អាជ្ញាធរសង្កាត់បឹងកន្សែង និងមន្ត្រីជំនាញបរិស្ថាន បានដឹកនាំក្រុមសហភាពសហព័ន្ធយុវជន និងសិស្សានុសិស្ស រួមទាំងនិស្សិត ធ្វើអនាម័យលើកស្ទួយផ្នែកបរិស្ថាននៅតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅកណ្ដាលបេះដូងខេត្តរតនគិរី ដើម្បីទាក់ទាញអ្នកទេសចរក្នុងស្រុក និងភ្ញៀវបរទេសមកកម្សាន្តសប្បាយ។
សិស្សានុសិស្សនៃវិទ្យាល័យអន្តេវាសិកដ្ឋាន និងនិស្សិតសាកលវិទ្យាល័យបៀលប្រាយ (BBU) ដែលជាសមាជិកសហភាពសហព័ន្ធយុវជនជាង ៥០០នាក់ នៅព្រឹកថ្ងៃទី៥ ខែមករា បាននាំគ្នារើសសំរាមនៅជុំវិញមាត់បឹងកន្សែងជាតំបន់ទេសចរណ៍សំខាន់មួយ នៅកណ្ដាលទីរួមខេត្តរតនគិរី។
បឹងកន្សែងមានវិជ្ឈមាត្រប្រមាណ ២០០ម៉ែត្រ បណ្តោយជាង ៨០០ម៉ែត្រ និងទទឹងជាង ៣០០ម៉ែត្រ ជាបឹងធម្មជាតិមានទឹកខួបប្រាំងខួបវស្សា។ បច្ចុប្បន្ន អាជ្ញាធរខេត្តបានរៀបចំឲ្យមានសួនច្បារ និងកន្លែងអង្គុយលេងកម្សាន្តនៅតាមមាត់បឹងដ៏ស្រល់ត្រកាលនេះ។ សង្កេតឃើញជាក់ស្តែង អ្នកមកលេងកម្សាន្ត និងអ្នកលក់ដូរចំណីអាហារនៅតំបន់នោះ បានបោះចោលកាកសំណល់ រួមមាន ថង់ប្លាស្ទិក កំប៉ុងភេសជ្ជៈ ដបទឹកសុទ្ធ និងសំរាមដទៃទៀតទាំងនៅក្នុងទឹកបឹង ក៏ដូចជានៅក្នុងបរិវេណមាត់បឹងនោះ ដោយគ្មានការវេចខ្ចប់ត្រឹមត្រូវ បើទោះបីមានធុងសំរាម ឬស្លាកណែនាំអំពីការរក្សាអនាម័យបរិស្ថាន ឬស្លាកហាមបោះចោលសំរាមណាក៏ដោយ ក៏ភ្ញៀវទេសចរមួយចំនួនហាក់នៅមិនទាន់យល់អំពីការជួយគ្នាថែរក្សាបរិស្ថាន និងអនាម័យនៅឡើយ។

យុវសិស្សឈ្មោះ រួន ណាខុន អាយុ ១៨ឆ្នាំជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យអន្តេវាសិកដ្ឋាន កត់សម្គាល់ថា សំរាម គឺជាបញ្ហាចោទសំខាន់ដែលធ្វើឲ្យប៉ះពាល់វិស័យទេសចរណ៍ និងសោភ័ណភាព ឬអនាម័យនៅតាមទីសាធារណៈ និងនៅតាមតំបន់រមណីយដ្ឋាន។ ហេតុនេះ ការចូលរួមរើសសំរាមរបស់យុវជន មានសារប្រយោជន៍ផ្នែកបរិស្ថាន ដូចពាក្យស្លោក "ទីក្រុងស្អាត មានអនាម័យ បរិស្ថានល្អ ទាក់ទាញវិស័យទេសចរណ៍"៖ «ដើម្បីឲ្យសោភ័ណភាពទីក្រុងស្អាត មានភាពអនាម័យ កុំឲ្យមានភាពរញ៉េរញ៉ៃ មានសណ្ដាប់ធ្នាប់ មានភ្ញៀវទេសចរច្រើនមកលេង»។
រីឯយុវនារីឈ្មោះ ភាព ធារ៉ា សិស្សថ្នាក់ទី១០ នៃវិទ្យាល័យអន្តេវាសិកដ្ឋាន យល់ឃើញថា ការចូលរួមរើសសំរាមរបស់សិស្សានុសិស្សនៅថ្ងៃនេះ គឺជាការពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមអាជីវករនានា ឲ្យយកចិត្តទុកដាក់ធ្វើអនាម័យសម្អាតសំរាមនៅក្បែរទីកន្លែងលក់ដូររបស់ខ្លួន ដើម្បីរួមចំណែកថែរក្សាបរិស្ថានស្អាតល្អ នៃទីក្រុង។ កញ្ញាមានបំណងចង់ឲ្យប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តរតនគិរី និងនៅតាមបណ្ដាស្រុកនានា យកចិត្តទុកដាក់វេចខ្ចប់សំរាមនេះឲ្យបានល្អ ដើម្បីប្រែក្លាយការរស់នៅរបស់មនុស្សគ្រប់គ្នាមានអនាម័យ និងមានបរិស្ថានស្អាត៖ «សង្កេតឃើញក្នុងខេត្តនេះនៅបញ្ហាបរិស្ថាននៅកខ្វក់ច្រើន អ៊ីចឹងពួកខ្ញុំចូលរួមសម្អាតថ្ងៃនេះ»។
