អង្គការមិនមែនរដ្ឋាភិបាលយ៉ាងហោចណាស់ចំនួន៥ ដែលមានគម្រោងការពាក់ព័ន្ធនឹងទន្លេមេគង្គ ទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា រារាំងប្រទេសឡាវ ដែលព្យាយាមសាងសង់ទំនប់វារីអគ្គិសនីសាយាបូរី និងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីដនសាហុង។
អង្គការសង្គមស៊ីវិល ចាត់ទុកថា ប្រសិនបើគម្រោងវារីអគ្គិសនីទាំងពីរនេះ លេចចេញជារូបរាងឡើងពិតមែននោះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នករស់នៅផ្នែកខាងក្រោមនៃអាងទន្លេមេគង្គ។
ទំនប់វារីអគ្គិសនីដនសាហុង ដែលនៅមិនឆ្ងាយពីព្រំដែនកម្ពុជា ប្រមាណជិត ២គីឡូម៉ែត្រពីប្រទេសឡាវ ហើយគ្រោងនឹងសាងសង់នៅបំណាច់ឆ្នាំ២០១៤ នេះ ខណៈទំនប់វារីអគ្គិសនីមួយទៀត គឺទំនប់សាយាបូរី ដែលស្ថិតនៅតួទន្លេនៃទន្លេមេគង្គភាគខាងលើ កំពុងដំណើរការសាងសង់ ប៉ុន្តែនៅមិនទាន់ទាញភ្លើងយកទៅប្រើប្រាស់នៅឡើយនោះ។ បញ្ហានេះ ត្រូវបានអង្គការសង្គមស៊ីវិលចាត់ទុកថា ក្រោយពីដាក់ឲ្យប្រើប្រាស់ហើយនោះ វានឹងជះឥទ្ធិពលអាក្រក់ជាខ្លាំង ជាពិសេសនោះ គឺគំរាមកំហែងយ៉ាងធ្ងន់ធ្ងរអាយុជីវិតមនុស្សរាប់លាននាក់ នៅខាងក្រោមខ្សែទឹក។
សេចក្ដីជូនដំណឹងរបស់អង្គការមិនមែនរដ្ឋាភិបាលយ៉ាងតិចចំនួន៥ ដែលមានគម្រោងពាក់ព័ន្ធនឹងទន្លេមេគង្គនេះ ទទូចដោយស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវជំទាស់រាល់គម្រោងសាងសង់ដែលរដ្ឋាភិបាលឡាវ កំពុងដំណើរ និងដាក់ឲ្យអភិវឌ្ឍនៅចុងឆ្នាំ២០១៤ នេះ។
លិខិតជូនដំណឹងដែលតំណាងឲ្យអង្គការ និងសមាគមន៍ជាង៥០ទៀតនៅកម្ពុជា រួមមាន អង្គការភូមិខ្ញុំ បណ្ដាញការពារទន្លេសេសាន ស្រែពក សេកុង សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ អង្គការហ្វែក (Fact) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ផង ចាត់ទុកថា ទន្លេមេគង្គ គឺជាជង្រុកធនធានជលផលទឹកសាបដ៏ធំបំផុតនៅលើពិភពលោក និងជាទន្លេទីពីរដែលមានជីវចម្រុះច្រើនជាងគេនៅលើពិភពលោក។ ប្រជាពលរដ្ឋជាង ៦០លាននាក់ ពឹងផ្អែកលើធនធានពីទន្លេនេះ។
ចំណែកមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកកិច្ចការនេះវិញ យល់ថា អ្វីដែលអង្គការសង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលច្រានចោលជាដាច់ខាតគម្រោងរបស់ប្រទេសឡាវ នៅពេលនេះ វាហាក់បីដូចជាប្រញាប់ប្រញាល់ពេក។ យ៉ាងណា សង្គមស៊ីវិលចាត់ទុកថា វាមិនលឿនពេកនោះទេ គឺសមល្មមដែលរដ្ឋាភិបាលអាចយកទៅពិចារណា និងមានពេលត្រួតពិនិត្យណាស់ទៅហើយ។ លិខិតជូនដំណឹងរបស់អង្គការសង្គមស៊ីវិល ដែលធ្វើឡើងនៅពេលនេះ គឺមុន៥ថ្ងៃប៉ុណ្ណោះ នៅបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការទន្លេមេគង្គលើកទី២០ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី២៦ មិថុនា ក្នុងប្រទេសថៃ នោះ។
