ក្រសួង​ធនធាន​ទឹក​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាស​ធាតុ​ប្រែប្រួល

0:00 / 0:00

ក្រសួង​ធនធាន​ទឹក ជូន​ដំណឹង​ដល់​សាធារណជន​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ប្រែប្រួល។ សេចក្តី​ជូន​ដំណឹង​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ សរសេរ​ថា កម្ពុជា នឹង​ទទួល​រង​ឥទ្ធិពល​ខ្យល់​មូសុង​និរតី និង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) កំពុង​អូស​បន្លាយ​កាត់​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ និង​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ។ ដោយឡែក​ពលរដ្ឋ​ដែល​រស់នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ទាក់ទិន​ស្ថានភាព​អាកាសធាតុ និង​ខ្យល់​កន្ទ្រាក់។

ក្រោយ​ពី​ការ​ព្យាករ​ទៅ​លើ​ស្ថានភាព​អាកាសធាតុ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថានភាព​អាកាសធាតុ​នោះ។ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ភូមិ​ភាគ​ឦសាន ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​ខ្យល់​មូសុង ដោយ​ពួក​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​រៀង​ខ្លួន នៅ​ក្នុង​អំឡុង​ក្រសួង​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​នេះ។

ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​ក្រសួង​រក​ឃើញ​ថា កម្ពុជា កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់​មូសុង​និរតី និង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប និង​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​កាល​ពី​ថ្ងៃ​ទី​៩ កក្កដា។ ទន្ទឹម​នឹង​នេះ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ក៏​កើត​ឡើង​នូវ​ព្យុះ​ចំនួន​៣ បន្តបន្ទាប់​គ្នា ហើយ​ឥទ្ធិពល​អាកាសធាតុ​ប្រភេទ​នេះ កើត​មាន​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៥ កក្កដា។

អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា កត់​សម្គាល់​ថា ស្ទើរ​តែ​ពាក់​កណ្ដាល​ពិភពលោក​កំពុង​ជួប​ប្រទះ​នូវ​បាតុភូត​ធម្មជាតិ មាន​ឈ្មោះ​ជា​ភាសា​អេស្ប៉ាញ​ថា អ៊ែនីញ៉ូ (EL NINO) ដែល​ជា​បាតុភូត​ដ៏​អាក្រក់​មួយ​ធ្វើ​ឲ្យ​អាកាស​ធាតុ​ក្តៅ និង​ខ្សត់​ទឹក​ភ្លៀង។ លោក​បន្ត​ថា ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ដូចជា​ថៃ និង​មីយ៉ាន់ម៉ា ទទួល​រង​បាតុភូត​នេះ​ធ្ងន់ធ្ងរ។ លោក​បញ្ជាក់​ថា សម្រាប់​បណ្ដា​ប្រទេស​ដែល​កំពុង​តែ​ខ្សត់​ភ្លៀង អាច​ជា​អំណោយ​ផល​របស់​កម្ពុជា ទៅ​វិញ​ក្នុង​របប​ទឹក​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ក្រុប​ខណ្ឌ​ស្ទើរ​តែ​ទូទាំង​ប្រទេស។ បន្ថែម​ពី​លើ​នេះ​ទៀត លោក​ថា ខេត្ត​ដែល​ខ្សត់​របាយ​ទឹក​ភ្លៀង​មាន​ដូចជា ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ តាកែវ និង​ខេត្ត​កំពង់ស្ពឺ។ លោក ចាន់ យុត្ថា បញ្ជាក់​ថា ខេត្ត​ដែល​នៅ​ជាប់​មាត់​សមុទ្រ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​រលក​ខ្លាំង។ មួយ​វិញ​ទៀត​ទាក់ទិន​បាតុភូត​ខ្យល់​កន្ទ្រាក់ លោក​បង្ហាញ​ថា ប្រសិន​បើ​មាន​សីតុណ្ហភាព​ក្តៅ​ស្អុះស្អាប់​ចាប់​ពី​ម៉ោង ១០​ព្រឹក ពពក​មាន​រាង​ដូច​ផ្សិត អាច​កើត​មាន​នូវ​បាតុភូត​ខ្យល់​កន្ទ្រាក់៖ «បញ្ហា​នេះ​ជា​ធម្មតា​នៅ​ពេល​ដែល​សីតុណ្ហភាព​នៅ​ខ្ពស់ ហើយ​មេឃ​រក​កល​ភ្លៀង តែង​តែ​បង្ក​ឲ្យ​មាន​ខ្យល់​កន្ទ្រាក់ ប៉ុន្តែ​ដល់​ពេល​ភ្លៀង​ធ្លាក់​ជោគជាំ​បន្តិច​ទៅ គឺ​ថា​សីតុណ្ហភាព​ចុះ​មក​បន្តិច​មក​ស្ថានភាព​ហ្នឹង​ចុះ​មក​ធូរ​ស្បើយ​មែន​ទែន​ហើយ»

