ប្រកាស​​អនុវត្ត​​គម្រោង​ថាមពល​ស្អាត​៤​ឆ្នាំ​នៅ​កម្ពុជា

ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ប្រកាស​អនុវត្ត​គម្រោង​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​ប្រទេស​កម្ពុជា សម្រាប់​រយៈពេល ៤​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦។

0:00 / 0:00

គម្រោង​ប្រើប្រាស់​ថាមពល​ស្អាត​នោះ ធ្វើ​ឡើង​នៅ​គ្រា​ដែល​អ្នក​ជំនាញ​បរិស្ថាន​អន្តរជាតិ បាន​ប្រកាស​អាសន្ន​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក។ មន្ត្រី​ជំនាញ​ទាំង​នោះ​បាន​មក​ផ្ទេរ​បច្ចេកវិទ្យា​ដល់​ប្រទេស​កម្ពុជា ឲ្យ​ប្រើប្រាស់​កាក​សំណល់​ជីវម៉ាស​កសិកម្ម​សម្រាប់​ផលិត​ថាមពល​ដែល​មាន​ចិរភាព និង​មិន​បំផ្លាញ​បរិស្ថាន។

គម្រោង​ប្រើប្រាស់​ថាមពល​ស្អាត និង​ថាមពល​បង្កើត​ឡើង​វិញ​នោះ មាន​ដូច​ជា​អង្កាម និង​កាក​សំណល់​កសិកម្ម​មួយ​ចំនួន​ទៀត ដើម្បី​កាត់​បន្ថយ​ជាតិ​កាបូន និង​ឧស្ម័ន​កាបូនិក ឲ្យ​នៅ​ចំនួន​តិច​បំផុត​ក្នុង​បរិយាកាស​នៅ​ប្រទេស​កម្ពុជា និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ឲ្យ​នៅ​ចំនួន​តិច​បំផុត​ដែរ។

ការ​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​នេះ នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​តែ​ត្រូវ​ការ​ថាមពល​កាន់​តែ​ច្រើនៗ​ឡើង​ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ការ​អភិវឌ្ឍ​នានា។

ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​ប្រកាស​អនុវត្ត​គម្រោង​ជា​គំរូ​នេះ​ចំនួន ៣ ដែល​ក្នុង​នោះ​មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន ២ និង​រោងចក្រ​កៅស៊ូ​ចំនួន ១។ រោងចក្រ​នីមួយៗ​អាច​ផលិត​ថាមពល​ពី​កាក​សំណល់​ជីវម៉ាស​រវាង ១ ដល់ ៤ មេហ្គាវ៉ាត់។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ​កំពុង​តែ​ត្រូវ​បាន​អនុវត្តន៍​នៅ​ប្រទេស​វៀតណាម ឡាវ និង​ប្រទេស ភូមា ឬ មីយ៉ាន់ម៉ា ដែល​សមស្រប​សម្រាប់​ប្រទេស​កម្ពុជា​ដែរ។

លោក ស៊ុយ សែម៖ «បច្ចុប្បន្ន​នេះ​តម្រូវ​ការ​ថាមពល​កំពុង​តែ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​ជា​វិស័យ​មួយ​កំពុង​តែ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយ​ក៏​វិស័យ​មួយ​ដែល​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ផង​ដែរ ក្នុង​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាម​រយៈ​ការ​អនុវត្ត​គម្រោង​ជា​ច្រើន ដូចជា​គម្រោង​ប្រសិទ្ធភាព​ថាមពល ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ផលិតកម្ម​ស្អាត យន្តការ​អភិវឌ្ឍន៍​ស្អាត ការ​គ្រប់គ្រង​សំណល់ ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ក្នុង​វិស័យ​ព្រៃ​ឈើ​ជា​ដើម»

ជាមួយ​គ្នា​នេះ មន្ត្រី​តំណាង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការ​សហប្រជាជាតិ លោក ជិន ប៉េនជួរ (Chin Pen Chua) បាន​មាន​ប្រសាសន៍​ថា៖ «ការ​អនុវត្ត​គម្រោង​នេះ គឺ​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អនុ​តំបន់​ទន្លេ​មេគង្គ ដែល​គម្រោង​នេះ​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង»

កន្លង​មក​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១២ ថា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មាន​ផែនការ​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​នៅ​ឆ្នាំ​២០២០ ខាង​មុខ។ ផែនការ​នោះ​គឺ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៨០% នៃ​ប្រជាជន​សរុប​ជាង ១៤​លាន​នាក់ នៅ​តាម​ជនបទ មាន​ថាមពល​ប្រើប្រាស់​ពី​ប្រភព​ផ្សេងៗ រាប់​ទាំង​អគ្គិសនី និង​អាគុយ​ជាដើម។

របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា ប្រជាជន​នៅ​លើ​ពិភពលោក​ចំនួន ១.៤០០​លាន​នាក់ គ្មាន​អគ្គិសនី​ប្រើប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។