យុវជន បណ្ដាញការពារព្រៃឈើនៅតំបន់ព្រៃឡង់ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលលើកឡើងថា ព្រៃឈើ គឺមានសារសំខាន់ដើម្បីជួយទប់ស្កាត់ទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន។ ការយល់ឃើញដូច្នេះ ធ្វើឡើងក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា វ៉ាយ.អ.ឌី.ភី (YRDP) នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា។
សិក្ខាសាលាក្រោមប្រធានបទ «រួមគ្នាដើម្បីភាពធន់ទៅនឹងអាកាសធាតុ» ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់ ក្នុងនោះមានព្រះសង្ឃ ៥អង្គផង គឺធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនបានយល់ដឹងអំពីបម្រែបម្រួលអាកាសធាតុនៅពេលបច្ចុប្បន្ន។ បន្ថែមពីនេះ ស្វែងយល់ពីយន្តការសំខាន់ៗដើម្បីលើកកម្ពស់ភាពធន់ទៅនឹងអាកាសធាតុក្នុងប្រទេសកម្ពុជា និងមើលឲ្យឃើញនូវឱកាសសម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
យុវជនខ្លះលើកឡើងថា ដោយសារការបាត់បង់ព្រៃឈើនៅប្រទេសកម្ពុជា កាន់តែច្រើននៅពេលបច្ចុប្បន្ន ធ្វើឲ្យអាកាសធាតុក្នុងប្រទេសមួយនេះចាប់ផ្ដើមប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ បញ្ហាប្រឈមទាំងនោះរួមមាន រដូវមិនទៀងទាត់ ភាពរាំងស្ងួត ជំនន់ទឹកភ្លៀង បាតុភូតខ្យល់កន្ត្រាក់ ឬខ្យល់ព្យុះ រន្ទះបាញ់ កម្តៅកាន់តែក្តៅខ្លាំង ជាដើម។
និស្សិតមកពីសាកលវិទ្យាល័យវេស្ទើន (Western) ឆ្នាំទី២ ផ្នែកអក្សរសាស្ត្រអង់គ្លេស និងជាគ្រូបង្រៀនមកពីស្រុកបាធាយ លោក អឿន ជី ឲ្យដឹងថា ចាប់តាំងពីព្រៃឈើចាប់ផ្ដើមវិនាសកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា អាកាសធាតុតំបន់ដែលលោករស់នៅចាប់ផ្ដើមប្រែប្រួល និងមានបញ្ហាប្រឈមផ្សេងៗកើតឡើង៖ « កាលពី ដើមឡើយ គ្មានខ្យល់កន្ត្រាក់ ខ្យល់ព្យុះ អីទេ ហើយ ទឹកជំនន់ ក៏គ្មាន ដែរ ប៉ុន្តែ ចាប់ពី មានការ កាប់បំផ្លាញ ព្រៃឈើ បន្តបន្ទាប់ មានការកាប់យករ៉ែនៅតាមភ្នំធ្វើឲ្យនៅស្រុកបាធាយ ខ្ញុំហ្នឹង មានការប្រែប្រួលខ្លាំង »។
យុវជនដដែលព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសនៅពេលលោកបានឃើញព្រៃឈើនៅតាមបណ្ដាខេត្តមួយចំនួន រងការបំផ្លិចបំផ្លាញ។ យ៉ាងនេះក្តី លោកថាសិក្ខាសាលាមួយព្រឹកដែលលោកបានចូលរួម នឹងយកទៅចែករំលែកតាមសហគមន៍ដែលគាត់រស់នៅ ពិសេសពន្យល់ដល់កូនសិស្សឲ្យចេះស្រឡាញ់បរិស្ថាន និងព្រៃឈើ។
