ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សង្ស័យថា គណៈកម្មការសហគមន៍នេសាទ និងមន្ត្រីជំនាញថ្នាក់មូលដ្ឋាន អាចជាប់ពាក់ព័ន្ធនឹងសកម្មភាពឈូសឆាយដីព្រៃលិចទឹកអស់ប្រមាណ ២០០ហិកតារកន្លងមក។ ការលើកឡើងបែបនេះ ពីព្រោះព្រៃលិចទឹកចេះតែរងការបំផ្លាញ ប៉ុន្តែគណៈកម្មការសហគមន៍នេសាទមិនបានចាត់វិធានការឡើយ ហើយថែមទាំងព្យាយាមបិទបាំងរហូត។
ប្រជាពលរដ្ឋជាង ៤០គ្រួសារ និងអាជ្ញាធរភូមិ សម្រេចដាក់ពាក្យប្ដឹងមនុស្សមួយចំនួនទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីដើមខែកក្កដា ពីបទបំផ្លិចបំផ្លាញព្រៃលិចទឹក និងស្នើឲ្យស៊ើបអង្កេតរកអ្នកពាក់ព័ន្ធដែលអនុញ្ញាតឲ្យពួកគេទាំងនោះ ចូលទៅឈូសឆាយដីព្រៃលិចទឹកនៅតំបន់ព្រៃហាមឃាត់។
ពលរដ្ឋរស់នៅឃុំកំពង់គោ មួយរូបស្នើមិនបញ្ចេញឈ្មោះនិយាយថា ពួកគាត់បានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យចាត់វិធានការលើករណីពលរដ្ឋ ៤នាក់រស់នៅស្រុកកំពង់ស្វាយ បានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃលិចទឹកអស់ប្រមាណ ២០០ហិកតារកាលពីខែមេសា។ ក្រៅពីប្ដឹងពលរដ្ឋទាំងនេះ អ្នកភូមិស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្វែងរកជនពាក់ព័ន្ធផ្សេងទៀតដោយពួកគាត់យល់ថា អាចមានក្រុមគណៈកម្មការសហគមន៍នេសាទសាមគ្គី ឃុំកំពង់គោ និងមន្ត្រីជលផលមួយចំនួន ជាប់ពាក់ព័ន្ធក្នុងរឿងនេះ៖ « បើជំនាញជលផល បើគ្នាកាប់នឹងកាំបិត កាប់នឹងពូថៅ ចាប់គ្នា។ ដល់ពេលគាត់ដូចថាឃុបឃិតគ្នាជាមួយសហគមន៍អ៊ីចឹង ស៊ីលុយស៊ីកាក់អ៊ីចឹង គាត់យកអាត្រាក់ ( ត្រាក់ទ័រ ) មកឈូសឆាយ គាត់មើលអត់ឃើញផង »។
ដីព្រៃលិចទឹកសហគមន៍នេសាទសាមគ្គីកំពង់គោ មានទំហំជាង ២ពាន់ហិកតារ។
អនុប្រធានគណៈកម្មការសហគមន៍នេសាទសាមគ្គី ឃុំកំពង់គោ លោក ទុយ យ៉ុង អះអាងថា គ្មានសកម្មភាពឈូសឆាយដីព្រៃលិចទឹកនៅក្នុងដែនសហគមន៍នេសាទឡើយ។ លោកបដិសេធចំពោះការចោទប្រកាន់ថា គណៈកម្មការសហគមន៍ឃុបឃិតជាមួយក្រុមជនល្មើស ដើម្បីឈូសឆាយព្រៃលិចទឹកទៀតផង៖ « ខ្ញុំសូមឆ្លើយតបដោយខ្ញុំបាទនៅនឹងដែនសហគមន៍នេសាទផ្ទាល់ អត់មានឈូសឆាយអីដល់ទៅ ១០០ហិកតារ ឬ ២០០។ សូម្បីតែត្រឹម ៧ ឬ ៨ហិកតារ ក៏មិនមានផង »។
ព្រៃលិចទឹកក្នុងដែនសហគមន៍នេសាទ និងក្រៅដែនសហគមន៍ខ្លះ កាលពីខែមីនា ត្រូវបានភ្លើងឆេះអស់ជាង ១០០ហិកតារ។
