មន្ត្រីអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលហៅកាត់ថា អិន.ស៊ី.ឌី.អេស (NCDS) បានបង្ហាញថា ប្រទេសកម្ពុជា ត្រូវការទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់លើការអនុវត្តគម្រោងការពារបរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ចាប់ពីពេលនេះរហូតទៅដល់ឆ្នាំ២០១៨។
ក្រុមអ្នកជំនាញផ្នែកបរិស្ថានមកពីស្ថាប័នចម្រុះរបស់រដ្ឋាភិបាល រួមទាំងអង្គការដែលជាដៃគូអភិវឌ្ឍន៍ចំនួនប្រមាណ ៤០អង្គភាព កំពុងជួបពិភាក្សាគ្នារយៈពេល ២ថ្ងៃនៅខេត្តសៀមរាប ដើម្បីរៀបចំផែនការគម្រោងការពារបរិស្ថាន ក្នុងការរួមចំណែកអនុវត្តចំពោះអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ការពិភាក្សាពិគ្រោះយោបល់ដែលមានការជួយជ្រោមជ្រែងពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងអង្គការរីការដូ (Ricardo) ផង បានចាប់ផ្ដើមកាលពីព្រឹកថ្ងៃច័ន្ទ ទី១៤ ខែមីនា។
អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលជាអ្នកដឹកនាំកិច្ចពិភាក្សានោះ គឺលោក ទិន ពន្លក។ លោកមានប្រសាសន៍ថា ការអនុវត្តអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ អាចជោគជ័យទៅបាន ចាំបាច់ត្រូវមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ទាំងកម្រិតជាតិ និងអន្តរជាតិ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ។ មន្ត្រីដដែលបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ ជាមួយអង្គការសហប្រជាជាតិ។ របាយការណ៍ចុងក្រោយរបស់អង្គការអន្តររដ្ឋាភិបាល បានបញ្ជាក់កាន់តែច្បាស់ថា ការបំភាយឧស្ម័នកាន់តែខ្លាំង កំពុងគំរាមកំហែងបរិស្ថាន ធ្វើឲ្យផែនដីកាន់តែឡើងកម្ដៅ ហើយបង្កការប៉ះពាល់ដល់សុខភាពមនុស្ស សត្វ ព្រមទាំងសន្តិសុខស្បៀងនៅតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក៖ « អ៊ីចឹងហើយបានជាប្រទេសទាំងអស់ជាសមាជិកនៃអនុសញ្ញាប្រែប្រួលអាកាសធាតុ ខិតខំរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បី ឆ្លើយតប ចំពោះ ការប្រែប្រួល អាកាសធាតុនេះ »។
នាយកគម្រោងនៃអង្គការអន្តរជាតិរីការដូ (Ricardo)លោក គ្រីស ដតវ៉ែល (Chris Dodwell) ទទួលស្គាល់ថា បច្ចុប្បន្ននេះ កម្ដៅកំពុងកើនឡើងយ៉ាងខ្លាំងនៅលើផែនដី។ ដូច្នេះ វាជាពេលដែលប្រទេសទាំងអស់ ត្រូវរួមគ្នាចាប់យកអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុមកអនុវត្ត ហើយដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ប្រធាននាយកដ្ឋានការប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោក ស៊ុំ ធី មានប្រសាសន៍ថា បញ្ហាដែលធ្វើឲ្យផែនដីឡើងកម្ដៅខ្លាំងនេះ ដោយសារតែប្រទេសជាច្រើនក្នុងពិភពលោក បានបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ជាច្រើនបំពុលខ្យល់ធម្មជាតិ ដោយសារតែការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាធ្វើរោងចក្រអគ្គិសនី និងការបំផ្លាញព្រៃធម្មជាតិ ដើម្បីយកដីប្រើប្រាស់ជាដើម៖ « ឃើញថា ការប្រើប្រាស់ ដីធ្លី ព្រៃឈើ នៅកម្ពុជា ក៏ជាផ្នែកមួយនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនដែរ ។ កាលណាយើងទុកព្រៃឲ្យបានច្រើន ក៏វាអាចផ្ដល់កាបូន សម្រាប់ ជួយដល់ បរិស្ថាន ដែរ »។
រដ្ឋាភិបាលកម្ពុជា បានចាត់ទុកបញ្ហាប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលត្រូវតែដោះស្រាយជាអាទិភាព។ កម្ពុជា ត្រូវការទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់ការអនុវត្តគម្រោងការពារបរិស្ថាន ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុចាប់ពីពេលនេះរហូតទៅដល់ឆ្នាំ២០១៨ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