ស្រដៀងគ្នានេះ សមាជិកបណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តស្ទឹងត្រែង លោក ជា សុខហឿន មានប្រសាសន៍ថា ដោយសារតែព្រៃឈើមានសារសំខាន់ ទើបពួកលោកចេះតែនាំគ្នាការពាររហូតមក។ លោកអះអាងថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ គឺនៅតែកើតឡើងឥតឈប់ឈរ ជាហេតុធ្វើឲ្យពួកគាត់ចេះតែបារម្ភ ពីព្រោះវាមិនត្រឹមតែប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែការបំផ្លាញព្រៃឈើប្រៀបដូចជាការវាយបំបែកឆ្នាំងបាយរបស់ប្រជាសហគមន៍៖ « ព្រៃឡង់យើងមានអនុផលជាច្រើន តាំងពី ផ្លែឈើ តាំងពី បន្លែ តាំងពី ឱសថបុរាណ តាំងពីជ័រច្បោះអីហ្នឹង គឺ ដើរតួនាទី សំខាន់ក្នុងសេដ្ឋកិច្ចគ្រួសារ »។
កាលពីថ្ងៃទី៩ ឧសភា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការបង្កើតដែនជម្រកសត្វព្រៃតំបន់ព្រៃឡង់ ដែលមានទំហំផ្ទៃដីជាង ៤សែនហិកតារ (៤៣១.៦៨៣ហិកតារ) ស្ថិតនៅភូមិសាស្ត្រខេត្តចំនួន៤ រួមមានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ បើទោះបីជាតំបន់មួយនេះដាក់ជាតំបន់ព្រៃការពារក៏ដោយ ប៉ុន្តែប្រជាសហគមន៍អះអាងថា ការកាប់បំផ្លាញព្រៃឈើនៅតែកើតឡើងឥតឈប់ឈរ។
មន្ត្រីកម្មវិធីទទួលបន្ទុកសហគមន៍ព្រៃឈើអាស៊ាន មកពីអង្គការ អិន.ធី.អែហ្វ.ភី អី.ភី (NTFP-EP) លោក ឆឹង សុវិរីយ៉ា មើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បាតុភូតគ្រោះធម្មជាតិកើតមានគួរឲ្យបារម្ភ។ បន្ថែមពីនេះ លោកថាអ្វីដែលប្រទេសកម្ពុជា នៅមានភាពខ្វះខាត គឺសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុទាំងនោះ។ យ៉ាងនេះក្តី លោកមើលឃើញថា បច្ចុប្បន្ន ទាំងអង្គការក្រៅរដ្ឋាភិបាល និងរាជរដ្ឋាភិបាល កំពុងរួមគ្នាធ្វើការងារនេះដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៖ « អ៊ីចឹងហើយបានជាមានយន្តការថ្មីៗនេះ យើង ឃើញថា ទាំងកម្ពុជា ទាំងថ្នាក់សកល បានព្យាយាមជួយ ទៅលើ ការងារ ទាំងអស់នេះ »។
នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា មានប្រសាសន៍ថា យុវជន ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងយល់ពីបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកការពារធនធានធម្មជាតិនាពេលបច្ចុប្បន្ន៖ « ពាក់ព័ន្ធ ការប្រែប្រួល អាកាសធាតុ ក៏ដូចជាការការពារ ធនធានធម្មជាតិ ។ បើសិនជាផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងការការពារធនធានធម្មជាតិនោះ នឹងធ្វើឲ្យបញ្ហាទាក់ទងធនធានធម្មជាតិត្រូវបានកាត់បន្ថយ »។
លោកអះអាងថា ខាងអង្គការលោកមិនត្រឹមតែរៀបចំសិក្ខាសាលាដើម្បីផ្តល់ឱកាសឲ្យយុវជនបានស្វែងយល់ពីបញ្ហាបម្រែបម្រួលអាកាសធាតុជាទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែនៅពេលខាងមុខ នឹងបញ្ជូនក្រុមយុវជនឲ្យទៅស្នាក់នៅជាមួយពលរដ្ឋតាមសហគមន៍ដែលកំពុងរងផលប៉ះពាល់ដោយសារការបំផ្លិចបំផ្លាញធនធានធម្មជាតិ ពិសេសព្រៃឈើ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមដោយសារការប្រែប្រួលអាកាសធាតុថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។