ដោយឡែក​នៅ​ខេត្ត​ស្ទឹងត្រែង មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម បង្ហាញ​ថា អាកាស​ធាតុ​ប្រែប្រួល​រយៈពេល ៤​ថ្ងៃ​ចាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី​៩ កក្កដា ផ្ទៃ​មេឃ​មាន​ពពក​ពី​មធ្យម​ទៅ​ច្រើន ខ្យល់​បក់​មក​ពី​ទិស​និរតី​មាន​ល្បឿន​ពី ៤-៦​ម៉ែត្រ​ក្នុង​មួយ​វិនាទី និង​មាន​ភ្លៀង​ធ្លាក់ និង​ផ្គរ​ពី​មធ្យម​ទៅ​ច្រើន។

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ស្ទឹងត្រែង លោក ប៉ាង ប៉េង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ កក្កដា ថា កន្លង​មក​ការ​ប្រែប្រួល​អាកាស​ធាតុ ដូចជា​ខ្យល់​កន្ទ្រាក់​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្នុង​ឆ្នាំ​២០១៥ មាន​ផ្ទះ​ពលរដ្ឋ​ចំនួន​ជាង ១០​ខ្នង​ត្រូវ​រលំ និង​ប៉ះពាល់​តិចតួច​ចំនួន​ជាង ៤០​ខ្នង ក្នុង​នោះ​ស្រុក​ដែល​ប៉ះពាល់​មាន​ដូចជា ស្រុក​សេសាន ស្រុក​ថាឡាបរិវ៉ាត់ ស្រុក​សៀមប៉ាង និង​ស្រុក​សៀមបូក៖ «ជួន​កាល​វា​ក្តៅ ពេល​ចឹង​ទៅ ជួន​កាល​វា​ត្រជាក់​ក៏​វា​មាន​ការ​ប្រែប្រួល​ខ្យល់​កន្ទ្រាក់​ចឹង​ទៅ»

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​ធ្លាប់​ជួប​ប្រទះ​នូវ​បាតុភូត​ខ្យល់​កន្ទ្រាក់​នេះ លោក ពុធ ឃឿន បារម្ភ​ថា បាតុភូត​ប្រភេទ​នេះ​ជា​លើក​ទី​១ ដែល​អ្នក​ភូមិ​ជួប​ប្រទះ​ក្នុង​ឆ្នាំ​២០១៥។ លោក​ថា អ្នក​ភូមិ​ចាត់​ទុក​បាតុភូត​ខ្យល់​កន្ទ្រាក់ គឺ​ជា​បាតុភូត​ដ៏​សាហាវ​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក ហើយ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ក្នុង​ឃុំ​ស្រែគរ ចំនួន ៣​ខ្នង និង​ប៉ះពាល់​តិចតួច​ចំនួន ៤​ខ្នង កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥៖ «វា​ខ្យល់​វា​ខុស​ពី​ធម្មតា ខ្យល់​តាំង​ពី​ខ្ញុំ​កើត​មក​ដល់​អាយុ ៣៦​ឆ្នាំ ពុំ​ធ្លាប់​ឃើញ​ខ្យល់​អ៊ីចឹង​ទេ»

អ្នក​ជំនាញ​ផ្នែក​អាកាស​ធាតុ​ពន្យល់​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​អាច​បណ្ដាល​មក​ពី​ដំណើរ​ផ្ទៃ​ក្នុង​របស់​ធម្មជាតិ ឬ​កម្លាំង​ជំរុញ​ពី​ខាង​ក្រៅ ឬ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​រយៈពេល​វែង​នៃ​សមាសភាព​បរិយាកាស ឬ​ការ​ប្រើប្រាស់​ដី ដោយសារ​តែ​សកម្មភាព​មនុស្ស។ ជាង​នេះ​ទៅ​ទៀត កត្តា​ធម្មជាតិ​ដូចជា​ការ​ប្រែប្រួល​ថាមពល​ព្រះអាទិត្យ ការ​ប្រែប្រួល​យឺតៗ​នៃ​គន្លង​ផែនដី​ជុំវិញ​ព្រះអាទិត្យ ការ​ប្រែប្រួល​ចរន្ត​ទឹក​សមុទ្រ និង​ការ​ប្រែប្រួល​ចរន្ត​ខ្យល់ ជាដើម។

បន្ថែម​ពី​លើ​នេះ សកម្មភាព​មនុស្ស​ជា​ឧបសគ្គ​ចម្បង​ធ្វើ​ឲ្យ​ប្រែប្រួល​ស្រទាប់​បរិយាកាស​ដូចជា​ការ​ដុត​ឥន្ធនៈ ផូស៊ីល ការ​កាប់​ព្រៃ​ឈើ ការ​ដុត​ព្រៃ​រាន​ដី​ធ្វើ​កសិកម្ម និង​ការ​សាងសង់​ពង្រីក​ទីក្រុង​ជា​ទីលាន​ចាក់​សំរាម ជាដើម។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ព្រួយ​បារម្ភ​ថា ការ​បាត់​បង់​ធនធាន​ព្រៃ​ឈើ​ជា​មូលដ្ឋាន​ចម្បង​ដែល​កម្ពុជា ប្រឈម​នឹង​បាតុភូត​ធម្មជាតិ​ដ៏​អាក្រក់​នៅ​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ស្រប​ពេល​ដែល​សហគមន៍​ឃុំ​ស្រែគរ របស់​លោក​ត្រូវ​រងគ្រោះ​ជា​លើក​ដំបូង​នូវ​បាតុភូត​ខ្យល់​កន្ទ្រាក់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។