អ៊ីចឹងមានអង្គភាពប្រឆាំងអំពើពុករលួយ។ បើសិនគាត់មានបញ្ហាបទល្មើសព្រៃឈើ អ៊ីចឹងយកច្បាប់ព្រៃឈើមកអនុវត្ត។ បានន័យថា យើងនេះមាននីតិរដ្ឋពេញលេញហ្មង មិនមែនដូចជាកន្លងមក គឺថាយើងរុញប្រជាធិបតេយ្យទៅអានាធិបតេយ្យ ភ្លែតឡើងកាលណាយើងអនុវត្តច្បាប់ គាត់តែងឡើងមកបិទផ្លូវជាតិចាប់ផ្លូវជាតិជាចំណាត់ខ្មាំងតែម្តង។ ហើយយកមកប្រឆាំងនឹងរដ្ឋអំណាច»។
កាលពីឆ្នាំ២០០៧ អង្គការអន្តរជាតិមួយឈ្មោះ ក្លូបប៊ល វីតណែស្ស (Global Witness) បានបញ្ចេញរបាយការណ៍ស្ដីពីការកាប់បំផ្លាញឈើខុសច្បាប់នៅស្រុកខ្មែរ ដែលមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលទៀតផង។ ក៏ប៉ុន្តែ របាយការណ៍នោះ រាជរដ្ឋាភិបាលមិនបានយកទៅប្រើឡើយ បើទោះបីជាមានទាំងភស្តុតាងយ៉ាងច្រើនក៏ដោយ។
ច្បាប់ស្ដីពីព្រៃឈើ ឆ្នាំ២០០២ ក្នុងជំពូក១៤ ស្ដីពីវិធីដោះស្រាយបទល្មើសព្រៃឈើមាត្រា៨៥ ចែងពីអាជ្ញាយុកាលនៃបណ្ដឹងបទល្មើសព្រៃឈើចែកចេញជា ៣ថ្នាក់។ បទល្មើសថ្នាក់ទី១ មានអាជ្ញាយុកាល ១៥ឆ្នាំ គិតពីពេលប្រព្រឹត្តបទល្មើស។ បទល្មើសថ្នាក់ទី២ មានអាជ្ញាយុកាល ៥ឆ្នាំ និងថ្នាក់ទី៣ មានអាជ្ញាយុកាល ១ឆ្នាំ គិតពេលប្រព្រឹត្តបទល្មើស។ រីឯជំពូក១៥ ស្ដីពីបទល្មើសព្រៃឈើ និងទោសបញ្ញត្តិនោះ មាត្រា៩៣ បញ្ជាក់ដែរថា បទល្មើសព្រៃឈើថ្នាក់ទី១ គឺត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងមកជាសម្បត្តិរដ្ឋ។ បទល្មើសថ្នាក់ទីពីរ គឺត្រូវជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ ១០០លានរៀល។ ដោយឡែកបទល្មើសថ្នាក់ទី៣ ត្រូវជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ ឬត្រូវពិន័យជាប្រាក់ពី ១លានរៀល ទៅ ១០លានរៀល ហើយរាល់វត្ថុតាង គឺត្រូវរឹបអូសដាក់ជាសម្បត្តិរដ្ឋ។ បន្ថែមពីលើនេះ នៅក្នុងមាត្រា១០០ ក៏មានចែងពីទោសទណ្ឌដែលប្រព្រឹត្តឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល ឬមន្ត្រីផ្សេងៗទៀត ដែលបានធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោល ដើម្បីជួយដល់អាជីវកម្មឈើ និងមិនបានរាយការណ៍ ឬមិនបានប្ដឹងចំពោះបទល្មើសព្រៃឈើ និងម្យ៉ាងបានគំរាមកំហែងដល់មន្ត្រីរដ្ឋបាលព្រៃឈើ ឬការរារាំងដល់ការបំពេញភារកិច្ចរបស់មន្ត្រីជំនាញ គឺត្រូវចាត់ទុកថាជាបទល្មើស ដោយផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់ ១០០លានរៀល។
យ៉ាងណាក៏ដោយ មន្ត្រីអភិរក្សធនធានធម្មជាតិ លោក ឈឹម សាវុធ យល់ថា ប្រសិនបើធនធានធម្មជាតិទាំងអស់ រាជរដ្ឋាភិបាលគ្រប់គ្រងឲ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលមានចែង គឺអាចយកចំណូលពីធនធានធម្មជាតិទាំងនោះមកអភិវឌ្ឍជាតិបាន ដោយមិនចាំបាច់ពឹងផ្អែកលើប្រាក់កម្ចីពីបរទេសដូចបច្ចុប្បន្ននេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