បឹងកន្សែងត្រូវបានគេចាត់ទុកថា ជាតំបន់រមណីយដ្ឋានពេញនិយមរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងអ្នកទេសចរមកពីបណ្ដាខេត្តនានា ចូលចិត្តមកអង្គុយលេងមាត់បឹងមានខ្យល់អាកាសបរិសុទ្ធ និងមានកន្លែងលក់ចំណីអាហារសម្រាប់អ្នកមកកម្សាន្តនៅមាត់បឹងនេះ ជាពិសេសនាឱកាសបុណ្យអុំទូក បណ្ដែតប្រទីប មានមនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃៗមកលេងកម្សាន្តនៅមាត់បឹងនេះ។
ទាក់ទងការរើសសំរាមនៅមាត់បឹងកន្សែងនេះដែរ នាយកវិទ្យាល័យអន្តេវាសិកដ្ឋាន លោក ឡាក់ ឈាវឡាយ រៀបរាប់ថា នេះគឺជាលើកទី៤ ហើយដែលសិស្សានុសិស្សវិទ្យាល័យលោកចូលរួមរើសសំរាមធ្វើអនាម័យសម្អាតក្រុង។ លោកថា យុវជនយុវនារីជាសិស្សានុសិស្ស គឺជាក្រុមឈានមុខ និងជាគំរូសម្រាប់មជ្ឈដ្ឋានដទៃ ទាក់ទងការថែរក្សាបរិស្ថាន និងការរៀបចំអនាម័យតាមទីសាធារណៈ៖ «យើងរៀបចំកម្មវិធីនេះ ដើម្បីរៀបចំអនាម័យសម្អាតក្រុងឲ្យបានស្អាត យើងរើសសំរាមតាមមាត់បឹង»។

មិនមែនមានតែមាត់បឹងកន្សែងនោះទេ ដែលរងការបំពុលបរិស្ថាន គេក៏សង្កេតឃើញសំរាម និងកាកសំណល់រលួយស្អុយនៅតែមានបន្សល់ចោលតាមធុងសំរាម ឬនៅជុំវិញទីផ្សារ និងមុខអគារលក់ទំនិញនៅក្នុងក្រុងដាច់ស្រយាលមួយនេះ បើទោះបីក្រុមសេវាកម្មប្រមូលសំរាមបានរៀបចំដឹកជញ្ជូនសំរាមចេញពីក្រុងរៀងរាល់ថ្ងៃក៏ដោយ។
អនុប្រធានមន្ទីរបរិស្ថាន ខេត្តរតនគិរី លោក ផុន ខេមរិន្ទ ថ្លែងបញ្ជាក់ថា ការចូលរួមរើសសំរាមរបស់ក្រុមយុវជននៅថ្ងៃនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមយុវជនក្នុងកិច្ចការពារសុខភាពប្រជាពលរដ្ឋ និងបង្ហាញពីផលវិបាកនៃផលប៉ះពាល់ផ្នែកបរិស្ថាន។ លោកបន្តថា ការដើររើសសំរាមនេះ ក៏ជាផ្នែកមួយជួយបំផុសចលនាកាត់បន្ថយការប្រើថង់ប្លាស្ទិកឲ្យបានកាន់តែតិច ស្របតាមគោលនយោបាយរបស់ក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល៖ «សហព័ន្ធយុវជន ក៏ដូចជាសិស្សានុសិស្ស យើងបំផុសគាត់ឲ្យមានការយល់ដឹងពីផលប៉ះពាល់នៃសំរាមហ្នឹង វាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាសុខភាពប្រជាពលរដ្ឋដូចម្តេចខ្លះ? ឲ្យគាត់យល់ដឹងការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ»។
តួលេខប៉ាន់ប្រមាណរបស់មន្ទីរបរិស្ថាន ខេត្តរតនគិរី បង្ហាញថា យ៉ាងហោចប្រជាពលរដ្ឋក្រុងបានលុង បញ្ចេញចោលកាកសំណល់ និងសំរាមជាង ៥០តោនក្នុងមួយថ្ងៃៗ។
ចៅសង្កាត់រង និងជាប្រធានសហភាពសហព័ន្ធយុវជនសង្កាត់បឹងកន្សែង លោក ចាន់ សារុន មានប្រសាសន៍ថា អាជ្ញាធរខេត្តបានណែនាំឲ្យមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ធ្វើអនាម័យ ជាពិសេសបញ្ហាវេចខ្ចប់សំរាម។ លើសពីនេះទៀត អាជ្ញាធរបានចុះណែនាំអាជីវករលក់ដូរនៅតាមមាត់បឹង ឲ្យវេចខ្ចប់សំរាម និងសម្អាតអនាម័យនៅកន្លែងលក់ដូរតាមទីសាធារណៈឲ្យបានស្អាត នៅពេលខាងមុខនេះ៖ «កម្លាំងប្រជាការពារយើង ឲ្យគាត់ចុះណែនាំអ្នកលក់ដែលប្រើប្រាស់ខឿនថ្នល់ ឲ្យគាត់វេចខ្ចប់ឲ្យបានស្អាត។ មួយផ្នែកទៀត ឲ្យគាត់ចុះណែនាំអ្នកមានស្មៅ ឬសំរាមតាមមុខផ្ទះ ធ្វើម៉េចឲ្យគាត់សម្អាតឲ្យអស់ក្នុងពេលពីរបីថ្ងៃនេះ»។
ក្រុងបានលុង ខេត្តរតនគិរី បានទទួលចំណាត់ថ្នាក់ផ្ការំដួលមួយទង ដែលជាចំណាត់ថ្នាក់ទីបីក្នុងការប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសរបស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
