ក្រសួង​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ចាប់​ពី​ថ្ងៃ​ទី​១៩-២២​មេសា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ដល់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ឲ្យ​ប្រុង​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ចំពោះ​បាតុភូត​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើត​មាន​ឡើង​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ មេសា ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដែល​នឹង​អាច​កើត​មាន​ឡើង។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ព្យាករ​ថា បណ្ដា​ខេត្ត​ដែល​អាច​នឹង​រងគ្រោះ​ដោយ​បាតុភូត​ធម្មជាតិ​ទាំង​នេះ រួម​មាន ខេត្ត​ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​ក្រចេះ។

ខេត្ត​ដែល​នឹង​មាន​ការ​ប្រឈម​ខ្លាំង​ជាង​គេ គឺ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​ព្រះវិហារ។

ទាក់ទង​នឹង​សីតុណ្ហភាព​ប្រចាំ​ថ្ងៃ​វិញ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា បាន​ថ្លែង​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា អាកាសធាតុ​នឹង​កើន​ឡើង​កម្តៅ ១​អង្សា​សេ​បន្ថែម​ទៀត​នៅ​សប្ដាហ៍​នេះ ពោល​គឺ​ក្តៅ​ជាង​សប្ដាហ៍​មុន​ដែល​មាន​សីតុណ្ហភាព​អតិបរមា​ជា​មធ្យម​ពី ៣៧ ទៅ ៤០​អង្សា​សេ។

ការ​បន្ត​កើន​ឡើង​នៃ​កម្តៅ​បែប​នេះ ធ្វើ​ឲ្យ​តំបន់​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត។ ប្រភព​ទឹក​សំខាន់ៗ​រួម​មាន ស្ទឹង បឹងបួ ស្រះ ប្រឡាយ និង​បារាយណ៍​ជាច្រើន​កន្លែង បាន​រីង​ស្ងួត ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​ប្រជាពលរដ្ឋ។

ការ​ព្យាករ​របស់​ធនាគារ​ពិភពលោក (World Bank) បង្ហាញ​ថា កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា នឹង​ធ្លាក់​ពី ៧​ភាគរយ​នៅ​ឆ្នាំ​២០១៥ មក​ត្រឹម ៦,៩​ភាគរយ ដោយសារ​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម។ ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម​នេះ គឺ​បណ្ដាល​មក​ពី​បាតុភូត​គ្រោះ​រាំង​ស្ងួត​ដែល​មាន​ឈ្មោះ​ថា អ៊ីល នីណូ (El Nino) ដែល​កំពុង​វាយ​ប្រហារ​បណ្ដា​ប្រទេស​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។