បន្ថែមលើសេចក្ដីជូនដំណឹងនេះ នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណារ៉ា ឲ្យដឹងនៅថ្ងៃទី២១ មិថុនា ថា មូលហេតុដែលសម្ព័ន្ធទន្លេមេគង្គកម្ពុជា ដែលបណ្ដុំដោយអង្គការសមាគមមិនតិចជាង ៥៣ស្ថាប័ន ស្នើឡើងនៅពេលនេះ គឺចង់ពញ្ញាក់ស្មារតីដល់រដ្ឋាភិបាល គប្បីលើកពីបញ្ហានេះដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះ ដោយដាក់កំហិតការព្យាយាមណាមួយរបស់ប្រទេសឡាវ នេះ បើសិនរកឃើញពិតជាមានផលប៉ះពាល់ជាក់លាក់មែនហើយនោះ៖ «ខ្ញុំវាជាពេលសមស្របហើយដែលយើងចេញសេចក្ដីប្រកាសព័ត៌មានហ្នឹង ដើម្បីផ្ញើសារជូនរដ្ឋាភិបាល ក៏ដូចជាអន្តររដ្ឋាភិបាល មានន័យថា យកសំណើយើងខ្ញុំទៅពិភាក្សានៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២៦»។
ឆ្លើយតបបញ្ហានេះ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការទន្លេមេគង្គកម្ពុជា លោក ស៊ិន នីនី អះអាងថា រដ្ឋាភិបាលពុំដែលព្រងើយកន្តើយម្ដងណាឡើយ។ ប៉ុន្តែ ជំហរកម្ពុជា ក៏ពុំដែលជំទាស់ថាមិនឲ្យឡាវ សាងសង់នោះដែរ តែថាសូមឲ្យស្ថិតក្រោមការត្រួតពិនិត្យឲ្យបានល្អិតល្អន់ជាមុន ដោយរួមទាំងផលប៉ះពាល់ឆ្លងដែន ហើយផលប៉ះពាល់នេះទៀតសោត គឺអាចទទួលយកបាន និងគ្រប់ជ្រុងជ្រោយថែមទៀត៖ «ជំហររដ្ឋាភិបាល គឺមិននិយាយថាប្រឆាំងដាច់ខាត ឬក៏ឲ្យធ្វើទេ។ គ្រាន់តែទាមទារឲ្យធ្វើការសិក្សាអំពីផលប៉ះពាល់ឆ្លងដែន ជាពិសេសនៅទឹកដីកម្ពុជា ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយអាចទទួលយកបាន ទើបមានការសាងសង់បាន។ អាហ្នឹង គឺជំហរ គឺអ៊ីចឹង ជាផ្លូវការ»។
ចំណែកជំហររបស់អង្គការសង្គមស៊ីវិលវិញ គឺផ្អែកលើគោលការណ៍រួម មុនត្រូវដំណើរការ ត្រូវគោរពសិទ្ធិសហគមន៍ យកបញ្ហា និងក្តីកង្វល់របស់ពួកគាត់មកពិភាក្សាឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធនឹងការអភិវឌ្ឍទំនប់វារីអគ្គិសនីសាយាបូរី និងគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីដនសាហុង ភ្លាមៗ។ លើសពីនេះ បើសិក្សាឃើញថា ពិតជាមានផលប៉ះពាល់មែន ត្រូវបញ្ឈប់គម្រោងភ្លាមដូចការចង់បានរបស់សហគមន៍។
ប្រសិនបើទំនប់វារីអគ្គិសនីសាយាបូរី ដែលកំពុងដំណើរការ និងទំនប់វារីអគ្គិសនីដនសាហុង ដែលគ្រោងនឹងចាប់ផ្ដើមដោយឯកច្ឆន្ទរបស់ឡាវ នេះ ត្រូវចាប់ផ្ដើមដូចការគ្រោងទុកមែន ប្រជាពលរដ្ឋជាង ៦៥នាក់ ដែលអាស្រ័យផលដោយប្រយោល ត្រូវរងផលប៉ះពាល់ពីគម្រោងនេះ។ ទន្ទឹមនឹងនោះ ពលរដ្ឋជាង ៣០០លាននាក់ទៀត ដែលអាស្រ័យផលដោយផ្ទាល់ នឹងរងផលប៉ះពាល់ចំពោះការវិនិយោគនេះដែរ ដោយមិនទាន់រាប់បញ្ចូលជីវចម្រុះនៅឡើយផង ជាពិសេស ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខស្បៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