អនុប្រធានសហគមន៍នេសាទដដែលបញ្ជាក់ថា តំបន់ដែលមានភ្លើងឆេះ ខាងសហគមន៍ការពារមិនឲ្យបុគ្គលណាម្នាក់រុករាន ឬកាន់កាប់ធ្វើជាកម្មសិទ្ធិឡើយ ព្រោះទុកឲ្យព្រៃដុះឡើងវិញ។
ទោះជាយ៉ាងនេះក្តី មេភូមិខ្សាច់រស់ ដែលបានផ្ដិតមេដៃប្ដឹងមនុស្សមួយចំនួនលើករណីឈូសឆាយព្រៃលិចទឹកកាលពីពេលកន្លងទៅ លោក ឡេង ចយ មានប្រសាសន៍ថា អាជ្ញាធរភូមិមិនអាចទប់ស្កាត់ និងចាត់វិធានការចំពោះសកម្មភាពឈូសឆាយព្រៃលិចទឹកបានទេ ពីព្រោះក្រុមជនល្មើសធ្វើសកម្មភាពដោយលួចលាក់ ពិសេសធ្វើឡើងនៅពេលយប់។ លោកបារម្ភចំពោះការបាត់បង់ព្រៃលិចទឹកនៅតំបន់ហាមឃាត់ ព្រោះវាជាជម្រកត្រីពងកូន ជម្រកសត្វមួយចំនួន និងជាកន្លែងសម្រាប់ប្រជានេសាទអាស្រ័យផល។ លោកស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ត្រូវស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នង ដែលបានបើកដៃឲ្យមានការឈូសឆាយព្រៃលិចទឹកកន្លងមក៖ « ប្រជាពលរដ្ឋតិចតួចអីសុទ្ធតែមានទោស ធ្វើនឹងដៃនឹងកាំបិតតិចតួចអី អត់មានគ្រឿងចក្រផង ហេតុអីបានជាយកទោសប្រជាពលរដ្ឋ ហើយអ្នកដែលធ្វើរាប់រយហិក ( ហិកតារ ) អ៊ីចឹងសួរថា ហេតុអីសម្ងំស្ងៀមស្រួលម្ល៉េះ »។
កាលពីខែមេសា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ធ្លាប់មានប្រសាសន៍ថា ព្រៃលិចទឹកនៅតំបន់នោះរងការឆាបឆេះម្តងកាលពីខែមីនា ហើយអាចមានពលរដ្ឋមួយចំនួនចូលរុករានដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធិខ្លះដែរ ប៉ុន្តែខាងមន្ត្រីជំនាញមិនបានពាក់ព័ន្ធឡើយ។ លោកបញ្ជាក់ថា មន្ត្រីជលផលបានចាត់វិធានការចំពោះអ្នកដែលចូលកាន់កាប់តំបន់ព្រៃលិចទឹកទាំងនោះទៀតផង។
ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា៩៨ បានកំណត់ផ្ដន្ទាទោសបទល្មើសថ្នាក់ទី១ ត្រូវជាប់គុកពី ៣ឆ្នាំទៅ ៥ឆ្នាំ និងរឹបអូសវត្ថុតាងដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ បទល្មើសទាំងនោះរួមមាន កាប់ឆ្ការ ឬឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង។ ប្រើឧបករណ៍នេសាទទំនើប ឬឧបករណ៍នេសាទបង្កើតថ្មី និងនេសាទជាលក្ខណៈឧស្សាហកម្មក្នុងរដូវបិទនេសាទ ជាដើម។
ជាមួយនេះ មាត្រា១០៣ ក៏បានចែងដាក់ទោសទណ្ឌពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀលដល់ ៥០លានរៀល ចំពោះសកម្មភាពមន្ត្រីរដ្ឋបាលជលផលដែលមិនបានរាយការណ៍ ឬមិនបានដាក់ពាក្យប្ដឹងចំពោះបទល្មើសជលផលថ្នាក់ទី១ ឲ្យទាន់ពេលវេលា និងចំណុចមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
